សពស្ដេចចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន នឹងតម្កល់រហូតថ្ងៃច័ន្ទ ទើបសម្រេចបូជា
- សៅរ៍, 17 វិច្ឆិកា 2018 05:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សពស្ដេចចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន នឹងតម្កល់រហូតថ្ងៃច័ន្ទ ទើបសម្រេចបូជា
ចន្លោះមិនឃើញ
ពិធីបុណ្យរបស់ព្រឹទ្ធភិរម្យវោហាសាស្ត្រ ប្រាជ្ញ ឈួន បានរៀបចំតាមប្រពៃណី ដោយមានញាតិមិត្តមកចូលរួមជាច្រើន ។ តាមសម្តីក្រុមគ្រួសារ សពរបស់បិតាចាប៉ីដងវែង នឹងតម្កល់រហូតដល់ថ្ងៃច័ន្ទ វេលាម៉ោង ៥ល្ងាច ទើបបូជាតាមប្រពៃណី នៅវត្តបុទុម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោក ប្រាជ្ញ ឆាត ត្រូវជាកូនច្បងរបស់លោកតា ប្រាជ្ញ ឈួន ឲ្យដឹងថា ក្រោយបូជារួច លោកនឹងដង្ហែធាតុ ទៅភូមិសម៉រក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ជាទីកន្លែងកំណើតរបស់ឪពុកខ្លួន។ កូនប្រុសដដែល បន្តថា មុនមរណភាព សុខភាពឪពុកលោក ចាប់ផ្ដើមធ្ងន់ធ្ងរតាំងពីមុនភ្ជុំបិណ្ឌមកម្ល៉េះ ដោយមិនឃ្លានបាយទឹក ហើយវង្វេងវង្វាន់ម្ដងម្កាល ព្រមទាំងមិនអាចងើបខ្លួនឯងបាន លុះត្រាមានអ្នកជួយគ្រា។ អំឡុងពេលនោះ ក្រុមគ្រួសារបាននិមន្តព្រះសង្ឃ២អង្គ សូត្រមន្តចម្រើនព្រះជន្មជូនលោកឪពុក ព្រោះស្ថានភាពលោកកាន់តែធ្ងន់។
ព្រឹទ្ធភិរម្យវោហាសាស្ត្រ ប្រាជ្ញ ឈួន ធ្លាក់ខ្លួនឈឺច្រើនឆ្នាំមកហើយ ដោយជំងឺសួត ជំងឺលើសឈាម និងជំងឺច្រើនមុខទៀត ។ ក្រុមគ្រួសារបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ៥ដងរួចមកហើយ តែដោយសារជំងឺរ៉ាំរ៉ៃនិងវ័យកាន់តែជរា លោកព្រឹទ្ធាចារ្យ បានលាចាកចោលកូនចៅ ដោយមិនបានផ្ដាំផ្ញើរអ្វីជាចុងក្រោយឡើយ។
សម្រាប់បុណ្យសពគម្រប់៧ថ្ងៃរបស់ព្រឹទ្ធាចារ្យ នឹងប្រព្រឹត្តនៅថ្ងៃ ព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ៕