ម៉ូតូ​ទឹក​ឈ្នះ​មេដាយ​២គ្រឿង​ Asian Games​ មាន​សុទ្ធតែ​អ្នក​កំពូលៗ​មក​ជួយ​

  • 2018-09-05 03:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ ការ​ឈ្នះ​មេដាយ​២គ្រឿង ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី(Asian Games)​កន្លង​ទៅ​នេះ​ គឺ​ដោយ​សារ​មាន​ក្រុម​ការងារ​ខ្លាំង​ដែល​មក​ជួយ​ ដូច​ជា​គ្រូ​បង្វឹក​លំដាប់​ពិភពលោក​ ជាង​មេកានិច​ពូកែ​ រួម​និង​ចំណុច​ពិសេស​មួយ​ចំនួន​ទៀត។​

សាលី អ៊ូម៉ើត និង​ថ្នាក់ដឹកនាំសហព័ន្ធ​

ឯកឧត្តម​ ណុះ​ ស្លេះ​ ប្រធាន​សហព័ន្ធ​ខាង​លើ​ប្រាប់​ឲ្យ​ដឹង​ថា​ ជោគជ័យ​យ៉ាង​ធំធេង​កាល​ពី​កីឡា​ទ្វីប​អាស៊ី​នេះ​ មិន​មែន​មាន​តែ​កីឡាករ​ម្នាក់​ឯង​នោះ​ទេ​ ពោល​ដោយ​សារ​មាន​សុទ្ធតែ​អ្នក​ជំនាញ​ និង​ក្រុម​ការងារ​ប្រហែល​ជា​ ៣០​នាក់ ​ជួយ​ជ្រោមជ្រែង​គ្នា​ទាំង​អស់។​

ក្រុមម៉ូតូទឹក​កម្ពុជា(រូបភាពហ្វេសបុក)

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ថា​ ក្រុម​ការងារ​ល្អ​នេះ​ គឺ​ល្អ​ទាំង​ក្រុម​តែ​ម្ដង​ មាន​គ្រូ​លំដាប់​អន្តរជាតិ​ ដែល​ពេល​ខ្លះ​មាន​លុយ​ហើយ​ ក៏​មិន​អាច​ជួល​មក​បាន​ដែរ​ ប៉ុន្តែ​គេ​ស្រឡាញ់​និង​ពេញ​ចិត្ត​ជួយ​កីឡាករ​កម្ពុជា។​ ក្រៅ​ពី​នេះ​មាន​អ្នក​ជំនាញ​ទីប្រឹក្សា​យោបល់​ល្អ​ មាន​ជាង​មេកានិច​ពូកែ​ មាន​អ្នក​ចាប់​ស្គី​ពូកែ​ មាន​កីឡាករ​លំដាប់​ពិភពលោក​មក​ជួយ​បន្ថែម​ រួម​ទាំង​មាន​អ្នក​ជំនាញ​ខាង​ចាប់​សរសៃ​យ៉ាង​ពូកែ​ថែម​ទៀត​ផង។​ ខណៈ​កីឡាករ​កម្ពុជា​ពីរ​រូប​ខាង​លើ​មាន​សមត្ថភាព​ខ្លាំង​ផងនោះ ទើប​ល្អទាំងព្រមបែប​នេះទៅ។​ ចំណុច​សំខាន់​ៗ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ម៉ូតូ​ទឹក​នេះ​អាច​ជោគជ័យ​ខ្លាំង​បែបនេះតែ​ម្ដង។​

ម៉ីន ម៉ូស្តាន និង​ សាលី អ៊ូម៉ើត(រូបភាពហ្វេសបុក)

បញ្ជាក់​ផង​ដែរ​ថា​ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ពីរ​រូប​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ លើក​ទី១៨​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ទើប​តែ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី២​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ថ្មីៗ​នេះ។​ ដោយ​ឡែក​ប្រភេទ​កីឡា​ខាង​លើ​នេះ​ ឈ្នះ​មេដាយ​ចំនួន​ ២គ្រឿង​ មាស១​ និង​សំរឹទ្ធ១​៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី