សង្វៀន​ថ្មី​មួយ​ទៀត​របស់​ CNC​ ដាក់​គូ​អន្តរជាតិ​រាល់​សប្ដាហ៍

  • 2017-07-16 08:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​ថ្មី​មួយ​ទៀត​របស់​ទូរទស្សន៍​ CNC​ បាន​ប្រកាស​បើក​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែ​កក្កដា​ ឆ្នាំ​២០១៧​នេះ​ហើយ​ សម្រាប់​ការ​ប្រកួត​រៀងរាល់​សប្ដាហ៍​នឹង​មាន​គូ​មិត្តភាព​អន្តរជាតិ​ជា​ប្រចាំ។​

សន្និសីទ​សារព័ត៌មាន

លោក​ ហួរ​ រតនៈ​ ​តំណាង​ឲ្យ​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​ CNC​ លើក​ឡើង​ថា​ សម្រាប់​កម្មវិធី​ប្រដាល់​ "កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ ISI PALM”​ ជា​កម្មវិធី​ថ្មី​មួយ​ទៀត​របស់​ CNC​ ហើយ​កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត។​ តាម​រយៈ​កម្មវិធី​ប្រដាល់​នេះ​ដែរ​ ក៏​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់កីឡាករ​បាន​មួយ​កម្រិត​ទៀត​ និង​ពិសេស​ទៀត​នោះ​ អាច​ជួយ​យុវជន​ឲ្យ​ងាក​មក​លេង​កីឡា​ដើម្បី​សុខភាព​ និង​អាច​ជៀស​ផុត​ពី​អំពើ​អបាយមុខ ​ដូច​ជា​សេព​គ្រឿន​ញៀន​ជា​ដើម។​

សន្និសីទ​សារព័ត៌មាន

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ក៏​បាន​ឲ្យ​ដឹង​ក្នុង​ឱកាស​នោះ​ដែរ​ថា​ ចំពោះ​សង្វៀន​ថ្មី​របស់​ CNC​នេះ​ ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ដែល​មានគូ​អន្តរជាតិ​រាល់​សប្ដាហ៍​ ហើយ​ជា​សង្វៀន​ដែល​ទស្សនិកជន​គ្រប់​រូប​ចង់​ទស្សនា។​ ដូច​នេះ​លោក​ក៏​ស្នើ​ដល់​អនុ​គណៈកម្មាធិការ​ផ្គូផ្គង​ឲ្យ​ធ្វើ​ការ​ដោយ​ប្រុងប្រយ័ត្ន​​រាល់​ពេល​ផ្គូផ្គង​កីឡាករ​ ដូច​ជា​ទម្ងន់​ កម្ពស់​ និង​សមត្ថភាព​ប្រកួត​ ឲ្យ​បាន​ប្រហាក់​ប្រហែល​គ្នា​ទើប​ប្រកួត​ទៅ​ល្អ​មើល។​ ចំពោះ​ខាង​ផ្នែក​គណៈកម្មាធិការ​ពិនិត្យ​សុខភាព​ក៏​ដូច​គ្នា​ដែរ​ គឺ​ត្រូវ​ពិនិត្យ​សុខភាព​កីឡាករ​ ទាំង​កម្ពុជា​ និង​កីឡាករ​អន្តរជាតិ​ ឲ្យ​បាន​ល្អ​ថា​ពិត​ជា​មាន​សុខភាព​ល្អ​អាច​ឡើង​ប្រកួត​បាន​។ ​ពេល​ចប់​ពី​ប្រកួត​ ពិត​ជា​មាន​សុខភាព​ល្អ​ រី​ឯ​គណៈកម្មាធិការ​ចៅក្រម​ឲ្យ​ពិន្ទុ​និង​ការ​កាត់​សេចក្ដី​ ក៏​ត្រូវ​យុត្តិធម៌​មិន​លំអៀង​ទៅ​ខាង​ណា​ ឬ​ប្រកាន់​បក្សពួក​នោះ​ទេ​ ទើប​កម្មវិធី​នេះ​ដំណើរ​ការ​យ៉ាង​រលូន​និង​ល្អ​ទៅ​បាន។​

កីឡាករ ពៅ​ សក្តិសិទ​ ក្រហម

នេះ​ជា​កម្មវិធី​ប្រដាល់​​នេះ​ធ្វើ​ឡើង​រាល់ថ្ងៃ​អាទិត្យ​ ចាប់​ពិ​ម៉ោង​ ១១ព្រឹក​ ហើយ​នេះ​ជា​សង្វៀន​ទី៣​ហើយ​សម្រាប់​សង្វៀន​ទូរទស្សន៍​ CNC​ ខណៈ​ពីរ​សង្វៀន​ទៀត​នោះ​គឺ​រសៀល​ថ្ងៃ​សៅរ៍​ និង​ រសៀល​ថ្ងៃ​អាទិត្យ។​ គូ​អន្តរជាតិ​បើក​ឆាក​នា​ព្រឹក​មិញ​នេះ​មាន​កីឡាករ​ ពៅ​ សក្តិសិទ​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ និង​​ អ៊ុំ​ ចំរើន​ ត្រូវ​អាជ្ញា​កណ្ដាល​បញ្ឈប់​នៅ​ទឹក​ទី៣​ ដោយ​មិន​អាច​ប្រកួត​ត​ទៀត​បាន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី