សរសៃ​​ពួ​ជា​សះស្បើយ​​តែ ហុង ផេង ​មិន​​​ទាន់​សង្ឃឹម​ចូល​ទីលាន​​វិញ​ព្រោះ...

  • 2017-07-27 02:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ការពារ​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា និង​ជា​ខ្សែ​ការពារ​របស់​ក្លឹប​បឹង​កេត​អង្គរ ហុង ផេង នៅ​តែ​មិន​ទាន់​មាន​​សង្ឃឹម​បាន​វិល​ចូល​ទីលាន​វិញ​​ ទោះ​របួស​សរសៃ​ពូ​ជង្គង់​បាន​ធូរស្រាល​ច្រើន​តែ​នៅ​មាន​បញ្ហា​ខ្វះ​ខ្លាញ់​ជង្គង់។

ហុង ផេង (លេខ២៥)

​ឆ្លើយ​ជា​មួយ Sabay ផ្ទាល់ ហុង ផេង បាន​ឲ្យ​ដឹង​ថា របួស​សរសៃ​ពូ​​បាន​ធូរស្រាល​ច្រើន​ ប៉ុន្តែ​នៅ​​​មាន​​បញ្ហា​ខ្វះ​ខ្លាញ់​ជង្គង់ ដែល​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​នៅ​ដើម​ខែ​ក្រោយ​នេះ​ម្ដង​ទៀត។ ​គ្រូ​ពេទ្យ​បាន​ប្រាប់​ដល់​រូប​​គេ​ថា របួស​ខ្វះ​ខ្លាញ់​ជង្គង់​នេះ​​អាច​សម្រាក​រហូត​ ៣​ខែ​ទើប​បាន​ប្រសើរ​ឡើង​វិញ​ ​ព្រម​ជា​មួយ​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​ចាក់​ខ្លាញ់​ជង្គង់​​បន្ថែម​ឡើង​វិញ។

​ខ្សែ​ការពារ​រូប​នេះ​បន្ថែម​ថា ​បច្ចុប្បន្ន​មិន​ទាន់​ហាត់​ខ្លាំង​បាន​ឡើយ ​បើ​​ទោះ​របួស​សរសៃ​ពូ​គ្មាន​ការ​ឈឺចាប់​​ឬ​ហើម​យ៉ាង​ណា​ក៏​ដោយ។ គ្រូ​ពេទ្យ​បញ្ជក់​ប្រាប់​​ ផេង យ៉ាង​ច្បាស់​ថា ត្រូវ​ហ្វឹកហាត់​សន្សឹម​ៗ រហូត​ខ្លាញ់​ជង្គង់​មាន​គ្រប់​វិញ និង​ឆ្អឹង​ខ្ចី​ជាសះស្បើយ​ ១០០% ដែល​អាច​មាន​រយៈ​ពេល​យូរ​ទៀត។

ថ្ងៃ​សៅរ៍ ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៧ នេះ​បឹង​កេត​ នឹង​ប៉ះ​ក្រុម ណាហ្គាវើលក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៤ ។ ​សម្រាប់​​​ ហុង ផេង​ បាន​រង​របួស​សរសៃ​ពូ​ជង្គង់​តាំង​ពី​ដើម​​ខែ​សីហា ឆ្នាំ​២០១៦មក​ម្ល៉េះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​