តាម​បាន​ដឹង! ផាន់ ផាត់ណា មាន​តែ​ម្នាក់​ឯង​ម៉ង់ៗ ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតករ​ចិន

  • 2018-09-12 03:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បោះ​មួយ​ជំហាន​ទៀត ក្រោយ​ពី​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​រឿង "ស្រទន់​មន្តស្នេហ៍" ផាន់ ផាត់ណា បាន​ចូល​រួម​សម្តែង​ជា​តួឯក​ក្នុង​រឿង​ខ្នាត​ធំ របស់​ផលិតករ​ចិន ក្នុង​នាម​ជា​តារា​ស្រី​តែ​ម្នាក់​គត់​ប៉ុណ្ណោះ​​ទៅ​ពី​កម្ពុជា។

រឿង​នោះ​មាន​ចំណង​ជើង​ថា “ពន្លក​ស្នេហ៍​​រីក​លើ​ដី​កម្ពុជា” ដែល​ត្រូវ​បាន​ប្រកាស​វិនិយោគ​ជាមួយ​ទុន​ប្រមាណ ២លាន​ដុល្លារ​ឯណោះ។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន រឿង​នេះ នាង​សម្ដែង​ជាមួយ​តួឯក​ប្រុស​​ជនជាតិ​ចិន​មាន​ឈ្មោះ Sunxu Bo។ ក្រៅ​ពី​នេះ តួ​សម្ដែង​ផ្សេង​ៗ ក្រុម​ផលិត​រួម​មាន​អ្នកនិពន្ធ អ្នកដឹក​ជា​ដើម​សុទ្ធ​ជា​ជនជាតិ​ចិន។ "និយាយ​ទៅ តារា​ស្រី​ខ្មែរ​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ហ្នឹង តែ​បើ​និយាយ​ពី​តារា​ខ្មែរ​ក្នុង​រឿង​នេះ​ហ្មង មាន​២​នាក់ គឺ​ខ្ញុំ និង​ប្អូន​ប្រុស Ricky ក្រៅ​ពី​នេះ​ចិន​ទាំង​អស់"។

ដោយ​សារ​តែ​ក្រុមការងារ​ផលិត​សុទ្ធ​ជា​ជនជាតិ​ចិន រាល់​ការ​ទំនាក់ទំនង​ការងារ​ផ្សេង​ៗ គឺ​ត្រូវ​ឆ្លង​កាត់​បុគ្គល​ទី​៣ ដើម្បី​បក​ប្រែ និង​សម្របសម្រួល។ យ៉ាង​ណា​តួស្រី ដាអ៊ីណា ក្នុង​រឿង "ស្រទន់មន្តស្នេហ៍" បញ្ជាក់​ថា នេះ​មិន​ជា​ឧបសគ្គ​សម្រាប់​នាង រួម​ទាំង​ក្រុម​ការងារ​ទាំង​មូល​ឡើយ។ ម្យ៉ាង នេះ​ក៏​មិន​មែន​ជា​លើក​ទី​១​ដែរ ដែល​នាង​បាន​ជួប​ធ្វើ​ជា​មួយ​ក្រុម​ផលិត​បរទេស​មួយ​នេះ។

ផាន់ ផាត់ណា និង​តួប្រុសជនជាតិចិន Sunxu Bo ក្នុង​រឿង “ពន្លក​ស្នេហ៍​​រីក​លើ​ដី​កម្ពុជា”

“ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​សម្ដែង​ជាមួយ​ពួក​គាត់​មួយ​រឿង​រួច​ហើយ តែ​មិន​ចាំ​ចំណង​ជើង...​កាល​នោះ ខ្ញុំ​មិន​មែន​ជា​តួឯក​ទេ ហើយ​កាល​រឿង​ទី​១​នោះ គេ​អត់​សូវ​ប្រូម៉ូត​ខ្លាំង​ទេ តែ​រឿង​ទី​២​ ដែល​ខ្ញុំ​ដើរ​ជា​តួឯក​នេះ គេ​ប្រូម៉ូត​ខ្លាំង​ណាស់...!”។

“ពន្លក​ស្នេហ៍​​រីក​លើ​ដី​កម្ពុជា” ត្រូវ​បាន​ប្រកាស​ផលិតដោយ​ក្រុមហ៊ុន​រៀល​អ៊ីស្តេត​មួយ ដើម្បី​រឹតចំណង​ទាក់ទង និង​អបអរ​ខួប​៦០​ឆ្នាំ​នៃ​កិច្ចសហការកម្ពុជា-ចិន​​ ក្នុង​គោល​បំណង​ផ្លាស់​ប្ដូរ​វប្បធម៌​ប្រពៃណី​​គ្នា​ទៅ​វិញ​ទៅមក។ ដូច្នេះ​ហើយ ទើប​ក្រុម​ការងារ បាន​ជ្រើស​រើស​កញ្ញា ផាន់ ផាត់​ណា ដែល​ជា​តារា​ស្រី​តែ​ម្នាក់​របស់​កម្ពុជា សម្ដែង​ជាមួយ​តួឯក​ប្រុស​ជា​ជនជាតិ​ចិន។

សាច់​រឿង​និយាយ​ពី​ចំណង​ស្នេហ៍​រវាង​បុរស​វិស្វករ​ជនជាតិ​ចិន និង​នារី​ខ្មែរ។ រឿង​នេះ គ្រោង​នឹង​ចេញ​ថត​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ ដោយ​បាន​កំណត់​យក​តំបន់​ខ្លះនៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង ចិន ជា​ទី​សំចត​ថត​សាច់​រឿង​ទាំង​មូល។ នៅ​កម្ពុជា មាន ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប ​ភ្នំបូកគោ និង​កោះរ៉ុង។ ចំណែក​ឯ​ទីតាំង​ថត​ក្នុង​ប្រទេស​ចិន​វិញ​ត្រូវ​បាន​ជ្រើស​រើស​ខេត្ត​ Teng chongសង្កាត់ Qiao Xiang ក្រុង Kun Ming ខេត្ត អ៊ីនណាន។

កញ្ញា ផាន់ ផាត់ណា ជា​តួឯក​ស្រី បញ្ជាក់​ថា រឿង​នេះ ក្រោយ​ថត​ចប់ និង​ត្រូវ​បញ្ចាំង​នៅ​កម្ពុជា​ផង និង​នៅ​ប្រទេស​ចិន​ផង៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី