ប្រិមប្រិយ សារភាពថាស្នេហ៍ថ្មីមិនអាចបន្តទៅមុខ
- 2017-08-21 07:23:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រិមប្រិយ សារភាពថាស្នេហ៍ថ្មីមិនអាចបន្តទៅមុខ
ចន្លោះមិនឃើញ
តារាកំប្លែងប្រចាំក្រុម នាយកុយ ប្រិមប្រិយ បានឲ្យដឹងថាចំណងស្នេហ៍រវាងនាង និងអតីតគូដណ្ដឹង សៅ រ៉ានីត ដែលទើបភ្ជាប់ពាក្យជាមួយគ្នាកាលពី២ខែមុននេះ បានចែកផ្លូវគ្នាដាច់ស្រេចហើយ។
ដោយសុំមិនបញ្ជាក់ពីមូលហេតុ នាងបង្ហើបថា ក្ដីនេះមិនអាចបន្តទៀតទេ ព្រោះមានរឿងរ៉ាវរកាំរកូសជាបន្តបន្ទាប់។ "បងមិនចង់និយាយពីមូលហេតុអីទេ បើនៅជាមួយគ្នាមិនចុះសម្រុងហើយបងមិនចង់រំលឹកថា អ្នកណាខុសអ្នកត្រូវទេ ទោះបីគេខុសក៏គេមិនទទួលកំហុសដែរ ហើយបើនិយាយចេញទៅវាហាក់ដូចជាដាក់សម្ពាធឲ្យគេពេក" ។ ប្រិមប្រិយ ប្រាប់ Sabay។
តារាកំប្លែងសាច់ខ្ចី រំលឹកថា ការផ្ដាច់ពាក្យនេះ គឺកើតឡើងតាំងយូរហើយ ពោលគឺតាំងពីអតីតគូដណ្ដឹង បានត្រលប់ទៅអាមេរិកវិញបានមួយសប្ដាហ៍មកម្ល៉េះ តែនាងទើបតែដាច់ចិត្តទម្លាយព្រោះមិនចង់ឲ្យមានពាក្យចចាមអារ៉ាម។
តារាកំប្លែង ប្រិមប្រិយ ធ្លាប់បែកបាក់រឿងជីវិតគូរម្ដងរួចមកហើយនៅអំឡុងឆ្នាំ២០១៣ ដោយមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នា ទើបអ្នកទាំង២សម្រេចចែកផ្លូវដោយសន្តិវិធី។ នៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៧ នាងបានភ្ជាប់ពាក្យជាមួយ សៅ រ៉ានីត ដែលជាតន្ត្រីករ និងអ្នកចម្រៀងខ្មែររស់នៅសហរដ្ឋអាមេរិក ហើយចំណងរបស់អ្នកទាំង២ត្រូវបានបញ្ចប់វិញដូចដែលបានលើកឡើងខាងលើ៕