iPhone ចេញ​ឆ្នាំ​​នេះ​ នឹង​មាន​តែ​ ៣ ពណ៌​គត់​

  • 2017-08-09 02:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ស៊េរី​ថ្មី​របស់​ Apple ដែល​នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​ខាង​មុខ​នេះ​រួម​មាន​ iPhone 7s, 7s Plus និង iPhone 8 នឹង​មាន​ជម្រើស​ពណ៌​តែ​បី​គត់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក​ Ming-Chi Kuo។

កន្លង​មក​លោក​ Kuo ធ្លាប់​បាន​លើក​ឡើង​ថា​ iPhone 8 នឹង​មាន​ជម្រើស​ពណ៌​តិច​បំផុត​ ដោយ​មិន​បាន​និយាយ​ពី​ iPhone 7s និង 7s Plus ឡើយ។ ប៉ុន្តែ​លើក​នេះ​សរុប​ចូល​គ្នា​តែ​ម្ដង​ ដោយ​ជម្រើស​ពណ៌​ទាំង​បី​រួម​មាន​ពណ៌​មាស, ពណ៌​ខ្មៅ និង ពណ៌​ប្រាក់។ ជម្រើស​ពណ៌​បី​នេះ​ស៊ី​គ្នា​នឹង​រូបរាង​លេច​ធ្លាយ​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​ ប៉ុន្តែ​ពណ៌​មួយ​ក្នុង​ចំណោម​រូប​លេច​ធ្លាយ​នោះ​មើល​ទៅ​ដូច​ជា​ពណ៌​ទង់ដែង​ច្រើន​ជាង​ពណ៌​មាស។

ប្រសិន​បើ​ Apple ពិត​ជា​បង្ហាញ​ចេញ​ iPhone ស៊េរី​ថ្មី​ជា​មួយ​ជម្រើស​ពណ៌​ត្រឹម​ ៣ មែន​ នោះ​នឹង​លែង​មាន​ជម្រើស​ពណ៌​ផ្កាឈូក ឬ ជម្រើស​ពណ៌​ខ្មៅ​ប្រភេទ​ខុសៗ​គ្នា​ដូច​ដែល​មាន​លើ iPhone 7 ​ទៀត​ហើយ។

iPhone 7 Plus ពណ៌​ផ្កាឈូក

អ្នក​វិភាគ​ខាង​លើ​ក៏​បាន​បង្ហាញ​ការ​រំពឹង​ថា Apple នឹង​ចាប់​ផ្ដើម​ផលិត​សាក​ល្បង​នូវ​ iPhone 8 នា​ចុង​ខែ​សីហា ហើយ​នឹង​ផលិត​ទ្រង់ទ្រាយ​ធំ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា លឿន​ជាង​ការ​ប៉ាន់​ស្មាន​កន្លង​មក​ដែល​ថា​ការ​ផលិត​ទ្រង់ទ្រាយ​ធំ​នឹង​ធ្វើ​ឡើង​ពាក់​កណ្ដាល​ខែ​តុលា​ឯណោះ។ ការ​ផលិត​​ក្នុង​ពេល​លឿន​ជាង​បែប​នេះ​​នាំ​ឲ្យ​លោក Kuo រំពឹង​ថា​ Apple នឹង​ប្រកាស​ iPhone ស៊េរី​ថ្មី​ទាំង​បី​ក្នុង​ពេល​ជា​មួយ​គ្នា​នា​ខែ​កញ្ញា​ ហើយ​នឹង​ចេញ​លក់​ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ៕​​

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម