ដឹង​ទេ​ទម្រាំ​គូរ​ប្លង់​ហើយ​មួយៗ វីរស្ថាបត្យករ​ វណ្ណ ម៉ូលីវណ្ណ ប្រើ​ពេល​ប៉ុន្មាន?

  • 2017-10-04 10:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​រៀបរាប់​របស់​បណ្ឌិត​ មីសែល ត្រាណេ បុរាណ​វិទូ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ការ​ចងក្រង​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌​របស់​កម្ពុជា បាន​លើក​ឡើង​ថា ការ​លេច​ធ្លោ​ប្រាសាទ​អង្គរវត្ត ក៏​ដូច​ជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរជាច្រើន មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ សុទ្ធ​តែ​ត្រូវ​ការ​ពេល​គិត​រាប់​ឆ្នាំ និង​មាន​ការ​សិក្សា​ជ្រៅជ្រះ​បំផុត។ មិន​ខុស​អី​ពី​ស្នាដៃ​ធំៗ​របស់​ឯកឧត្ដម​បណ្ឌិត វណ្ណ ម៉ូលីវណ្ណ ទម្រាំ​អាច​គូរ​ប្លង់​មួយ​បាន​ដូចជា ពហុកីឡដ្ខាន​ជាតិ​អូឡាំពិក វិមាន​ឯករាជ្យ សាល​មហោស្រព​ចតុមុខ លោក​ត្រូវ​ប្រើ​រយៈ​ចាប់​ពី ៥​ឆ្នាំ ទៅ​៨​ឆ្នាំ​ឯណោះ​។

លោកបណ្ឌិត មីសែល ត្រាណេ

**"បើ​និយាយ​ពី​ការ​គូរ​ប្លង់​មួយ​ៗ​របស់​លោក​គឺ​អាស្រ័យ​ទៅ​លើ​ទំហំ​ក្មួយ តែ​បើ​និយាយ​ពី​រយៈពេល​វិញ គឺ​តាំង​ពី​ក្មួយ​ឯង​នៅ​វារ​រហូត​ដល់​ចេះ​ដើរ"។ នេះ​ជា​សម្ដី​ពិត​របស់​លោក​បណ្ឌិត មីសែល ត្រាណេ។**

លោក​បណ្ឌិត មីសែល ត្រាណេ សង្កត់​ធ្ងន់​ថា ក្នុង​ផ្នត់​គំនិត​ដែល​ប្រកាន់​ភ្ជាប់​ជានិច្ច​របស់​ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ គឺ ទោះបី​ជា​ទំនើប​យ៉ាង​ណា​ក៏​មិន​ចោល​លក្ខណៈ​ជា​ខ្មែរ​ដាច់​ខាត (បង្កើត​ថ្មី​លើ​មូលដ្ឋាន​ចាស់​។ ដូច្នេះ​ហើយ​ទើប​រាល់​ស្នាដៃ​នីមួយ​ៗ​របស់​លោក​សុទ្ធ​តែ​មាន​រចនាប័ទ្ម​បែប​ខ្មែរ ស្ទើរ​តែ​ទាំង​អស់។ លោក​បណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា មុន​នឹង​លេច​ចេញ​ស្នាដៃ​នីមួយ​ៗ ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ ក៏​មាន​ការី​ឆ្វេង​ស្ដាំ​ជា​ច្រើន​រូប​ ដែល​សុទ្ធ​សឹង​​តែ​ជា​អ្នក​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម មាន​ទាំង​ជនជាតិ​បារាំង និង​ខ្មែរ។

ចរិត​លក្ខណៈ​របស់​ឯកឧត្ដម វណ្ណ មូលីវណ្ណ ជា​បិតា​ស្ថាបត្យកម្ម​ខ្មែរ គឺ​ជា​មនុស្ស​ម៉ឺងម៉ាត់​ច្បាស់​លាស់​នឹង​ការងារ​បំផុត មិន​ងាយ​នឹង​និយាយ​លេង​សើច​ទេ។ តែ​លោក​ជា​អ្នក​ដែល​ស្រឡាញ់​ ថែ​រក្សា​ការពារ​នូវ​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ សឹង​តែ​ក្នុង​មួយ​ជីវិត​របស់​លោក​កើត​មក​ដើម្បី​តែ វប្បធម៌ សិល្បៈ​ខ្មែរ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់ លោក​បណ្ឌិត មីសែល ត្រាណេ។

វិមានឯករាជ្យ ស្នាដៃរបស់ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ

ជា​ចុង​ក្រោយ លោក​បណ្ឌិត មីសែល ត្រាណេ ចង់​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​យក​គំរូ​តាម​ ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ ដើម្បី​វប្បធម៌ អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​ ជា​ពិសេស​ចូលរួម​ថែរក្សា​ការពារ​នូវ​រាល់​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ ឱ្យ​បាន​គង់វង្ស​យូរ​អង្វែង៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ