បើក​បង្ហាញ​ប្រវត្តិតស៊ូរបស់អ្នកដឹកនាំរឿងស្រីទាំង៣រូប ដែលទទួលបានឱកាសផលិតរឿងដោយខ្លួនឯង

  • 2017-12-20 07:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តីវ័យក្មេងទាំង៣ រួមមាន សាន ដាណិច ទិត្យ កន្និដ្ឋា មាស ស្រីលីន ដែលទទួលបានឱកាសផលិតភាពយន្តខ្លីរបស់ខ្លួន ធ្លាប់បានចូលរួមផលិតភាពយន្តជាមួយអ្នកដឹកនាំរឿងជាច្រើនរឿង។ កន្លងមកអ្នកទាំង៣បានចូលរួមចំណែកភាពជោគជ័យជាច្រើន ដូចជារឿង «កោះពេជ្រ» របស់ផលិតករ ជូ ដាវី រឿង «គ្រាប់ពេជ្រ» របស់ផលិតករ សុខ វិសាល ក៏ដូចជារឿងបែបឯកសារ «កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្រ្តីរ៉ក់» ជាភាសាបរទេស «Don't Think I've forgotten: Cambodia's lost Rock and Roll» ផលិតដោយ John Pirozzi និងភាពយន្តជាច្រើនទៀត។

ដែលបច្ចុប្បន្ន អ្នកទាំង៣ មានតួនាទី ជាសហការីរបស់ផលិតករ ជូ ដាវី ប្រចាំផលិតកម្ម Anti-Archive។

ផលិតករភាពយន្តទាំង៣រូប

ដើម្បីបានស្គាល់ផលិតករទាំង៣ Sabay សូមលើកយកប្រវត្តិខ្លះ និងបង្ហាញថាសាច់រឿងអ្វីដែលអ្នកទាំង៣ នឹងផលិត ក្រោយទទួលបានថវិកាគាំទ្រផលិតភាពយន្តពី Indiegogo ជាង ១៧ ០០០ដុល្លារ តាមរយៈកម្មវិធី «សំឡេងពីអនាគតកាល» ឬ "Echoes from Tomorrow" ក្រោមការរៀបចំរបស់ Anti-archieve។

យុវនារី វ័យ២៦ឆ្នាំ កញ្ញា សាន ដាណិច មានស្រុកកំណើតពីខេត្តបាត់ដំបង ដើមឡើយជានិស្សិតបរិញ្ញាប័ត្រផ្នែក រចនាផ្ទៃខាងក្នុងអាគារ ឬ Interior Design ពីវិទ្យាស្ថាន SETEC ។ កញ្ញា ធ្លាប់ ចូលរួមផលិតភាពយន្តខ្លីដូចជារឿង «កង់បី» ជាអ្នកគ្រប់គ្រងការផលិត ឬ ជា Production Manager ដែលកាលពីដើមឆ្នាំ ២០១៤ និស្សិតផ្នែក Interior Design រូបនេះ ទទួលបានបទពិសោធន៍ក្នុងការគ្រប់គ្រងការផលិតនេះ ពី ក្រុមហ៊ុនមួយដែលធ្វើការលើផលិតវីដេអូស្បតពាណ្ជកម្មខ្លីៗ។ កញ្ញា ដាណិច ប្រាប់ថា៖ «កាលហ្នឹងខ្ញុំ Intern «ហាត់ការ» ក្នុងផលិតកម្មមួយ តាមពិតជាអ្នក ទិញទឹក ទិញបាយ ឱ្យក្រុមការងារផលិតហ្នឹង ហើយចេះតែធ្វើទៅ ព្រោះចង់ចេះចង់ដឹង ពីការងារកុនហ្នឹ និយាយទៅគេហៅថាកម្មករកុន»។

សាន ដាណិច

មុនដំបូង វាគ្រាន់តែជាការហាត់ការទេ តែដល់ពេលធ្វើវាយូរៗទៅ កញ្ញា ក៏ចាប់ផ្តើមចូលចិត្តលើការងារផលិតភាពយន្តកាន់តែខ្លាំង រហូតដល់រៀនចប់ខាង Interior Design ហើយខ្លួននៅតែបន្តការងារផ្នែកផលិតភាពយន្ត ជាបន្ត ជាពិសេសក្នុងឆ្នាំ ២០១៥ ដែលកញ្ញាបានជួបជាមួយផលិតករ ជូ ដាវី ហើយក៏បានក្លាយខ្លួន ជាជំនួយការផ្នែកជ្រើសរើសតួរសម្តែង ឬ Casting Assistant និងជាជំនួយការអ្នកគ្រប់គ្រងការផលិត Assistant production manager ក្នុងខ្សែភាពយន្ត កោះពេជ្រ ឬ Diamond Island ដែលទទួលជោគជ័យ និងពានរង្វាន់ជាច្រើនលើឆាកអន្តរជាតិក្នុងឆ្នាំ ២០១៦។ នៅក្នុងកម្មវិធី សម្លេងពីអនាគតកាល ឬ Echoes from Tomorrow នេះជាគម្រោងដំបូង ដែលផ្តល់ឱកាសដ៏កញ្ញាឱ្យផលិតភាពយន្តខ្លីរបស់ខ្លួនជាលើកដំបូង ហើយដែលភាពយន្តខ្លីនោះ និងត្រៀមផលិតក្នុងដើមឆ្នាំ ២០១៨ នេះ ដែលជាប្រភេទភាពយន្តបែប មនោសញ្ចេតនា រៀបរាប់អារម្មណ៍ក្នុងដួងចិត្តរបស់កញ្ញា ដោយយកតួអង្គពីរនាក់មករៀបរាប់ក្នុងដំណើរសាច់រឿងមួយក្នុងខេត្តកំពង នាដងស្ទឹងមួយដ៏ស្រស់ស្អាត។

ទិត្យ កន្និដ្ឋា

ផលិតករទី២ ដែលមានឈ្មោះថា ទិត្យ កន្និដ្ឋា វ័យ ៣០ឆ្នាំ ជាកូនអ្នកភ្នំពេញ ហើយដែលមានប្រវត្តិចូលរួមផលិតភាពយន្តឯកសារល្បីៗជាច្រើន ពិសេសភាពយន្តរឿង «Don't Think I've forgotten: Cambodia's lost Rock and Roll» ផលិតដោយ John Pirozzi និងជាតួអង្គឯកក្នុងរឿង «បប់ឆ្វេង បត់ស្តាំ» របស់ផលិតករបរទេស Douglas Seok ហើយក៏ជាភាពយន្តដែលទទួលបានពានរង្វាន់លើឆាកអន្តរជាតិ ជាភាពយន្តបែបឯកសារ និងជីវិតពិត រួមជាមួយសិល្បៈនៃការរាំទៀតផង។ កញ្ញា ទិត្យ កន្និដ្ឋា ប្រាប់ Sabay ឱ្យដឹងថា កញ្ញាធ្លាប់តែជួយក្នុងការផលិតភាពយន្តផ្នែកឯកសារ ជាមួយបរទេស ជាជំនួយការផលិតទី២ ហើយការងារលើការផលិតនេះអ្វីក៏កញ្ញាត្រូវធ្វើដែរ ទាំងការរៀបឆាក ទាំងការរៀបចំតួរ ទាំងការសម្តែង កញ្ញា រីករាយ នឹងការងារនោះទាំងអស់ ដោយឥតលក្ខណ្ឌ ហើយវាហាក់ដូចជាវិស័យការងារមួយដែលឆក់ចិត្តកញ្ញាជាខ្លាំង ទោះខ្លួនមានជំនាញខាងផ្នែក សិល្បៈសូន្យរូប និងវិស្វ័ករ តុបតែងលំអរខាងក្នុង ពីសាលកវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈក៏ដោយ។

មាស ស្រីលីន

ផលិតករទី៣ មានឈ្មោះថា មាស ស្រីលីន ផ្តើមធ្វើការងារក្នុងការផលិតភាពយន្ត តាំងពីឆ្នាំ ២០០៩ ក្នងតួនាទីផ្សេងៗគ្នា ចាប់ពីអ្នកថតក្រៅឆាក រហូតដល់ជាជំនួយការអ្នកដឹកនាំរឿង ដែលអាចនិយាយបានថា ស្ត្រីវ័យ ២៨ឆ្នាំ រូបនេះ ធ្វើការងារគ្រប់ជ្រុង គ្រប់តួនាទីអស់ហើយក្នុងការផលិតកុន នៅខ្វះតែការដឹកនាំសម្តែងក្នុងភាពយន្តរបស់ខ្លួនតែប៉ុណ្ណោះ។ ដែលកាលដើមឡើយ អ្នកស្រី ចង់ក្លាយខ្លួនជាអ្នកចម្រៀង ជាតារាបង្ហាញម៉ូដ និងសិល្បករ ហើយក៏ធ្លាប់បានព្យាយាមចូលប្រឡងដែរ តែមិនបានទទួលជោគជ័យតែចិត្តប្រាថ្នា តែការផលិតភាពយន្តហាក់មាននិស្ស័យជាមួយគាត់ខ្លួន។

បន្តពីទទួលបានការឧបត្ថម្ភលើការផលិតរឿងខ្លីជាលើកដំបូង តាមរយៈ សម្លេងពីអនាគតកាល ឬ “Echoes from tomorrow” ផលិតករ មាស ស្រីលីន បានប្រាប់ Sabay ឱ្យដឹងថា៖ «ខ្ញុំនឹងផលិតរឿងដែលនិយាយអំពីការចាកចេញពីការពិត ព្រោះថាជួនកាលយើងត្រូវមកប្រឈមនឹងបញ្ហាច្រើនពេក ដែលយើងមិនចង់ប្រឈមនឹងវា ប៉ុន្តែការពិតយើងនៅតែត្រូវមកដោះស្រាយវាវិញ»។ ដែលយើងដឹងហើយថាអ្វីគ្រប់យ៉ាងគឺកើតឡើងដោយសារហេតុផលរបស់វាទាំងអស់ ទោះជាអ្នកអាចគេចផុតពីការពិត ឬពិភពពិត តែអ្នកមិនអាចគេចផុតពីការដោះស្រាយវាឡើយ នេះបើតាម អ្នកស្រ្តី មាស ស្រីលីន បង្ហាញពីសារអប់រំនៃសាច់រឿងរបស់ខ្លួន។

បច្ចុប្បន្ន អ្នកដឹកនាំរឿងរូបនេះ កំពុងតែសរសេរអត្ថបទរឿងរបស់ខ្លួន ក្រោយពីទទួលបានជោគជ័យ ក្នុងរៃអង្គាស់ថវិការដ៏គ្រប់គ្រាន់ដើម្បីផលិតផលិតភាពយន្តរបស់ខ្លួនជាលើកដំបូង ហើយក៏ជាការសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងដំណាក់កាលមួយដែលមិនធ្លាប់គិតដល់ និង រង់ចាំឱកាសដ៏ពិសេសនេះ ជាយូរយារណាស់មកហើយដែរ។

ភាពយន្តរបស់ផលិតករ និងអ្នកដឹកនាំ ស្រ្តីវ័យក្មេងទាំង៣រូបនេះ និងចាប់ផ្តើមផលិតជាបន្តបន្ទាប់គ្នាចាប់ពីដើមឆ្នាំ ២០១៨ នេះ ហើយភាពយន្តទាំង៣ នឹងមានការបង្ហាញខ្លួនម្តងមួយៗ រហូតដល់ចុងឆ្នាំ ២០១៨។ ផលិតករនីមួយៗ សង្ឃឹមថាខ្លួនអាចផលិតភាពយន្តរបស់ខ្លួនឱ្យបានល្អបំផុត ដើម្បីយកភាពយន្តទាំង៣ទៅប្រកួតប្រជែង លើឆាកអន្តរជាតិ ក្នុងនាមជាផលិតករស្រ្តីវ័យក្មេងរបស់កម្ពុជា៕

ចុចអាន

-ស្រ្តីខ្មែរវ័យក្មេង​៣រូប​ សម្រេចបំណងក្លាយជាអ្នកដឹកនាំរឿង

-អីយ៉ា! មុខដូចអ្នកប្រដាល់ល្បី តែមានជំនាញផលិតភាពយន្តគំនូរជីវចល និងប្រវត្តិកម្សត់ខ្លាំង

អត្ថបទ៖ Sunny

អត្ថបទពេញនិយម