ជីវិតពិត លោកគ្រូ​ ឃីម សុខហេង ទម្រាំក្លាយជាគ្រូល្បីល្បាញ​ម្នាក់ ក្នុង​ប្រទេស​កម្ពុជា

  • 2018-01-10 07:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោគ្រូ ឃីម សុខហេង ដែល​យុវវ័យ​ភាគច្រើន​បាន​ស្គាល់​លោក​តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​អភិវឌ្ឍន៍​ផ្នត់​គំនិត បាន​បង្ហើប​ក្ដី​ប្រាថ្នា​របស់​ខ្លួន​នៅ​ពេល​អនាគត​មួយ។ តើ​អ្វី​ជា​ក្ដី​គោល​បំណង​ដ៏​ធំ​របស់​លោក​គ្រូ​ ឃីម សុខហេង? លោក​គ្រូ ជានរណា?

មុន​នឹង​មក​ដឹង​ក្ដី​ប្រាថ្នា​របស់​លោកគ្រូនោះ មក​ស្គាល់​ប្រវត្តិ​សង្ខេប​របស់គាត់ ដូច​ខាងក្រោម​សិន៖

លោកគ្រូ ឃីម សុខហេង

លោក​គ្រូ ឃីម សុខ​ហេង បាន​កើត​នៅ​ឆ្នាំ ១៩៨២ ក្នុង​គ្រួសារ​ក្រី​ក្រ​មួយ​នៅ​ខេត្ត​ព្រៃវែង។ លោក​បាន​រៀប​ការ និង​មាន​កូន​ប្រុស ៣​នាក់ និង​កូន​ស្រី​ម្នាក់។

លោក​បាន​​​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ (IRs) ផ្នែក​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ​។ លើស​ពី​នេះ​ទៀត លោក​ត្រូវ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល, បង្វឹក និង​ណែនាំ​ដោយ​អ្នក​ជំនាញ​ដ៏​ល្បី​ល្បាញ​ទូ​ទាំង​ពិភពលោក ដូច​ជា​អ្នក​ឯកទេស​អភិវឌ្ឍន៍​មនុស្ស​អូស្ត្រាលី, អ្នក​ឯកទេស​ជប៉ុន​ផ្នែក​ទស្សន​វិជ្ជា​, ការ​ច្នៃ​ប្រឌិត, ការគ្រប់គ្រង និង​ភាព​ជា​អ្នក​ដឹកនាំ ព្រម​ទាំង​ទទួល​ការ​បង្ហាត់​ពី​សកល​ពាណិជ្ជកម្ម​អាល្លឺម៉ង់​ផង​ដែរ។

តាម​រយៈ​ការ​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ពី​អ្នក​ជំនាញ​ទាំង​នេះ លោក​អាច​បំពាក់​នូវ​ចំណេះ​ដឹង និង ជំនាញ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ជីវិត។ លោក​គ្រូ ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​ថ្មី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​មាន​ប្រយោជន៍ និង​ក្លាយ​ជា​ពលរដ្ឋ​ដែល​​មាន​ផលិតភាព​ក្នុង​សហគមន៍ និង​សង្គម។

កាល​ពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០១៤ លោក​គ្រូ ឃីម សុខហេង​ ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដោយ​ព្រះករុណា​ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​គ្រូ ឃីម សុខហេង គឺ​ជា​អ្នក​ដឹក​នាំ​ច្រើន​ទម្រង់​ និង​ដឹក​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ, ជា​អ្នក​ឯកទេស​អភិវឌ្ឍ​ និង​ជំរុញ​មនុស្ស​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ, ជា​វាគ្មិន​ជំរុញ​ទឹក​ចិត្ត​ដ៏​ល្បី​ល្បាញ និង​ជា​អ្នក​បង្ហាត់​ជំរុញ​ទឹក​ចិត្ត​មួយ​រូប។ ក្រៅ​ពី​នេះ លោក​ក៏​ជា​សហគ្រិន, អ្នក​វិនិយោគ និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ (LSI) ផង​ដែរ។ លើស​ពី​នេះ​ទៀត លោក​មាន​ភាព​ល្បី​ល្បាញ​ក្នុង​បណ្ដា​សារព័ត៌មាន​នានា,​ បណ្ដាញ​សង្គម, ទូរទស្សន៍ CTN, ទូរទស្សន៍ បាយ័ន, ទូរទស្សន៍ SEA TV និង​កម្មវិធី​វិទ្យុ​ជា​ច្រើន​ទៀត។

ដោយ​ស្ដាប់​​តាម​សម្ដី​របស់​ម្ដាយ​លោក​តាំងពីដើមមក លោក​បាន​តាំង​ចិត្ត​ក្នុង​ការ​សម្រេច​គោល​បំណង ​ដែល​សឹង​តែ​មិន​អាច​ទៅ​រួច​ជា​ច្រើន។ លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​ចក្រ​ភព​អង់គ្លេស, អាល្លឺម៉ង់, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ស្កុតឡែន, មីយ៉ាន់ម៉ា, ថៃ និង​វៀតណាម។ លោក​គ្រូ បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​អ្នក​ចូល​រួម​ជាង ១១៦ ០០០ នាក់ ជាមួយ​នឹង​អង្គការ​ជា​ច្រើន​រួម​ទាំង​អង្គភាព​ឯក​ជន​ដូច​ជា CHIP MONG Group, អាកាសយានដ្ឋាន (PPIA), សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA), MFIs និង Sathapana Bank Plc. រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ដូចជា កាក​បាត​ក្រហម​កម្ពុជា, UNDP, CARE International និង Concerning Worldwide ជាដើម។

ចំណែក​ឯ​ចក្ខុវិស័យ​នា​ពេល​អនាគត​របស់​លោក​សម្រាប់​អាជីវកម្ម​ប្រកួត​ប្រជែង​នៅ​ទូទាំង​ពិភពលោក គឺ​ដើម្បី​ផ្លាស់​ប្ដូរ​ភាព​ជា​អ្នក​ដឹក​នាំ​កម្រិត​ខ្ពស់ និង​ការ​កំណត់​គំនិត​ជា​សកល ​នៅ​គ្រប់​តំបន់​ទាំងអស់​ក្នុង​ពិភពលោក៕

អត្ថបទ៖ ដៃគូសហការ

រូបថត៖ ហ្វេសបុក លោកគ្រូ ឃីម សុខហេង

អត្ថបទពេញនិយម