ដឹង​រយៈ​ពេល​សិល្បករ​រៀន​របាំ​ ទើប​ដឹង​ថា​ម្នាក់ៗត​ស៊ូ​ដើម្បី​វប្បធម៌​ខ្លាំងប៉ុណ្ណា!

  • 2017-10-25 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដែល​សិល្បករ​របាំ​បុរាណ​អាច​មាន​សមត្ថភាព​ចេញ​សម្ដែង​ជា​សាធារណៈ​បាន ឬសម្ដែង​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ធំ​ៗ​បាន មិន​មែន​រៀន​ល្មម​ៗ​នោះ​ទេ គឺ​ត្រូវ​រៀន​យូរ​ឆ្នាំ ម្យ៉ាង​ត្រូវ​ប្រឹង​ប្រែង​ហាត់​ និង​ពិនិត្យ​សង្កេត​ច្រើន។

បើ​តាម​ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​លោក ព្រឿង ឈាង បាន​ប្រាប់ Sabay ថា សិល្បករ​ស្ទើរតែ​ទាំង​អស់ ទម្រាំ​មាន​សមត្ថភាព​សម្ដែង​ក្នុង​កម្មវិធី​ជាតិ​ធំ​ៗ ឬ​អន្តរជាតិ​ក្ដី មិន​មែន​ចំណាយ​ពេល​ហាត់​រៀន​តិច​តួច​នោះ​ឡើយ។ លោក​បញ្ជាក់​ថា បើ​គិត​ពី​សិស្ស​ដែល​រៀន​ក្នុង​សាលា​វិចិត្រ​សិល្បៈ ត្រូវ​ចំណាយ​ពេល​រៀន​១០​ឆ្នាំ រៀន​ចប់​ត្រូវ​ចំណាយ​ពេល​១០ឆ្នាំ​បន្ថែម ដើម្បី​សិក្សា​ និង​កែ​លម្អ​ក្បាច់​បន្ថែម​ដើម្បី​ឱ្យ​ក្បាច់​រាំ​កាន់​តែ​សុក្រឹត ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត និង​ចេះ​ប្រើ​ទឹក​មុខ​ទៅ​តាម​កាយវិការ​រាំ។

ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ព្រឿង ឈាង

“តាម​យើង​មានពិសោធន៍​មក ហើយ​លោក​តា ឆេង ផុន ក៏​លោក​ធ្លាប់​មាន​ពិសោធន៍​ដែរ សិស្ស​របាំ​ត្រូវ​​រៀន១០ឆ្នាំ បាន​សម្ដែង​កើត តែ​រាំ​អត់​ទាន់​ត្រូវ​ទេ បន្ទាន់​មក​ចូល​ទៅ​អនុវត្តន៍ជាក់​ស្ដែង​នោះ​១០ឆ្នាំ​ទៀត នេះ​យក​ចិត្ត​ទុក​ដាក់​ណាស់ មិន​មែន​២០ឆ្នាំ​មាន​តែ​ចំនួន​ច្រើន ហើយ​ចេះ​តែ​រាំ​ឱ្យ​តែ​បាន​ៗ​អត់​ប្រឹង​នោះ​ទេ អីចឹង​បាន​ថា​ពិបាក​ណាស់”។

បើ​តាម​ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដដែលបាន​បញ្ជាក់​ថា មក​ដល់​បច្ចុប្បន្ន​នេះ សិល្បករ​ទាំង​ចាស់​ទាំង​ក្មេង​ដែល​មាន​សមត្ថភាព​សម្ដែង​មាន​ចំនួន​ជាង​ ២០០នាក់។ ក្នុង​ចំណោម​នោះ មានសិល្បករ​ដែល​ឧស្សាហ៍​ចេញ​ទៅ​សម្ដែង​ក្នុង​កម្មវិធី​ធំ​ៗ និង​ចេញ​ទៅ​សម្ដែង​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ មាន​ចំនួន​ប្រមាណ៣០នាក់ប៉ុណ្ណោះ ភាគ​ច្រើន​ជា​ក្មេង​ជំនាន់​ក្រោយ នេះ​បើ​គិត​សិល្បករ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ៕

អត្ថបទ៖ ប៉ូ សាគុន