មិន​គួរ​ឲ្យ​ជឿ! ឥន្ទធនូ​បង្ហាញ​ខ្លួន ៩​ម៉ោង​នៅ​តៃវ៉ាន់ អាច​នឹង​បំបែក​កំណត់ត្រា(វីដេអូ)

  • 2017-12-06 03:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស និស្សិត និង​គ្រូ​បង្រៀន​នៃ​សកល​វិទ្យាល័យ​មួយ​នៅ​តៃវ៉ាន់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​សប្ដាហ៍​មុន​ដោយ​សារ​តែ​ឥន្ទធនូ​បាន​បង្ហាញ​ខ្លួន​ពី​លើ​អាគារ​សាលា​អស់​រយៈ​ពេល ៩​ម៉ោង។

ឥន្ទធនូ​នេះ​ត្រូវ​បាន​កត់​ត្រា​ដោយ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​បរិយាកាស​ពីរ​រូប គឺ​លោកChou Kun-hsuan និង​លោកLiu Ching-huang នៅ​សាកលវិទ្យាល័យ​វប្បធម៌​ចិន​ដែល​មាន​ទីតាំង​នៅ​លើ​ភ្នំ Yang Ming នៅ​ជាយ​ក្រុង​តៃប៉ិ។

យោង​តាម​ការ​សង្កេត​របស់​ពួក​គេ​ឲ្យ​ដឹង​ថា ឥន្ទធនូ​បាន​បង្ហាញ​ខ្លួន​នៅ​ម៉ោង ៦:៥៧ ព្រឹក​នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​ហើយ​បន្ត​នៅ​លើ​មេឃ​រហូត​ដល់​ម៉ោង ៣:៥៥ រសៀល ដែល​មាន​រយៈ​ពេល​សរុប ៨ ម៉ោង​និង ៥៨ នាទី។

លោក​សាស្ត្រាចារ្យ Chou បាន​និយាយ​ថា លោក​គ្រោង​នឹង​បញ្ជូន​ភស្តុតាង​ទៅ​ឱ្យ​កំណត់ត្រា​ពិភពលោក (Guiness) ដើម្បី​ធ្វើ​ឱ្យ​ឥន្ទធនូនេះ​ក្លាយ​ទៅ​ជា​ឥន្ទធនូលេខ​មួយ​ជា​ផ្លូវការ។ និស្សិត​នៅ​សាកលវិទ្យាល័យ​ត្រូវ​បាន​ឈ្មោះ ដើម្បី​ជួយ​ចង​ក្រង​ឯកសារ​ឥន្ទធនូ ដោយ​ត្រូវ​បញ្ជូន​រូបថត​ចំនួន​ជាង ១០ ០០០ រូប​មក​ឲ្យ​លោក​សាស្ត្រាចារ្យ​ដើម្បី​ធ្វើ​ជា​ភស្តុតាង។

ប្រសិន​បើ​ឯកសារ​ឥន្ទធនូ​ត្រូវ​បាន​ទទួល​ស្គាល់​ពិត​មែន នោះ​វា​នឹង​បំបែក​កំណត់​ត្រា​ពិភពលោក​បច្ចុប្បន្ន​សម្រាប់​ឥន្ទធនូ​យូរ​បំផុត​ដែល​មានរយៈ​ពេល​ត្រឹម​តែ ៦ ម៉ោង​ប៉ុណ្ណោះ​នៅ​ទីក្រុង Yorkshire ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ ១៩៩៤ ៕

វីដេអូ៖

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី