ភ្ញាក់ផ្អើលពេលដឹងមុខតំណែងវីរស្ថាបត្យករខ្មែរ វណ្ណ ម៉ូលីវណ្ណ នៅកម្ពុជា និងពិភពលោក
- 2017-10-03 04:45:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើលពេលដឹងមុខតំណែងវីរស្ថាបត្យករខ្មែរ វណ្ណ ម៉ូលីវណ្ណ នៅកម្ពុជា និងពិភពលោក
ចន្លោះមិនឃើញ
ឯកឧត្ដមបណ្ឌិត វណ្ណ ម៉ូលីវណ្ណ បានទទួលមុខតំណែងជាបន្តបន្ទាប់ដូចតទៅនេះ៖
១៩៥៦-៦២ ៖ នាយស្ថាបត្យករ ផែនការរដ្ឋ និងជានាយក នាយកដ្ឋានរៀបចំក្រុង និងជនបទ
១៩៥៦-៦៤៖ ស្ថាបត្យករ-ទីប្រឹក្សារាជធានីភ្នំពេញ
១៩៦២-៦៤៖ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងទូរគមនាគមន៍
១៩៦៥-៧០៖ អធិការ ផ្នែកប្រាសាទបុរាណខ្មែរ
១៩៦៥-៦៧៖ ស្ថាបនិក និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
១៩៦៧-៦៩៖ រដ្ឋមន្រ្តីក្រសួងអប់រំជាតិ
១៩៦៩-១៩៧០៖ រដ្ឋមន្រ្តីក្រសួងអប់រំជាតិ និងវិចិត្រសិល្បៈ
១៩៧០-១៩៧១៖ អ្នកជំនាញការពិសេស អមក្រសួងសាធារណការ និងទូរគមនាគមន៍
១៩៧២៖ ចេញដំណើរទៅស្វីស
១៩៧២-៧៩៖ ស្ថាបត្យករនៅស្វីស និងជាទីប្រឹក្សាខាងវាយតម្លៃ និងខាងរូបមន្ត នៃគម្រោងការទាំងឡាយរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារពិសេសរបស់អង្គការនេះ ព្រមទាំងចំពោះធនាគារពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើនទៀត
១៩៧៦-៧៩៖ ជាសាស្ត្រាចារ្យសម្រាប់និស្សិតក្រោយឧត្ដមសិក្សា នៅសាលាពហុបច្ចេកវិជ្ជា បច្ចេកទេសសហព័ន្ធ ឡូសានប្រទេសស្វីស
១៩៧៩-៨៧៖ ជាមន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាតិដើម្បីរៀបចំលំនៅឋានរបស់មនុស្សជាតិ និងនគរូនីយកម្ម ប្រកបដោយចីរភាព UNCSH (United Nation Centre for Human Settlement) ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង នៃរ៉ូប៊ី ប្រទេសកេនីយ៉ា និងទទួលបន្ទុកទូទៅចំពោះកម្មវិធីជំនួយបច្ចេកទេស នៅអាហ្រ្វីក អាស៊ី អឺរ៉ុបខាងកើត អាមេរិក និងភូមិភាគប៉ាស៊ីហ្វិក ជាច្រើនដង។
១៩៨៨-៩៣៖ ឧត្ដមប្រឹក្សាបច្ចេកទេស នៅប្រទេសប៊ូរុនឌី និងជាអ្នកជំនាញការជាន់ខ្ពស់ នៃអង្គការ UNCHS នៅប្រទេសលាវ និងបំពេញបេសកកម្មពិគ្រោះយោបល់នៅទ្វីបអាស៊ី សម្រាប់អង្គការ UNCHS និង UNESCO។
១៩៩១-៩៣៖ ជាឧត្ដមប្រឹក្សា នៃឧត្ដមក្រុមប្រឹក្សាជាតិកម្ពុជា (SNC)
១៩៩៣៖ ធ្វើមាតុនិវត្តន៍មកកម្ពុជា និងត្រូវតែងតាំងជាទេសរដ្ឋមន្រ្តី នៅក្នុងរដ្ឋាភិបាលជាតិបណ្ដោះអាសន្ន នៃកម្ពុជា (ថ្ងៃ០២កក្ដដា)
១៩៩៣-៩៨៖ ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការវប្បធម៌ វិចិត្រសិល្បៈ រៀបចំដែនដី និងនគរូបនីយកម្ម នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា (ពីថ្ងៃទី ០១ វិច្ឆិកា ១៩៩៣)
១៩៩៥៖ អនុប្រធានឧត្ដមប្រឹក្សាជាតិផ្នែកវប្បធម៌ (CSCN)
១៩៩៦៖ ត្រូវតែងតាំងជា សមាជិកបណ្ឌិតសភាស្ថាបត្យកម្មប្រទេសបារាំង
១៩៩៨៖ ជាទីប្រឹក្សារាជរដ្ឋាភិបាល ផ្នែកការងារអប្សរា មានឋានៈស្មើទេសរដ្ឋមន្រ្តី
១៩៩៩-២០០១៖ ជាប្រធានអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានឋានៈស្មើទេសរដ្ឋមន្រ្តី
២០០១៖ ជាឧត្ដមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមលើភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន។
២០០៤ មកដល់បច្ចុប្បន្ន៖ ជាឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេស និងអចិន្ត្រៃយ៍ នៃព្រះមហាក្សត្រ អមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្រ្តីទាំងឡាយនៃរាជរដ្ឋាភិបាលកម្ពុជា,អាជ្ញាធរជាតិនានា និងឥស្សរជនបរទេសជនបរទេស ដែលទាក់ទាញចិត្តដល់ប្រទេសកម្ពុជា ក្នុងករណីមានតម្រូវការ ដើម្បីជម្រាបជូន អំពីព្រះរាជតម្រិះ ព្រះរាជបំណងប្រាថ្នាផ្ទាល់ របស់ព្រះមហាក្សត្រ ចំពោះទស្សនៈ សំណើ សំណូមពរ សេចក្ដីប្រាថ្នា របស់ឥស្សរជនទាំងនោះ ទាក់ទងទៅនឹងបញ្ហា និងចំណោទទាំងឡាយ ពាក់ព័ន្ធដល់បញ្ហានគរូបនីយកម្ម ការរៀបចំដែនដី, កិច្ចការអភិរក្សវត្ថុបុរាណ តូចធំ និងរតនៈសម្បត្តិ ស្ថាបត្យកម្មបុរាណ និងប្រវត្តិសាស្ត្រដទៃឯទៀត របស់ប្រទេសខ្មែរ។
យោងតាមជីវប្រវត្តិ ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្រោយពីបញ្ចប់ការសិក្សានៅសាលាជាតិជាន់ខ្ពស់វិចិត្រសិល្បៈ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ នៅទីក្រុងប៉ារីស ក្នុងឆ្នាំ ១៩៥៥ ឯកឧត្ដមបណ្ឌិត វណ្ណ ម៉ូលីវណ្ណ បានត្រឡប់មកកាន់មាតុប្រទេសវិញក្នុងឆ្នាំ ១៩៥៦។
នៅពេលត្រឡប់មកដល់មាតុប្រទេសវិញ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បានប្រគល់មុខតំណែង និងភារិច្ចជាច្រើន ជូន ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ ភ្លាម ដើម្បីជួយកសាងប្រទេសជាតិឡើងវិញ ពិសេសខាងផ្នែកសិល្បៈ ស្ថាបត្យកម្ម ការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យមានលក្ខណៈទំនើបទាន់សម័យ តែរក្សាបាននូវ អត្តសញ្ញាណវប្បធម៌ជាតិខ្មែរ និងកសាងឱ្យបាននូវឯករាជ្យភាពខាងផ្នែកសំណង់ស្ថាបត្យកម្ម បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញបរិបូណ៌ ពីអាណានិគមបារាំង។
ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ បានធ្វើមរណភាពកាលលាចាកលោកនេះទៅ យ៉ាងស្ងប់ស្ងៀម នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ៩ និង៤៥នាទីព្រឹកនៅភូមគ្រឹះរបស់លោក ស្ថិតនៅក្នុងមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងខេត្តសៀមរាប៕