មុខស្អាត រាងហំ! Lamborghini Huracán EVO ស៊េរី​ថ្មី​ចេញ​លក់​នៅខ្មែរហើយ

  • 2019-08-03 11:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Lamborghini Huracán EVO ដែល​ជា​រថយន្ត​ដ៏​ទំនើប​ និង​មាន​ភាព​ល្បី​ល្បាញ​ជុំ​វិញ​ពិភព​លោក​ ត្រូវ​បាន​ដាក់​សម្ពោធ​ចេញ​លក់​ជា​ស្ថារ​ពរ​នៅ​ប្រទេស​កម្ពុជា​ហើយ​។ កម្មវិធី​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុមហ៊ុន​ Automobili Lamborghini រួម​គ្នា​ជា​មួយ​ក្រុមហ៊ុន​ HGB Group ដែល​ជា​ក្រុមហ៊ុន​ផ្ដាច់​មុខ​ការ​នាំ​ចូល​និង​ចែក​ចាយ​រថយន្ត​ Lamborghini ប្រចាំ​ប្រទេស​កម្ពុជា។ `

រថយន្ត​នេះ​មាន​ម៉ាស៊ីន​ V10 ចំណុះ 5.2 L ដូច Huracán ជំនាន់​មុន​ ដោយ​ក្រុមហ៊ុន​ Lamborghini បាន​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​ម៉ាស៊ីន​នេះ​ដើម្បី​បង្កើន​កម្លាំង​ពី​ ៦១០​ សេះ ដល់​ ៦៤០ សេះ រួម​ទាំង​មាន​កម្លាំង​បង្វិល​ ៦០០ Nm នៅ​ ៦៥០០​ RPM។ រថយន្ត​នេះ​មាន​ទម្ងន់​ត្រឹម​ ១៤២២ គីឡូក្រាម​ ដែល​មាន​សមាមាត្រ​ទម្ងន់​នឹង​កម្លាំង​ ២.២២ kg/hp នាំ​ឲ្យ​រថយន្ត​អាច​បង្កើន​ល្បឿន​ពី​ ០ទៅ ១០០ km/h ក្នុង​រយៈ​ពេល​ត្រឹម​តែ ២.៩ វិនាទី និង​ ០​ ទៅ​ ២០០km/h ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ៩​ វិនាទី​ប៉ុណ្ណោះ​ ហើយ​មាន​ល្បឿន​លឿនបំផុត​រហូត​ដល់​ ៣២៥ km/h។

Lamborghini Huracán EVO មាន​បច្ចេកវិទ្យា​ Rear-wheel steering និង​ប្រព័ន្ធ​វិចទ័រ​កម្លាំង​បង្វិល​នៅ​លើ​កង់​ទាំង​បួន​ (Four wheel torque vectoring)​។ សកម្មភាព​ទាំង​អស់​របស់​រថយន្ត​នេះ​ គឺ​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ Lamborghini Dinamica Veicolo Integrata (LDVI)។ ប្រព័ន្ធ​នេះ​ឃ្លាំ​មើល​ប្រព័ន្ធ​ All wheel drive ប្រព័ន្ធ​បូម ​និង​ ចង្កូត ដើម្បី​ធ្វើ​ការ​សម្រួល​រថយន្ត​ ស្រប​តាម​ការ​ប្រែ​ប្រួល​នា​ពេល​ខាង​មុខ​ និង​តម្រូវ​ការ​របស់​អ្នក​បើក។

រថយន្ត​នេះ​ក៏​មាន​ប្រព័ន្ធ​ Lamborghini Piattaforma Inerziale (LPI) Versoin 2.0 ដែល​ជា​បណ្ដុំ​​ឧបករណ៍​រង្វាស់​សំទុះ (Accelerometer) និង​ ឧបករណ៍​រង្វាស់​ទិស​ដៅ​ (Gyroscope) ដាក់​នៅ​ចំណុច​កណ្ដាល​នៃ​ទម្ងន់​របស់​រថយន្ត​ (Center of Gravity)។ វា​តាម​ដាន​សកម្មភាព​ រយៈ​ទទឹង​ រយៈបណ្ដោយ និងសំទុះ​ឡើង​ចុះ​របស់​រថយន្ត ដើម្បី​ធ្វើ​ការ​បន្ថយ​​ ឬ​បង្កើន​ភាព​រឹង​នៃ​បូម​ Magnetorheological suspension version 2.0។

ក្រៅ​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ខាង​លើ​នេះ​ រូបរាង​របស់​រថយន្ត​នេះ​មាន​ការ​ប្រែ​ប្រួល​រូប​រាង​ជា​ច្រើន​ដូច​ជា​ កាង​ខាង​មុខ​ថ្មី​ដែល​ធ្វើ​ឲ្យ​Huracán EVO មាន​រាង​ទាប​ និង​បំពុង​បញ្ចេញ​ផ្សែង​ថ្មី។ Lamborghini Huracán EVO នឹង​មាន​ជម្រើស​ពណ៌​ជា​ច្រើន​ និង​មាន​ Option ពណ៌​ពីរ​ក្នុង​ឡាន​មួយ (bi-color)៕

អត្ថបទ៖ សុខ វេងឈាង