នេះជាព្រឹត្តិការណ៍ប្រណាំងឡាន-ម៉ូតូអន្តរជាតិដើម្បីបរិស្ថាននៅកម្ពុជា

  • 2019-05-07 03:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ និង​ក្រសួង​បរិស្ថាន​បាន​រៀប​ចំ​ការ​ប្រកួត​ប្រណាំង​យានយន្ត​ដែល​មាន​គោល​ដៅ​ចម្បង​ក្នុង​ការ​ថែ​រក្សា​​បរិស្ថាន​ និង​ធន​ធាន​ធម្មជាតិ​​នៅ​​ក្នុង​ប្រទេស​កម្ពុជា។

សន្និសីទ​សារព័ត៌មាន (រូបថត​​ផ្តល់​ឲ្យ)

ក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ទី​៦​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ លោក​ ហួរ​ សិទ្ធិគុណ​ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រណាំង​យានយន្ត​ឆ្លង​កាត់​ឧបសគ្គ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ «ព្រៃឡង់»​ នេះ​ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «រួម​គ្នា​ថែ​រក្សា​បរិស្ថាន​ និង​ធន​ធាន​ធម្មជាតិ»។ យាន​យន្ត​ដែល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​អន្តរជាតិ​នេះ​មាន​ក្រុម​ម៉ូតូ​ប្រណាំង​ចំនួន​២០​គ្រឿង និង​ក្រុម​រថយន្ត​២១​គ្រឿង​​ក្នុង​នោះ​មាន​រថយន្ត​របស់​ក្រុម​កីឡាករ​ជាតិ​១៥គ្រឿង​ និង​អន្តរជាតិ​៤​គ្រឿង​ ព្រម​ទាំង​រថយន្ត​ជំនួយ​គ្រឿង​បន្លាស់​២​គ្រឿង។

សន្និសីទ​សារព័ត៌មាន (រូបថត​​ផ្តល់​ឲ្យ)

ជា​មួយ​គ្នា​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​លើក​ឡើង​ថា​ ព្រឹត្តិការណ៍​នេះ​មិន​ត្រឹម​តែ​ឆ្លង​កាត់​ដែន​ជម្រក​សត្វ​ព្រៃ​ ​«​ព្រៃ​ឡង់​»​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ ក្រុម​កីឡាករ​ក៏​នឹង​ឆ្លង​កាត់​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​ចំនួន​ទៀត​ដែរ​ដូច​ជា​ ដែន​ជម្រក​សត្វ​ព្រៃ​ «បឹង​ពែ» ដែន​ជម្រក​សត្វ​ព្រៃ​ «ព្រៃ​ព្រះ​រកា» នៅ​ខេត្ត​ព្រះ​វិហារ​ ហើយ​ពេល​​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​សៀមរាប​ ក្រុម​កីឡាករ​នឹង​ត្រូវ​ឆ្លង​កាត់​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ និង​តំបន់​ការពារ​ធម្មជាតិ​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ផ្នែក​មួយ​សម្រាប់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​សាធារណជន​ ឱ្យ​ចូល​រួម​ថែ​រក្សា​ការពារ​បរិស្ថាន​ និង​ធន​ធាន​ធម្មជាតិ ពិសេស​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ផង​ដែរ។​

សន្និសីទ​សារព័ត៌មាន (រូបថត​​ផ្តល់​ឲ្យ)

តាម​ការ​គ្រោង​ទុក​ ក្រុម​យានយន្ត​ជាតិ​​ អន្តរជាតិ​ និង​ក្រុម​ម៉ូតូ​ត្រូវ​ចេញ​ដំណើរ​​នៅ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ឆ្លង​កាត់​ខេត្ត​៤​រួម​មាន​​គឺ​ចេញ​ពី​ភ្នំពេញ​ទៅ​​កំពង់ធំ​ បន្ត​ទៅ​ខេត្ត​​ព្រះ​វិហារ​​ និង​បញ្ចប់​នៅ​ខេត្ត​សៀមរាប​ ជា​ពិសេស​គឺ​នឹង​ឆ្លង​កាត់​តំបន់​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​«ព្រៃឡង់​។ ចម្ងាយ​សរុប​នៃ​ការ​ប្រណាំង​នេះ​​ជាង​៦២៤​គីឡូ​ម៉ែត្រ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី