ថូផ្កាចិន រំពឹងលក់បាន ៥០០ដុល្លារ ចុងក្រោយត្រូវគេទិញ លើសថ្លៃដើម១ម៉ឺនដង

  • 2017-09-26 02:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថូ​ផ្កា​ចិន​មួយ ត្រូវ​បាន​លក់​លើស​តម្លៃ​រំពឹង​ទុក រហូត​ដល់​ទៅ ១០ ០០០ ដង នៅ​ឯ​កន្លែង​លក់​ដេញ​ថ្លៃ​មួយ​កន្លែង ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បន្ទាប់​ពី​មនុស្ស ២ នាក់ ដែល​ជឿជាក់​ថា​វា​មក​ពី​សតវត្ស​ទី១៨ បាន​ចូល​រួម​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​នោះ។

ថូ​ផ្កា​ពណ៌​លឿង កម្ពស់ ៥៨ សង់ទីម៉ែត្រ ដែល​មាន​រូប​នាគ ៣ ក្បាល​ព័ទ្ធ​ជុំវិញ​នោះ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៥ លាន​ហ្វ្រង់ស្វីស (ប្រហែល ៥,១ លាន​ដុល្លារ​អាមេរិក) បន្ទាប់​ពី​វា​ត្រូវ​បាន​គេ​កំណត់​តម្លៃ​ដំបូង​ចន្លោះ​ពី ៥០០ ដល់ ៨០០ ហ្វ្រង់ស្វីស (៥១៣ ដល់ ៨២២ ដុល្លារ​អាមេរិក) ប៉ុណ្ណោះ។

បើ​តាម​ការ​ពិពណ៌នា​នៃ​ថូផ្កា​ដែល​ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​នោះ បាន​ឲ្យ​ដឹង​ថា វា​ជា​ថូ​ផ្កា​សតវត្ស​ទី​២០ នេះ ប៉ុន្តែ​វា​មាន​សញ្ញា​សម្គាល់​ពី​សតវត្ស​ទី​១៨ នា​សម័យ Qianlong ទើប​ធ្វើ​ឲ្យ​អ្នក​ទិញ ២ នាក់​ខាង​លើ សម្រេច​ចិត្ត​ដេញ​ថ្លៃ​រហូត​ដល់​ឡើង​ថ្លៃ​ខ្ពស់​ដ៏​ថ្នាក់​នេះ​តែម្ដង។

គួរ​បញ្ជាក់​ថា ការ​ដេញ​ថ្លៃ​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នា​សប្ដាហ៍​មុន នៅ​ឯ​កន្លែង​ដេញ​ថ្លៃ Geneve-Encheres ដោយ​មាន​មនុស្ស ២ នាក់​បាន​ចូល​រួម​ដេញ​ថ្លៃ​យ៉ាង​តានតឹង​បំផុត ដោយសារ​តែ​ជឿជាក់​ថា ថូ​ផ្កា​នោះ​មក​ពី​សតវត្ស​ទី​១៨។ នៅ​ចុង​បញ្ចប់ អ្នក​ឈ្នះ​បាន​ទៅ​លើ​អ្នក​ទិញ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ មក​ពី​តំបន់​អាស៊ី ដែល​ស្ថិត​នៅ​ក្នុង​បន្ទប់​ដេញ​ថ្លៃ​ផ្ទាល់ ខណៈ​គូ​ប្រជែង​របស់​គេ បាន​ដេញ​ថ្លៃ​តាមរយៈ​ទូរសព្ទ។

យ៉ាងណាមិញ បើ​បូក​រួម​ទាំង​តម្លៃ​កម្រៃ​ជើងសា ថូ​ផ្កា​នោះ​មាន​តម្លៃ​សរុប រហូត​ដល់​ទៅ ៦,០៨ ហ្វ្រង់ស្វីស (៦,១ លាន​ដុល្លារ​អាមេរិក) ឯណោះ៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី