ស្រឡាញ់​គ្នា​ហេតុអ្វី​ទុក​ជា​អាថ៌កំបាំង?

  • 2017-08-14 02:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​វ័យ ១៨​ឆ្នាំ មាន​បុរស​ម្នាក់​ចាប់​ផ្ដើម​ចូល​មក​ជីវិត​ខ្ញុំ ក្នុង​នាម​ជា​សង្សារ​តែ​ជា​ការ​លាក់​បាំង តាំង​ពី​ឆ្នាំ ២០១៤ រហូត​មក​ដល់​ឆ្នាំ​ ២០១៧​នេះ​ មិន​មែន​ជា​រយៈពេល​ខ្លី​ទេ ហើយ​ម្នាក់​ៗ​ក៏​ចាស់​ទុំ​គ្រប់​គ្រាន់ ចំណែក​ការងារ​ក៏​មាន​ធ្វើ​រៀង​ខ្លួន​ តែ​ហេតុ​អ្វី​គេ​នៅ​តែ​ទាមទារ​ការ​លាក់បាំង​ទៀត? ពាក្យ​ស្រឡាញ់​គេ​និយាយ​រាល់​ថ្ងៃ តែ​កាយ​វិការ ទង្វើ​គេ​ធ្វើ​ឱ្យ​ខ្ញុំ​ភ័ន្ត​ភាំង​វង្វេង​វង្វាន់​អស់​ហើយ ថា​តើ​គេ​ស្រឡាញ់​ខ្ញុំ​មែន​អត់?

រូបតំណាង

ខ្ញុំ​មក​និយាយ​ទី​នេះ មិន​មែន​មាន​ន័យ​ថា​ពួក​យើង​បែក​គ្នា​ទេ តែ​ខ្ញុំ​ចង់​បាន​យោបល់​ពី​អ្នក​អាន​ទាំង​ឡាយ ខ្ញុំ​ពិត​ជា​ខ្វាយខ្វល់​ក្នុង​ចិត្ត​ណាស់។ ស្នេហា​មួយ​អាច​និយាយ​ថា កើត​ឡើង​ពី​ខ្ញុំ​ដែរ​ព្រោះ​ខ្ញុំ​ជា​អ្នក​សារភាព​ប្រាប់​គេ​មុន​ថា​ ខ្ញុំ​ស្រឡាញ់​គេ​ ទោះ​ខ្លួន​ជា​មនុស្ស​ស្រី តែ​សុខ​ចិត្ត​កាត់​ភាព​អៀន​ខ្មាស​ទៅ​ប្រាប់​គេ ព្រោះ​ទ្រាំ​លួច​ស្រឡាញ់​គេ​មិន​បាន។ តែ​បុរស​ម្នាក់​ពូកែ​លេង​សម្ដី រូប​មិន​សូវ​សង្ហារ​នោះ​ប្រាប់​ថា​ស្រឡាញ់​ខ្ញុំ​ដែរ ហើយ​ចំ​មនុស្ស​ដូច​ខ្ញុំ​មិន​សូវ​ចេះ​លាក់​អារម្មណ៍​ដែរ យើង​ក៏​ក្លាយ​ជា​សង្សារ​នឹង​គ្នា​តាំង​ពី​ពេល​នោះ​មក។

និយាយ​ពី​ថា​ក្រោយ​ធ្វើ​ជា​សង្សារ​គ្នា ឆាត​ជា​មួយ​គ្នា​ដាច់​យប់ ខល​រក​គ្នា​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ដាក់​គ្នា ​ដូច​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់​ចឹង តែ​ពេល​ជួប​មុខ​គ្នា​ធ្វើ​ដូច​ធម្មតា ដូច​អ្នក​ដទៃ និយាយ​ទៅ​ផ្អែម​តែ​តាម​ឆាត​ តែ​តាម​ហ្វេសប៊ុក​។ ពី​ដំបូង​​ខ្ញុំ​គិត​ថា គាត់​ប្រហែល​ជា​ចង់​លាក់បាំង​ក្នុង​រយៈពេល​ខ្លី តែ​នេះ​ឡើង​រាប់​ឆ្នាំ ក្នុង​ហ្វេស​ប៊ុក​មិន​ដែល​​បង្ហោះ​ជាមួយ​គ្នា​សូម្បី​ម្ដង Status ផ្អែម​ៗ​ដូច​សង្សារ​គេ​អ្នក​ដទៃ​ក៏​មិន​ដែល ប្រាប់​មិត្ត​ភក្ដិ​គាត់​ថា​ខ្ញុំ​ជា​សង្សារ​គាត់​ក៏​មិន​ដែល បណ្ដើរ​ខ្ញុំ​ក្នុង​កម្មវិធី​ជប់​លៀង​អី​ក៏​មិន​ដែល។

ហឹមមម... ខ្ញុំ​ពិត​ជា​មិន​យល់​ទេ គ្រប់​ពេល​តែង​និយាយ​ថា​ស្រឡាញ់​ខ្ញុំ តែ​ពេល​នៅ​ជាមួយ​គ្នា​តែ​ពីរ​នាក់ សូម្បី​តែ​ដៃ​ខ្ញុំ​ក៏​មិន​ហ៊ាន​ចាប់​ផង ស្រឡាញ់​តែ​ដូច​អត់​ស្រឡាញ់ ពាក្យ​​ស្រឡាញ់​មាន​តែ​តាម​ឆាត តែ​នៅ​ចំពោះ​មុខ​មិន​ដែល​និយាយ​ម្ដង​ណា​សោះ។ ខ្ញុំ​ពិត​ជា​ហត់​នឿយ​ណាស់ មាន​សង្សារ​ដូច​អត់​សង្សារ មាន​សង្សារ​តែ​នៅ​តែ​មាន​អារម្មណ៍​ថា​ឯកា សឹង​តែ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា ចុម​ចុះ​បើ​ខាង​ប្រុស​គេ​ធម្មតាៗ​សោះ ចុះ​យើង​ជា​ស្រី​អី​ក៏​ទៅ​តាម​ហួង​ហែង​គេ​ម្ល៉េះ?

មិត្ត​ភក្ដិ​ខ្ញុំ​ខ្លះ​សួរ​ថា តិច​សង្សារ​ឯង​ចេក​ទៅ? ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ភ្ញាក់​ព្រើត​តិច​ចឹង​មែន​ទៅ? តែ​បើ​តាម​ការ​សម្គាល់​ដូច​មិន​មែន​ចេក​ទេ គាត់​ជា​មនុស្ស​ប្រុស​រឹង​មាំ ចំណែក​ Freind ក្នុង​ហ្វេស​ប៊ុក​គាត់​សុទ្ធ​តែ​ជា​មនុស្ស​ស្រី​ទេ ហើយ​ល្បី​ថា​កាល​គាត់​រៀន​នៅ​វិទ្យាល័យ​ពូកែ​ញ៉ែ​ស្រី​សឹង​អី រឿង​អី​គាត់​ជា​ចេក។ បើ​ដឹង​ថា​គាត់​មិន​សូវ​អើពើ​ជាមួយ​ខ្ញុំ​ ព្រោះ​គាត់​មាន​ប្រុស​នោះ ខ្ញុំ​មិន​ទុក​យូរ​ទេ សុំ​បែក​ភ្លាម​តែ​ម្ដង។ តែ​នេះ​គាត់​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្ញុំ​សឹង​អី គ្រាន់​តែ​ព្យាយាម​លាក់លៀម ធ្វើ​ដូច​ខ្លាច​គេ​ដឹង​ទៅ​ផ្ទុះ​សង្គ្រាម​ចឹង អ្នក​ដែល​ស្រឡាញ់​គ្នា​ដំណាល​ខ្ញុំ ខ្លះ​គេ​រៀបការ​អស់​ហើយ ចំណែក​ពួក​ខ្ញុំ​សូម្បី​បង្ហោះ​រូប​ជាមួយ​គ្នា​មិន​ទាំង​ហ៊ាន​ផង។

ជា​ចុង​ក្រោយ​ចង់​សួរ​ថា តើ​ស្នេហា​ទុក​ជា​អាថ៌កំបាំង​នេះ ជា​ស្នេហា​ក្លែងក្លាយ​យ៉ាង​ណា? តើ​អាច​មាន​មូលហេតុ​អ្វី​សំខាន់​បាន​ជា​ចាំបាច់​លាក់បាំង ហើយ​ចុះ​បើ​ស្រលាញ់​គ្នា​ជិត ៥​ឆ្នាំ​ហើយ​តែ​លាក់បាំង ចុះ​បើ​បង្ហាញ​វា​ខុស​ធ្ងន់ធ្ងរ​ណាស់​ទៅ​ឬ?

ប្រសិនបើមានរឿងរ៉ាវចង់ចែករំលែកសូមទាក់មកកាន់ក្រុមការងារសប្បាយតាមរយៈលេខ ០១៥​ ៨២​ ៨៥ ៩៥ ឫ thor.chanreth@Sabay.com សូមអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ដើម្បីដឹងពីរបៀបសរសេរផ្សេងៗគ្នា!

អត្ថបទ៖ បូបាច់

អត្ថបទថ្មី