អ៊ីវ៉ា បញ្ចេញ​បទ​ចម្រៀង និយាយ​​រឿង​ពិត​​ពី​ខ្លួនឯង និង​លោកឪពុក

  • 2017-06-18 08:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា បាន​បញ្ចេញ​បទ​ចម្រៀង​ស្នាដៃ​របស់​ខ្លួន​នាង​ផ្ទាល់ ដែល​តាម​សាមី​ខ្លួន គឺ​បាន​ប្រាប់​ថា បទ​ចម្រៀង​នោះ គឺ​ជា​សាច់​រឿង​ពិត​របស់​នាង និង​លោក​​ឪពុក​តែ​ម្ដង មាន​​ចំណង​ជើង​ថា "ភ្លេច​ស្រឡាញ់​ប៉ា"។

“ភ្លេច​ស្រឡាញ់​ប៉ា" អ៊ីវ៉ា ប្រាប់​នាង នាង​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង​តែ​ម្ដង​ដោយ​ដក​ស្រង់​ចេញ​អារម្មណ៍​ពិត​របស់​ខ្លួន​ឯង​តែ​ម្ដង។ ចំពោះ​គោល​បំណង​នៃ​ការ​និពន្ធ​បទ​នេះ​ឡើង នាង​ប្រាប់​​ថា មួយ​ផ្នែក​ដើម្បី​អបអរ​ថ្ងៃ​បុណ្យ​ឪពុក​នា​ថ្ងៃ​នេះ និង​មួយ​ផ្នែក​ទៀត គឺ​ជា​ដាស់​ចិត្ត​ខ្លួន​ឯង​ដែល​ជា​រឿយៗ​គិត​ខុស​ចំពោះ​អ្នក​មាន​គុណ​រូប​នេះ ដូច​មាន​បង្ហាញ​ក្នុង​បទ​ចម្រៀង​តែ​ម្ដង។

តារា​ចម្រៀង​ស្រី​មក​ពី​ខេត្ត​កំពង់​ស្ពឺ ប្រាប់​ថា ក្នុង​នាម​ជា​កូន​ស្រី គឺ​មាន​ភាព​​ជិត​ស្និទ្ធ​ជាមួយ​ម្ដាយ​ជាង។ ដូច្នេះ​ហើយ តាំង​ពី​ម្ដាយ​របស់​នាង បាន​ស្លាប់​ប្រមាណ​៣​ឆ្នាំ​មក​ហើយ​នោះ គឺ​នាង​តែង​ស្រែក​ហៅ​រក​ម្ដាយ​ក្នុង​ចិត្ត ដោយ​ភ្លេច​ពី​ឪពុក​ដែល​នៅ​មើល​ថែ​ផ្ដល់​ភាព​កក់​ក្ដៅ​រាល់​ថ្ងៃ។

"ប៉ា​គាត់​តែង​ស្ដី​​ប្រដៅ​ថា កុំ​ឲ្យ​ចាយ​ច្រើន កុំ​ដើរ​លេង​ច្រើន​ពេក​ជា​ដើម ព្រោះ​ខ្លាច​គេ​និយាយ​ថា ពេល​អត់​មាន​ម៉ាក់​ចេះ​តែ​បណ្ដោយ​ឲ្យ​កូន​ដើរ​តាម​ចិត្ត​អីចឹង​ណាស់ ហើយ​ពេល​ខ្លះ​យើង​ហត់​ដែរ ដល់​អីចឹង​តាំង​មាន​អារម្មណ៍​ថា​ខឹង​គាត់ និង​គិត​ថា​គាត់​លែង​ស្រឡាញ់​យើង ហើយ​ស្រែក​រក​ម៉ាក់​អីចឹង​ណា​បង”។

បទ "ភ្លេច​ស្រឡាញ់​ប៉ា" គឺ​ទើប​ចេញ​ជា​វីដេអូ Teaser នៅ​ឡើយ ដោយ​គ្រោង​ចេញ​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ​នៅ​រង្វង់​ជិត​២​សប្ដាហ៍​ទៀត។ បទ​នេះ គឺ​ជា​បទ​១ ក្នុង​៤​បទ​ដែល អ៊ីវ៉ា បាន​និពន្ធ​ទំនុក​ចម្រៀង​ដោយ​ឯង ដែល​មាន​ក្នុង Solo Album លើក​ទី​១​របស់​នាង ដែល​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

ទាំង​បទ​ដែល​និយាយ​ពី​លោក​ឪពុក​ខាង​លើ រួម​នឹង​បទ​ផ្សេង​ទៀត​ដែល​ត្រៀម​ចេញ​ខាង​មុខ​នេះ សាមី​ខ្លួន មិន​ហ៊ាន​អះអាង​ថា នឹង​ជោគជ័យ ឬ​ក៏​យ៉ាង​ណា​ទេ ប៉ុន្តែ​នាង​ថា មាន​អារម្មណ៍​ល្អ​សម្រាប់​នាង​ផ្ទាល់។ ម្យ៉ាង​បទ​នេះ គ្រាន់​តែ​ចេញ Teaser ឃើញ​ថា​មាន​ការ​គាំទ្រ​ខ្លាំង​គួរ​សម​ដែរ៕

* "First Crush" រឿង​ខ្លី​រំជួល​ចិត្ត

[*បុរស​ម្នាក់​នេះ​សំខាន់​ពេល​ណា?] (http://news.sabay.com.kh/article/943183#utm_campaign=onpage)

*ព័ត៌មាន​ផ្សេង​ទៀត​ពី អ៊ីវ៉ា

អត្ថបទ៖ ស៊ុនហួត