រំភើប​ចិត្ត! សម្រេច​សាង​សង់​រូប​សំណាក​បិតា​ ចាប៉ី​ដង​វែង ​បន្សល់​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ ទុក​​ជាការ​ចង​ចាំ​

  • 2018-11-26 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូប​សំណាក​លោក​តា ប្រាជ្ញ ឈួន ​នឹង​កសាង​ឡើង​ក្នុង​បរិវេណ​វត្ត​សម៉ ​ស្ថិត​ក្នុង​ភូមិ​ស​ម៉រ​ក្រោម ឃុំ​ខ្វាវ ​ស្រុក​ទ្រាំង​ ខេត្ត​តា​កែវ ដែល​ជា​ទី​កំណើត​របស់​បិតា ​ចាប៉ី​ដង​វែង ​រូប​នេះ​ ផ្ទាល់​តែ​ម្ដង។ ​នេះ​បើ​តាម​ការ​អះ​អាង​ពី ​លោក ប្រាជ្ញ ឆាត ​កូន​ប្រុស​ច្បង​របស់​លោក​។

​​មូល​ហេតុ​កសាង​ក្នុង​ទី​តាំង​ខាង​លើ ​ដោយ​សារ​ចង់​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ ​បាន​ចង​ចាំ​និង​ស្គាល់​លោក​តា ប្រាជ្ញ ឈួន ​ជា​ធន​ធាន​មនុស្ស​កម្រ​ផ្នែក​សិល្បៈ​បុរាណ​​ដែល​ពូ​កែ​ថ្វី​មាត់​ច្រៀង​ចាប៉ី​ មាន​ចំណាប់​ជួ​ន​ល្អ ​បង្កប់​ដោយ​ន័យ​អប់រំ ស្ដាប់​មិន​ជិន​ណាយ។ ​​ចំពោះ​​ថ្លៃ​ចំណាយ ​​លើ​ការ​សាង​សង់​ ​ខាង​ក្រសួង​ព័ត៌មាន​ជា​អ្នក​ចាត់​ចែង ​និង​រ៉ាប់​រង​ទាំង​ស្រុង។ ​មក​ទល់​ពេល​នេះ ​កំពុង​សាង​សង់​បាន​ជិត​ ៥០ % ​ហើយ ។ កូន​ប្រុស​ដដែល ​ឲ្យ​ដឹង​ថា ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​ស្ថាបនា​រូប​នេះ​ឡើង ​មាន​តាំង​ពី​លោក​តា ប្រាជ្ញ ឈួន ​នៅ​មាន​ជីវិត​ ​អំឡុង​ពេល​ចាប់​ផ្ដើម​ឈឺ​ធ្ងន់​ម្ល៉េះ ។

​​ថ្វី​ត្បិត​លោក តា ប្រាជ្ញ ឈួន អនិច្ចកម្ម​ទៅ​ហើយ​ក្ដី ​តែ​លោក​បាន​បន្សល់​នូវ​ស្នាដៃ ​គំនិត​អប់​រំ​ជា​ច្រើន​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។ ​លើស​ពី​នេះ ​លោក​តែង​ចូល​រួម​ការងារ​សង្គម ​ក្នុង​ការ​សាង​សង់​សាលា​រៀន ​វត្ត​អារាម ​បូក​រួម​ទាំង​ផ្លូវ​ថ្នល់​ជា​ដើម។ ​លោក​ត្រូវ​បាន​ មហាជន​កោត​សរសើរ​ពី​ថ្វី​មាត់​ច្រៀង​ចាប៉ី តែង​បាន​ភ្លាម​ៗ ​ស្រប​ពេល​កំពុង​លេង​ចាប៉ី ​ថែម​ទៀត។ ​លើស​ពី​នេះ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ឯកឧត្ដម ​ខៀវ កា​ញា​រីទ្ធ ​បាន​ចាត់​ទុក​លោក​ជា អច្ឆរិយបុគ្គល​ផ្នែក​ច្រៀង​ចាប៉ី​ដង​វែង ​ដែល​គ្មាន​អ្នក​ណា​អាច​ផ្ទឹម​បាន​ឡើយ៕​

​​​​

អត្ថបទ៖ លឹម សុនា