សូមណែនាំ​ឲ្យ​ស្គាល់​ប្រភេទ​ទូរទស្សន៍ ដែល​អ្នក​គួរ​ទិញ​​មក​ប្រើ​នៅ​ផ្ទះ

  • 2017-07-12 03:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ប្រហែល​ដឹង​ហើយ​ថា​ទូរទស្សន៍​ក្លាយ​ជា​គ្រឿង​អេឡិចត្រូនិក​ ​ដែល​តាម​ផ្ទះ​មិន​អាច​ខ្វះ​បាន​ ​ហើយ​ពេល​ខ្លះ​ ​វា​ជា​កត្តា​បង្កើន​ភាព​រីក​រាយ​ដល់​អ្នក​ប្រើប្រាស់។ ប៉ុន្តែ​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​មិន​ទាន់​ដឹង​ទេ​ថា​ទូរទស្សន៍​មាន​បែងចែក​ជា​ប៉ុន្មាន​ប្រភេទ?

ទូរទស្សន៍​មាន​បែង​ចែក​ជា​ ​៧​ ​ប្រភេទ​ធំ​ៗ​ ​ដែល​មាន​ដូច​ជា​ ​CRT, Plasma, LCD, LED, OLED, UHD​ ​និង​ ​SUHD។

CRT​ ​មាន​ពាក្យ​ពេញ​ថា​ ​Cathode Ray Tube​ ​ដែល​ជា​ប្រភេទ​មាន​អេក្រង់​កែវ​យ៉ាង​ក្រាស់​ ​ទម្ងន់​ធ្ងន់​ ​ស៊ី​ថាមពល​ខ្លាំង​ ​និង​ជះ​ពន្លឺ​ពី​ក្រោយ​មក​មុខ​ត្រង់​ចេញ​មក​ក្រៅ​ដែល​មើល​យូរ​មាន​ផលិត​ប៉ះពាល់​ខ្លាំង​ដល់​ភ្នែក​ ​ហើយ​មាន​វត្តមាន​ចន្លោះ​ទសវត្ស​ទី​ ​៦០​ ​ដល់​ទី​ ​២០។

រូបតំណាងប្រភេទ CRT
រូបតំណាងប្រភេទ CRT ខាងក្នុង

LCD​ ​មាន​ពាក្យ​ពេញ​ថា​ ​Liquid Crystal Display​ ​ដែល​ជា​ប្រភេទ​អេក្រង់​ជ័រ​ ​ទម្ងន់​ស្រាល​ ​ស៊ី​ថាមពល​មធ្យម​ ​ហើយ​មិន​ជះ​ពន្លឺ​ត្រង់​មក​ក្រៅ​ ​ដែល​អ្នក​ប្រើ​មិន​ងាយ​មាន​បញ្ហា​ភ្នែក។

រូបតំណាង LCD

LED​ ​មាន​ពាក្យ​ពេញ​ថា​ ​Light Emitting Diodes​ ​ដែល​ជា​បច្ចេកវិទ្យា​អំពូល​តូច​ៗ​ជា​ច្រើន​គ្រាប់​ផ្គុំ​ចូល​គ្នា​ដើម្បី​បញ្ចេញ​រូបភាព​ ​ហើយ​ទូរទស្សន៍​ប្រភេទ​នេះ​ស៊ី​ថាមពល​តិច​ ​និង​មាន​ទម្ងន់ ​ស្រាល។

PLASMA​ ​ជា​ប្រភេទ​អេក្រង់​កញ្ចក់​កែវ​ពីរ​ជាន់​ ​ដែល​បញ្ចេញ​រូបភាព​មាន​កម្រិត​ពណ៌​ច្បាស់​ខ្លាំង​ជាង​ទូរទស្សន៍​ប្រភេទ​ ​LCD​ ​និង​ ​LED​ ​តែ​មាន​ទម្ងន់​ធ្ងន់​ ​ហើយ​ស៊ី​ថាមពល​លើស​ប្រភេទ​ ​LCD​ ​និង​ ​LED។

OLED​ ​មាន​ពាក្យ​ពេញ​ថា​ ​Organic Light Emitting Diode​ ​ដែល​ជា​ទូរទស្សន៍​អេក្រង់​បញ្ចេញ​រូប​ដោយ​បច្ចេកវិទ្យា​កាបូន​ ​បង្កើត​ជា​ផ្ទាំង​ពន្លឺ​តូច​ៗ​ជា​ច្រើន​ជាប់​ៗ​គ្នា​ ​ដែល​ធ្វើ​ឲ្យ​ទូរទស្សន៍​ប្រភេទ​នេះ​មាន​កម្រិត​ពណ៌​ច្បាស់​ ​ហើយ​ទោះ​មើល​ជិត​ក៏​មិន​បែក​ពណ៌​នោះ​ទេ​ ​ហើយ​កាន់​តែ​ពិសេស​ ​គឺ​មាន​កម្រាស់​ស្ដើង​ ​និង​ស៊ី​ថាមពល​តិច។

UHD​ ​មក​ពី​ពាក្យ​ ​Ultra High Definition​ ​ដែល​ទូរទស្សន៍​ប្រភេទ​នេះ​អាច​បង្ហាញ​រូបភាព​ដល់​កម្រិត​ ​4K​ ​ដែល​សឹង​តែ​ច្បាស់​ជាង​អ្វី​ដែល​ភ្នែក​មនុស្ស​មើល​ឃើញ​ផ្ទាល់​ផង​ដែរ​ ​ហើយ​ទូរទស្សន៍​ប្រភេទ​នេះ​មាន​ផលិត​តែ​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ​ព្រោះ​វា​មាន​តម្លៃ​មិន​ក្រោម​ ​៨០០​ ​ដុល្លារ​នោះ​ទេ។

SUHD​ ​មាន​ន័យ​ថា​ ​Super Ultra High Definition​ ​ដែល​ជា​បច្ចេកវិទ្យា​អេក្រង់​ច្បាស់​បំផុត​សម្រាប់​ពេល​បច្ចុប្បន្ន​ ​ហើយ​ជា​ទូទៅ​ទូរទស្សន៍​ប្រភេទ​នេះ​មាន​តម្លៃ​ចន្លោះ​ពី​ ​១ ៤០០​ ​ដុល្លារ​ ​ដល់​ ​២​ ​ម៉ឺន​ដុល្លារ​ ​ដោយ​អាស្រ័យ​លើ​ទំហំ​អេក្រង់​របស់​ពួក​វា៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Cnet | ebuyer   ប្រែ​សម្រួល៖ រដ្ឋ