ការ​នាំផ្លែស្វាយកែវរមៀតកម្ពុជា​ចេញ​ទៅ​ក្រៅ​ប្រ​ទេស​ កំពុង​ជួបរបាំង​ពីរ

  • 2017-08-17 10:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើការ​លើ​ការ​នាំចេញ​ផលិត​ផល​ផ្លែ​ឈើ​ខ្មែរ​អះអាងថា​ការ​នាំ​ស្វាយ​កែវរមៀត​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រ​ទេស​នៅ​មានកម្រិត ដោយ​ថា​អ្នកនាំចេញ​កំពុង​ជួប​​បញ្ហា​​ទាក់ទង​នឹងតម្លៃ​​ចេញ​លិខិត​បញ្ជាក់​ប្រ​ភព​ដើម និង​ការ​ធ្វើភូគាម​អនាម័យ​លើ​ផលិតផល​ទាំង​នោះ​។

​ក្នុង​​សិក្ខាសាលា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​អ្នក​ផ្គត​ផ្គង់​ផលិតផល​ខ្មែរកាលពី​ព្រឹក​មិញ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃសម្ព័ន្ធ​អ្នកនាំ​ចេញ​ផលិត​ផល​ផ្លែ​ឈើ​ខ្មែរ លោក ហាក់ សុវណ្ណា ថ្លែង​ថា​កម្ពុជា​នៅមិន​ទាន់​មាន​ស្តង់​ដារ​រួម​ និង​និម្មិត​សញ្ញា​ផលិត​ផល​របស់​ខ្លួន​នៅ​ឡើយ។ លោក​បន្ត​ថា​បញ្ហា​ភូគាមអនាម័យ​ក៏​នៅ​ចោទ​ជាបញ្ហា​ដោយ​មិន​ទាន់​មានភាព​ច្បាស់លាស់នៅ​ឡើយ។ ដោយ​ឡែក​លោកថា​តម្លៃ​លិខិត​បញ្ជាក់​ប្រ​ភព​ដើម​(CO)​ក៏​ហាក់ខ្ពស់​ផង​ដែរ​។

លោក​ថ្លែងថាៈ «ផ្លែ​ស្វាយ​របស់​យើងនេះ​ ​ភាគច្រើន​គឺ​នាំទៅ​ប្រទេស​វៀតណាម​ ​ហើយ​ពេល​រដូវ​ចុង​ក្រោយ​នេះ​​ វៀតណាម​បិទមិន​ឲ្យ​ស្វាយ​យើងនាំចេញ.​. ​​.ហើយខ្ញុំ​ក៏​បាន​ចុះទៅ​សិក្សា​ផ្ទាល់​ ដោយ​ខាងវៀតណាម​ថា ​ឥឡូវ​យើង​ចូល​អាស៊ាន​ គេ​តម្រូវ​ឲ្យយើង​ធ្វើភូគាមអនាម័យ​ ទើប​គាត់​អនុញ្ញាត​ឲ្យ​ចូល​»។

ជា​ការ​ឆ្លើយ​តប​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ឯកឧត្តម វ៉េង សាខុន ទទួល​ស្គាល់​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ ភូគាម​អនាម័យ​ ​ផលិតផល​កម្ពុជា​មិនទាន់​ត្រឹមត្រូវ។ ឯកឧត្តម​មាន​ប្រសាសន៍​ថាៈ «ក្រសួង​កសិកម្ម​នឹង​រៀប​ចំ​សិក្ខា​សាលា​​មួយដាច់​ដោយឡែក​ ​នឹង​អញ្ចើញ​វិស័យ​ឯកជន​ដែលមាន​ចំណាប់​អារម្មណ៍​ ទៅ​លើ​ការ​រៀប​ចំ​យន្តការ​នានា​​ដើម្បី​​ឆ្លើយ​តប​​ការ​ដោះ​របាំង​ ​ភូគាម​អនាម័យនេះ​»។ ​ ឯកឧត្តម​ថា​ ​ប្រទេស​ចិនបាន​អនុញ្ញាតឲ្យ​នាំចូល​ផលិតផលខ្មែរ​ជាង២០០មុខ​ ​តែ​បច្ចុប្បន្ន​នេះ​ ចិន​ទើប​តែ​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចូល​ផលិតផល​កសិកម្ម​តែ៣មុខ​ប៉ុណ្ណោះ គឺ អង្ករ ដំឡូង និង គឺពោត។

រដ្ឋមន្ត្រី​ក្រ​សួង ​ពាណិជ្ជកម្ម​ឯកឧត្តម ប៉ាន សូរស័ក្កិ​​ ឆ្លើយ​តប​ចំពោះ​សំណើបញ្ជុះ​តម្លៃ​លិខិត​បញ្ជាក់​ប្រភព​ដើម​​ថា​ក្រ​សួងមិន​ទាន់​អាច​ធ្វើ​បាន​នោះ​ទេ។ «ដោយ​ឡែកពាក់ព័ន្ធ​ការ​បញ្ចុះ​តម្លៃ CO ក្រ​សួង​មិន​ទាន់អាច​ធ្វើបាន​នៅ​ឡើយ»។ ឯឧត្តម​បន្ថែម៕​​​​

ចុចអានបន្ទាប់ ​​

អត្ថបទ៖ ស៊ិន សាវ៉េត