Google បញ្ចេញ Assistant ថ្មី​និយាយ​ឆ្លើយ​ឆ្លង​ដូច​មនុស្ស​ធម្មតា​អុីចឹង (មាន​វីដេអូ)

  • 2018-05-09 04:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ព្រឹត្តិការណ៍ Google I/O ២០១៨ កាល​ពី​យប់​មិញ​នេះ ក្រុមហ៊ុន Google បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ភ្ញាក់​ផ្អើល​មិន​តិច​ទេ នៅ​ពេល​ដែល CEO លោក Sundar Pichai ធ្វើ​ការ​បង្ហាញ​ពី ពី​ការ​សន្ទនា​ជាមួយ​អ្នក​ធ្វើ​សក់ និង​អ្នក​ចាត់​ចែង​ភោជនីយដ្ឋាន ក្នុង​ការ​កក់​តុ​សម្រាប់​ញ៉ាំ​អាហារ​ពេល​ល្ងាច និង​ណាត់​ពេល​កាត់​សក់​នោះ។

ក្នុង​ការ​សន្ទនា​នេះ ភាគី​ដែល​លើក​ទូរសព្ទ​ជា​មនុស្ស​សុទ្ធ​សាធ ហើយ​ក៏​មិន​បាន​ដឹង​ខ្លួន​ថា ពួក​គេ​កំពុង​តែ​និយាយ​ជាមួយ​បច្ចេកវិទ្យា AI ដែរ ដោយ​ការ​និយាយ​ឆ្លើយ​ឆ្លង​របស់​វា​មាន​ភាព​រស់​រវើក​ដូច​មនុស្ស​ខ្លាំង​ពេក។ Google បាន​ប្រាប់​ថា AI ជំនាន់​ថ្មី​នេះ​មាន​ឈ្មោះ​ថា Google Duplex ជា​បច្ចេកវិទ្យា​ដែល​ខ្លួន​ខំ​សិក្សា​រាប់​ឆ្នាំ​មក​ហើយ។ វា​ប្លែក​ពី AI ដែល​ប្រើ​ក្នុង​ឧបករណ៍​ខ្លួន​សព្វ​ថ្ងៃ ដោយ​សារ​តែ​វា​មាន​ការ​គិត​លើស​ពី Google Assistant ដែល​អាច​ត្រឹម​កំណត់​មុខងារ​នានា និង​មិន​អាច​សន្ទនា​ឲ្យ​រស់​រវើក​ដូច​មនុស្ស​និយាយ​ជា​មួយ​គ្នា​ឡើយ។

Google Duplex អាច​យល់​ពី​ការ​សន្ទនា​បាន​ច្បាស់​លាស់ ដោយ​វា​មិន​និយាយ​បង្ខំ ហើយ​អាច​បញ្ចេញ​ជា​ពាក្យ​នានា ដើម្បី​រង់​ចាំ​ភាគី​មនុស្ស​ឆ្លើយ​តប​ទៅ​វិញ​ផង​ដែរ។ ម៉្យាង​ទៀត Google Duplex មាន​សមត្ថភាព​យល់​ពី​ឃ្លា​ប្រយោគ និង​អាច​ឆ្លើយ​តប​តាម​វិធី​នានា​ច្រើន មិន​ឲ្យ​ច្រំ​ដែល។ បើ​ការ​សន្ទនា​មាន​ភាព​លំបាក​ខ្លាំង Google Duplex និង​ប្រាប់​ទៅ​មនុស្ស (អ្នក​បញ្ជា Google Duplex)ឲ្យ​គេ​មក​និយាយ​ជំនួស​វិញ។

លោក Sundar Pichai បាន​និយាយ​ថា Google Duplex គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​មែន​ទែន ដោយ​វា​ត្រូវ​ការ​ពេល​វេលា​ច្រើន ដើម្បី​អភិវឌ្ឍ​វា​ឲ្យ​ល្អ​ខ្លាំង ដោយ​វា​និង​ធ្វើ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​ទាំងអស់ មិន​ចាំ​បាច់​ពឹង​មនុស្ស​ឡើយ ដោយ​គ្រាន់​តែ​ទទួល​បាន​បញ្ជា​ពី​អ្នក​ប្រើប្រាស់​មក​Google Duplex នឹង​បំពេញ​វា​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​តែ​ម្ដង។ លោក​ក៏​បាន​បញ្ជាក់​ថា Google នឹង​ចេញ​មុខ​មក​ប្រាប់​ភ្លាមៗ ពី​កាល​បរិច្ឆេទ និង​ទី​កន្លែង បើ​សិន​ជា​ក្រុមហ៊ុន​ចង់​បញ្ចេញ Google Duplex ឲ្យ​ដំណើរ​ការ​ជា​សាធារណៈ​នោះ៕

អត្ថបទ​នានា៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី