ស្អាតដូចតួកុន! ស៊ន លក្ខណា អ្នកផាត់មុខវ័យក្មេង ធ្វើការតាំងពី Free រហូតតម្លៃខ្លួនពាន់ដុល្លារ

  • 2018-01-18 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ងើបពីគេងតាំងពីម៉ោង ៤ ព្រឹកទៅធ្វើការ ហើយជួនកាលត្រូវអត់គេងមួយយប់ ២ថ្ងៃទៀត ដើម្បីបំពេញការងារផាត់មុខឱ្យតារាសម្តែងក្នុងខ្សែភាពយន្តនានា បានក្លាយជាទល្លាប់ហើយសម្រាប់ កញ្ញា ស៊ន លក្ខណា ដែលមានវ័យទើបតែ ២៣ ឆ្នាំប៉ុណ្ណោះ។

លក្ខណា រូបថតដោយ New Generation Film

អ្នកផាត់មុខមានច្រើននៅតាមទីផ្សារ ហើយក៏រកចំណូលបានច្រើនគួរសមដែរ តែសិល្បករផាត់មុខបែបកុននេះនៅមានចំនួនតិច ដែលបង្កើតជាឱកាសឱ្យយុវនារីមុខស្រស់ម្នាក់នេះក្លាយខ្លួនជាអ្នកផាត់មុខជំនាញម្នាក់ ដែលផលិតកម្មក្នុងស្រុកជាច្រើនត្រូវការជាប្រចាំ ពិសេសការផាត់មុខរបៀបភ័យរន្ធត់ និងការឆ្នៃប្រឌិតប្លែកៗជាច្រើនទៀត។ ពិសេសភាពយន្តរឿងភាគ «ស្រទន់មន្តស្នេហ៍» ដ៏ល្បីប្រចាំឆ្នាំ ២០១៧ កន្លងទៅ ក៏ស្ថិតក្នុងស្នាដៃផាត់មុខរបស់លក្ខណាដែរ។

លក្ខណា ផាត់មុខតួសម្តែង

តែធាតុពិតដើមឡើយ យុវនារីម្នាក់នេះមិនធ្លាប់ចូលរៀនសាលាផាត់មុខ ឬឆ្លងកាត់វគ្គបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បែប​នេះម្តង​ណាទេ ហើយ​ក៏​មិន​ធ្លាប់​មាន​ក្តី​ស្រមៃ​ថានឹង​ចង់ក្លាយខ្លួនជាសិល្បករផាត់មុខអីដែរ។ ការងារបានបង្រៀន និងបង្កើតបទពិសោធន៍ឱ្យរូបនាងឈានចាប់ឱកាសដ៏ល្អនេះ ដែល​ជារឿង​គួរឱ្យភ្ញាក់​ផ្អើលមួយ​សម្រាប់​គ្រួសាររបស់នាង ព្រោះប៉ាម៉ាក់បានរៀបចំឱ្យកញ្ញា លក្ខណា ទៅរៀនផ្នែកធានាគារ តាមលក្ខណៈរូបសម្បត្តិស្រស់ស្អាតរបស់នាងនោះទេ។

កញ្ញា ស៊ន លក្ខណា បានប្រាប់ឱ្យដឹងថា ៖ «និយាយឱ្យត្រង់ទៅតាំងពីក្មេង អត់ដែលគិតថានឹងក្លាយជា Make up artist អីចឹងទេ ព្រោះមិនចេះតែម្តងរឿង Make up នេះ តែពេលមួយខ្ញុំចូលរួមកាងារថតរឿងមួយ ហើយក៏បានស្គាល់បង Apple Love ទើបខ្ញុំចាប់ផ្តើមស្គាល់ការ make up»។ ក្នុងឆ្នាំ ២០១៦ ដែល លក្ខណា បានប្រលូកក្នុងការផាត់មុខតួកុន កញ្ញាព្យាយាមរៀនសូត្រដោយខ្លួនឯង និងរៀនធ្វើការតាមសិល្បករផាត់មុខ Apple Love តាំងពីធ្វើការឱ្យគេដោយមិនគិតថ្លៃ រហូតដល់គេចាប់ផ្តើមបានប្រាក់កម្រៃ ១៥ដុល្លារមួយថ្ងៃ ហើយបច្ចុប្បន្នមួយរឿងចប់ កញ្ញា ម៉ៅផ្តាច់ចាប់ពីតម្លៃ ១ ០០០ ដុល្លារ ឡើងតែម្តង។

រូបពេលលក្ខណា ផាត់មុខតួសម្តែង

រាល់ការផាត់មុខម្តងៗ ចំណាយពេល និងភាពច្នៃប្រឌិតច្រើន មិនចាញ់អ្នកថតកុននោះទេ ព្រោះការផាត់មុខជួយឱ្យសាច់រឿងកាន់តែពិសេស និងមានការទាក់ទាញ។ អ្នកផាត់មុខវ័យក្មេងម្នាក់នេះប្រាប់ឱ្យដឹងដែរថា៖ «ការផាត់មុខគឺត្រូវធ្វើឱ្យដូចនឹងអ្វីដែលអ្នកដឹកនាំរឿងចង់បាន ពិសេសការផាត់មុខបែបខ្មោច បែបស្អាត ឬបែបរញ៉េរញ៉ៃ អី​ហ្នឹង ក៏ត្រូវមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ និងមិនមែនងាយស្រួលនោះទេ សំខាន់ត្រូវចេះស្រាវជ្រាវរកអ្វីដែលថ្មីប្លែកដែរ»។

រូបភាពៈ Snack Shot Studio

រឿងដែលកាន់តែមិនងាយស្រួលទៀតនោះ គឺខ្លួនជាស្រីវ័យក្មេងដើរហើរធ្វើការយប់ព្រលប់ រហូតដល់ម៉ោង ១ ឬ ២ អីក៏មានដែរ ធ្វើឱ្យកញ្ញាមានការភ័យខ្លាចពេលត្រលបប់មកផ្ទះម្នាក់ឯងម្តងៗ យ៉ាងណាកញ្ញានៅតែស៊ូ។

រូបផាត់ឱ្យមានស្នាមមុន

ការងារថតភាពយន្ត គឺមិនខុសអ្វីពីការធ្វើសង្គ្រាមនោះទេ ម្នាក់ៗត្រូវត្រៀមៗ ដើម្បីផលិតរូបភាពមួយប្លង់ៗ ដែលកញ្ញា ស៊ន លក្ខណា យល់ថា នេះការប្រណាំងប្រជែងក្នុងថតភាពយន្ត ហើយទិដ្ឋភាពទាំងនេះហើយសម្រួចចិត្ត លក្ខណា ឱ្យប្រឹងប្រែងដើរលើវិស័យសិល្បៈទី៧នេះ។ នៅថ្ងៃអនាគត កញ្ញាចង់ក្លាយជាអ្នកដឹកនាំក្រុម Make up Artist មួយដើម្បីបម្រើសេវាកម្មផាត់មុខដល់តួសម្តែងភាពយន្តនៅក្នុងស្រុក និងបណ្តុះបណ្តាលអ្នកផាត់មុខក្នុងភាពយន្តបន្ថែមឱ្យច្រើន ដើម្បីបំពេញតម្រូវការទីផ្សារការងារលើវិស័យមួយនេះ៕

ចុចអានអត្ថបទថ្មីៗ

-ព្រឺសម្បុរទៀតហើយ! ​Jimi Roy ត្រៀមបង្ហាញស្នាដៃ​ភាពយន្តភាគថ្មីបែបភ័យរន្ធត់

-ក្តីស្រមៃនឹងក្លាយជាពិត បើបានដើរតួក្នុងរឿង Music Magic Love (វីដេអូ)

អត្ថបទ៖ Sunny

អត្ថបទពេញនិយម