លេច​មុខ​តារា​សម្តែង​ ហេង នរៈកក្កដា លេង​ពាន​ពាក់​កណ្តាល​អាជីព​​

  • 2018-05-04 06:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​លេង​សាច់​ដុំ​ ហេង នរៈ​កក្កដា​ មិន​ត្រឹម​តែ​ចូល​ស៊ុប​​ក្នុង​វិស័យ​សិល្បៈ​ទេ​ ប៉ុន្តែ​​ផ្នែក​កីឡា​បាល់ទាត់​​ក៏​ចូល​រូប​គេ​ចូល​រួម​លេង​សកម្ម​ជា​រៀង​រាល់​សប្តាហ៍។ ថ្មី​ៗ​រូប​គេ​លេច​មុខ​លេង​ឲ្យ​ក្រុម​យុវជន​កំពង់ចាម​ក្នុង​ពាន​រង្វាន់​ពាក់​កណ្តាល​អាជីព​ Khmer Real Estate League 2018 ថែម​ទៀត​ផង។

នរៈកក្កដា​បាន​ប្រាប់​ថា​ តាម​ពិត​ទៅ​​កីឡា​បាល់ទាត់​ជា​អ្វី​​ដែល​រូប​គេ​លេង​ស៊ុប​ខ្លាំង​តាំង​ពី​មុន​ចូល​សិល្បៈ​ម្ល៉េះ។ នៅ​ពេល​រូប​គេ​រៀន​នៅ​​វិទ្យាល័យ​ទួល​ទំពូង​ រូប​គេ​ក៏​លេង​ឲ្យ​​វិទ្យាល័យ​នោះ​ក្នុង​កម្រិត​វិទ្យាល័យ​រាជ​ធានី​ភ្នំពេញ​ និង​ទូទំាង​ប្រទេស​ផង។ ក្រៅ​ពី​នោះ​រូប​គេ​ក៏​បាន​​ឲ្យ​ក្រុម​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

លោក ហេង នរៈកក្កដា

ជា​ពិសេស​រូប​គេ​ធ្លាប់​ចូល​លេង​ឲ្យ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​​​កាល​ពី​ឆ្នាំ​២០១៦​ក្នុង​​លីគ​បាល់ទាត់​កំពូល​កម្ពុជា​​ ប៉ុន្តែ​ចូល​លេង​បាន​ប្រហែល​ជា​៣​ខែ​ក៏​ឈប់​ដោយ​សារ​មិន​ពេល​ហ្វឹកហាត់​ច្រើន​ និង​មមាញឹក​រឿង​សិល្បៈ​ផង។ សព្វ​ថ្ងៃ​នេះ​នរៈកក្កដា​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​បាល់ទាត់​មហាហង្ស​ដែល​ដឹក​នាំ​ដោយ​​អ្នក​ដឹក​នាំ​រឿង អ៊ិន សុភិន។ ក្រុម​​មហា​ហង្ស​​តែង​តែ​ប្រកួត​​មិត្តភាព​​ជា​មួយ​ក្រុម​ផ្សេង​ៗ​ស្ទើរ​រាល់​សប្តាហ៍​។

នៅ​ពេល​ពាន​ Khmer Real Estate League ​ចាប់​ផ្តើម​រដូវ​កាល​២០១៨​នេះ​ រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្រុម​យុវជន​កំពង់ចាម។ នរៈកក្កដា​បាន​និយាយ​ថា រូប​គេ​ក៏​បារម្ភ​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ណា​មួយ​ដែរ​ពេល​ចូល​លេង​ពាន​កម្រិត​ពាក់​កណ្តាល​អាជីព​​បែប​នេះ​ ប៉ុន្តែ​​រូប​គេ​ត្រូវ​​មាន​ការ​ប្រុង​ប្រយ័ត្ន។

រយៈ​ពេល​២​សប្តាហ៍​កន្លង​ទៅ​ ក្រុម​យុវជន​ខេត្ត​កំពង់ចាម​ទទួល​បាន​៤​ពិន្ទុ​ស្ថិត​នៅ​លេខ​រៀង​ទី​៦​ បន្ទាប់​ពី​ប្រកួត​លើក​ទី​១​ឈ្នះ​ក្រុម​​ Anachak TK ដោយ​លទ្ធផល​ ៥-២​ និង​ប្រកួត​លើក​ទី​២​ស្មើ​ក្រុម​បាសាក់​ដោយ​លទ្ធផល​ ២-២៕​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី