យុវជន​​យល់​យ៉ាង​ណា ចំពោះ​ការ​សំពះ​ អ្នក​ដែល​មាន​អាយុ​ដំណាល​គ្នា?

  • 2017-06-02 08:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពេល​ជួប​គ្នា ការ​ស្វាគមន៍ និង​ការ​គួរ​សម​​ គឺ​មាន​ការ​ខុសប្លែក​ពី​គ្នា​ទៅ​តាម​វប្បធម៌​របស់​ប្រទេស​នីមួយ។ នៅក្នុង​ប្រទេស​កម្ពុជា​យើង ការ​សំពះ​ គឺជា​ទំនៀមទម្លាប់​មួយ​ដែល​គេ​ប្រើប្រាស់​នៅ​ពេល​ជួប​គ្នា លា​គ្នា ការ​អរគុណ និង​ផ្ដល់​ការ​គោរព​ជាដើម ហើយ​ការ​សំពះ​នេះ​មាន​ក្បួន​ខ្នាត​ច្បាស់លាស់​តាម​ឋានៈ តួនាទី និង​អាយុ​ថែម​ទៀត​ផង។

កញ្ញា ហូយ ស្រី​ណែត​ អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ធនាគារ​បាន​ឲ្យ​ដឹង​ថា កញ្ញា កម្រ​លើក​ដៃ​សំពះ​អ្នក​ដែល​មាន​អាយុ​ដំណាល​គ្នា​ណាស់ ព្រោះ​កញ្ញា​ហាក់​មាន​អារម្មណ៍​ថាដូច​ជា​ឆ្គង ​ដែល​​​សំពះ​អ្នក​ដែល​មាន​វ័យ​ស្របាល​គ្នា។ កញ្ញា​បន្ត​ថា ​​ការ​​សំពះ​ទៅ​កាន់​អ្នក​ដែល​មាន​វ័យ​ស្របាល​គ្នា​​ដូចជា​មិន​សូវ​ចាំ​បាច់​​ទេ ម្យ៉ាង​ទៀត​មិត្តភក្តិ​ខ្ញុំ​ប្រាកដ​ជា​ថា​ឲ្យ​ខ្ញុំ​អី​ក៏​​រម្យទម​ម្ល៉េះ។

សម្រាប់​យុវជន​ ណារិទ្ធ ​អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​ទី​ផ្សារ​​ បាន​លើក​ឡើង​ថា ​​​ការ​សំពះ​​ជាការ​ឲ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅមក ព្រម​ទាំង​ជា​សីលធម៌​ល្អ​ផង​ដែរ។ ប៉ុន្តែ​ខ្ញុំ​កម្រ​លើក​ដៃ​សំពះ​អ្នក​ដែល​មាន​អាយុ​ដំណាល​​គ្នា​ណាស់ បើ​ធ្វើ​បែប​នេះ​នឹង​​​មាន​មិត្តភ័ក្ដិ​​​​មួយ​ចំនួន​ ​ដែល​មាន​អាយុ​ស្របាល​គ្នា​​និយាយ​​ថា អី​ក៏​​សុភាព​​ម្លេះ​ ​(និយាយ​ក្នុង​ន័យ​លេងសើច)។ ​

ចំណែក​យុវជន សុខ ជីវ័ន្ន​ អាយុ២៦ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ព័ត៌មាន​វិទ្យា បាន​និយាយ​ថា ចំ​ពោះ​យុវវ័យ​​សម័យ​នេះ​ បើ​​ប្រុស​​ច្រើន​ចាប់ដៃ​គ្នា ហើយ​​​​ចំណែក​នារី​ច្រើន​អោប​គ្នា ​ច្រើន​ជាង​សំពះ​​ក៏ដោយ​ចុះ តែ​ពួក​គេ​គួរ​សំពះ​គ្នា​សិន មុន​នឹង​ចាប់​ដៃ ឫ អោប​គ្នា​ ព្រោះ​ការ​សំពះ​នឹង​រក្សា​បាន​នូវ​ទំនៀមទម្លាប់​ឲ្យ​បាន​គង់​វង្ស​​ជា​ការ​ល្អ​ប្រពៃ​ណាស់ ព្រម​ទាំង​ជា​តួនាទី​របស់​យើង​ក្នុង​នាម​ជា​កូន​ខ្មែរ​​ផងដែរ។

តាម​ការ​សង្កេត​​ភាគ​ច្រើន​គឺ​យុវជន​លើក​ដៃ​សំពះ​ជម្រាប​សួរ​ចំពោះ​តែ​ចាស់ទុំ ដោយ​មិន​បាន​សំពះ​ជន​ដែល​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដែល​នេះ​អាច​នឹង​មាន​ផល​អវិជ្ជមាន​ខ្លះៗ ដែល​នឹង​នាំឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ ហើយ​ពេល​ខ្លះ​​យុវជន​យើង​មួយ​ចំនួន​អាច​ភ្លេចភ្លាំង​នូវ​ទំនៀមទម្លាប់​រហូត​ដល់​ការ​សំពះ​ចំពោះ​មនុស្ស​ចាស់​ក៏​ថា​បាន​។

គួរ​បញ្ជាក់​ថា ការ​សំពះ​ត្រឹមត្រូវ​មាន​ ៥​សណ្ឋាន​គឺ ចំពោះ​មិត្តភ័ក្ដិ យើង​ត្រូវ​ដាក់​ដៃ​នៅ​ត្រឹម​ដើមទ្រូង ចំពោះ​អ្នក​មាន​ឋានៈ ឬ​អាយុ​ច្រើន​ជាង និង​ការ​សុំទោស ត្រូវ​ដាក់​ដៃ​ត្រឹម​មាត់ ចំពោះ​មាតាបិតា ជីដូនជីតា ឬ​គ្រូ​បាធ្យាយ ត្រូវ​ដាក់​ដៃ​ត្រឹម​ច្រមុះ ចំពោះ ព្រះសង្ឃ វត្ថុ​ស័ក្ដិសិទ្ធិ​ជា​ទី​សក្ការ និង​ព្រះមហាក្សត្រ ត្រូវ​ប្រណម្យ​​ត្រឹម​ចិញ្ចើម​ហើយ​ពេល​គោរព​បូជា​ដ៏​ជ្រាលជ្រៅ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ នៃ​យើង​ត្រូវ​ប្រណម្យ​ដៃ​ទាំង​ទ្វេ​លើ​ថ្ងាស៕

អត្ថបទ៖ ហេង នាង (CCJ)

អត្ថបទថ្មី