មន្ត្រី​ជំនាញ​ថា​ជំងឺ​មហារីក​ពោះវៀន​ធំ ​កើតឡើង​ច្រើន​លើ​​មនុស្ស​វ័យក្រោម​៤០ឆ្នាំ​នៅកម្ពុជា​

  • 2017-10-17 03:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជំនាញ​ឲ្យ​ដឹងថា​ជំងឺមួយក្នុង​ចំណោម​ជំងឺកាចសាហាវ​ផ្សេងទៀត​ដែល​សម្លាប់​ប្រជាជនខ្មែរ​ច្រើនជាងគេ​បំផុតនោះ​គឺជំងឺមហារីក​។ ​ស្ថិតិចុងក្រោយ​បំផុតរបស់​អង្គការ​សុខភាព​ពិភពលោក​ បានឲ្យ​ដឹងថា ក្នុង​មួយ​ឆ្នាំៗ មាន​ប្រជាជន​កម្ពុជា​ប្រហែល​ ១៥ ០០០នាក់​កើតជំងឺ​មហារីក​ និងជាង​ ១០ ​០០០​នាក់ស្លាប់ ដោយសារ​ជំងឺនេះ​។

កាល​ពីថ្ងៃទី​១៥ ខែតុលា ​សមាគម​នាវាយុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​ រៀបចំវេទិកា​សុខភាព​ប្រចាំឆ្នាំ​២០១៧ ស្ដីពី​ការបង្ការ​ជំងឺមហារីក​ នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ ​លោកស្រី​វេជ្ជបណ្ឌិត​ ហាវ ​មនីរត្ន ប្រធាន​ផ្នែកវិភាគ​ដុំសាច់​មហារីក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ ​បានថ្លែងក្នុង​ពិធីនោះ​ថា​ ​ជំងឺមហារី​ក​ចំនួន៦ ដែលកើត​ញឹកញាប់​ជាងគេបំផុត​លើស្ត្រី​កម្ពុជាគឺ ​មហារីក​មាត់ស្បូន​ មហារីក​សុដន់​ ​មហារីកថ្លើម​ ​មហារីក​សួត​ មហារីក​ពោះវៀនធំ​ ​និង​មហារីក​ក្រអូមមាត់។

(​លោកស្រី​វេជ្ជបណ្ឌិត​ ហាវ ​មនីរត្ន ប្រធាន​ផ្នែកវិភាគ​ដុំសាច់​មហារីក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​)

រីឯជំងឺមហារីកចំនួន ៦ ដែល​កើតញឹកញាប់​ជាងគេបំផុត​លើបុរស​វិញមាន​ មហារីកថ្លើម​ មហារីកសួត​ មហារីក​ពោះវៀនធំ​ មហារីក​ក្រពះ ​មហារីក​កូន​កណ្ដុរ​ និងមហារីកក្រអូមមាត់។ ការកកើតនៃជំងឺនេះ គឺលោក​ស្រី​ថា​បង្ក​ឡើង​ដោយសារ​មូលហេតុ​ធំ​ៗដូចជា​ការប្រើប្រាស់​ថ្នាំជក់​ សេព​គ្រឿងស្រវឹង និង​ការបរិភោគ​អាហារមិនមាន​អនាម័យ​ជាដើម។

ជាមួយគ្នា​នេះ​ ការស្រាវ​ជ្រាវចុង​ក្រោយរបស់​លោកស្រី​វេជ្ជបណ្ឌិត​ រកឃើញ​ថា អត្រាកើត​ជំងឺមហារីក​ពោះរៀនធំ​ ​លើប្រជាជន​កម្ពុជាវ័យ​ក្មេងអាយុក្រោម​ ​៤០ឆ្នាំ គឺមាន​អត្រាខ្ពស់​គួរឲ្យកត់​សម្គាល់​ ​បើប្រៀបធៀប​ទៅនឹង​ប្រទេស​ជិត​ខាង​ និង​ប្រទេស​អភិវឌ្ឍ​នានា។ ដោយឡែក​មូលហេតុ​ដែលបណ្ដាល​ឲ្យកើត​ជំងឺមហារីក​ ​ទាំងវ័យ​ក្មេង​ដូច្នេះ ពុំទាន់​ត្រូវបាន​ស្រាវជ្រាវ​រកឃើញនៅ​ឡើយទេ​ ​ដោយ​ហេតុថា​ការ​ស្រាវជ្រាវ​ពីជំងឺមហារីក​នៅប្រទេសកម្ពុជា​នៅមាន​កម្រិត​។ លោក​ស្រីវេជ្ជបណ្ឌិត​ បន្ថែម​។

(រូបភាព​ជំងឺ​មហារីកពោះវៀន​ធំ/រូបភាព៖ ហ្វេសប៊ុក​មន្ទីរពេទ្យ​កាល់ម៉ែត្រ)

ដើម្បី​បង្ការជំងឺ​មហារីក ​លោកស្រី​វេជ្ជបណ្ឌិត ​បានផ្ដល់​ដំបូន្មាន​ថា​ប្រ​ជា​ពល​រដ្ឋ​ត្រូវ​ស្វែងរក​ការ​ប្រឹេក្សា​យោបល់​ផ្នែក​សុខភាព​ឲ្យ​បាន​ញឹកញាប់។ មួយ​វិញ​ទៀត អ្នកស្រីថា ករណី​អ្នក​ជំងឺមានការ​សង្ស័យ​ថា​ខ្លួន​ជួប​បញ្ហា​មិន​ប្រក្រ​តីណាមួយ​​ត្រូវ​ទៅ ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បីពិនិត្យ និង​ទប់​ស្កាត់​ឲ្យ​ទាន់ពេល​វេលា​កុំ​ឲ្យ​កើត​ជាជំងឺ​មហារីក​។

ទន្ទឹមនឹងនេះ​ លោកជំទាវ ឱ វណ្ឌឌីន ​អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សុខភិបាល​បានគូស​បញ្ជាក់​ថា ​ក្រសួងបាន​សហការ​ជាមួយ​សមាគម​នាវាយុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា និងមន្ទីរ​ពេទ្យកាល់ម៉ែត​បង្កើត​មជ្ឈមណ្ឌល​ជាតិជំងឺ​មហារីក ដែល​មជ្ឈមណ្ឌល​នេះផ្ដោត​សំខាន់​ទៅលើ​ការព្យាបាល​ ​ការបង្ការ​ ​​ការ​ស្រាវជ្រាវ​ពីជំងឺ​មហារីក​ និងការចាក់ថ្នាំបង្ការក្នុងតម្លៃសមរម្យ។ លោក​ជំទាវថា​​គម្រោង​នេះ​នឹងបង្កើត​ជាតំបន់​ត្រីកោណ​នៅ​ប្រទេស​កម្ពុជា​ ​ដោយទីតាំង​ទីមួយ​នៅក្រុង​ភ្នំពេញ(មន្ទីរ​ពេទ្យកាល់​ម៉ែត)​ គ្រោង​នឹង​ដំណើរ​ការនៅឆ្នាំ ​២០១៨​ ទីពីរ​ ​ខេត្ត​សៀមរាប​ និងទីបី​នៅខេត្ត​ក្រចេះ​ ចំពោះ​ទីតាំង​ទាំងពីរនេះ​នៅមិនទាន់​បាន​កំណត់​ពេល​នៅឡើយ​៕

អត្ថបទដោយ៖ ស៊ិន សាវ៉េត