Acer ចាប់​ដៃ​ជាមួយ BMSC នាំ​យក​បច្ចេកវិទ្យា​របស់​ខ្លួន​មក​កម្ពុជា

  • 2019-08-09 07:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ២០១៩ មាន​ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខា​ចាប់​ដៃ​គូ​រវាង​ក្រុមហ៊ុន Acer និង​ BMSC ​។ Acer ជា​ក្រុមហ៊ុន​ល្បីល្បាញ​ដែល​មាន​ចំណាក់​ថ្នាក់​លេខ ​៤ លើ​ពិភពលោក​ក្នុង​វិស័យ​ឧស្សាហកម្ម​កុំព្យូទ័រ និង​ក្រុមហ៊ុន BMSC ​ដែល​មាន​បទពិសោធន៍​ជាង​ ១០ ឆ្នាំ ខាង​នាំ​ចូល​និង​ចែក​ចាយ​​ផលិតផល​​និង​សេវាកម្ម​បច្ចេកវិទ្យា​ផ្សេងៗ​ នៅ​ប្រទេស​កម្ពុជា។ ការ​សហការ​នេះ​គឺ​ ដើម្បី​នាំ​មក​បច្ចេកវិទ្យា​និង​ផលិតផល​របស់​ Acer មក​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​កម្ពុជា។

លោក Alan Chiang ​ថ្នាក់​ដឹក​នាំ​​ប្រចាំ​ក្រុមហ៊ុន​ Acer បាន​លើក​ឡើង​​ថា៖ “ Acer មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ភាគ​ច្រើន​គ្រាន់​តែ​ជា​ការ​លក់​ប្រភេទ​ផលិតផល Consumer Product តាម​ហាង​ប៉ុណ្ណោះ មិនមែន​ជា​ការ​លក់​ប្រភេទ​ផលិតផល Commercial Product ដែល​ជា​ផលិតផល​ផ្លូវ​ការ​ពី​ក្រុមហ៊ុន​នោះ​ទេ​។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​មាន​​ការ​រីក​ចម្រើន​យ៉ាង​រហ័ស​ ដែល​ទាក់ទាញ​ការ​វិនិយោគ​ជាច្រើន​ពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ​ ​ហើយ Acer បាន​ឃើញ​ថា​តម្រូវ​ការ​ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា​ពី​ប្រព័ន្ធ​អប់រំ រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​មាន​ការ​ផ្ទុះ​ឡើង​ខ្លាំង​។ ដូចនេះ Acer ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ផ្គត់ផ្គង់​ឈាន​មុខ​មួយ​នៅ​ប្រទេស​កម្ពុជា"​។

លោក​​​បន្ត​ថា ការ​សហការ​ជាមួយ BMSC ក្រុមហ៊ុន​ Acer នឹង​នាំ​យក​មក​នូវ​ផលិតផល​របស់​ខ្លួន ជា​ប្រភេទCommercial Product ដូចជា Travel Mate, Switch series, Veriton desktop series, Veriton N series, Monitors, Projectors, Workstation, Server, Storage និង Enterprise solutions ជាច្រើន​ទៀត​​មក​លក់​នៅ​ទីផ្សារ​កម្ពុជា ហើយ​អាច​ផ្តល់​ជា​សេវាកម្ម​ផ្សេងៗ​ដល់​អ្នក​ប្រើប្រាស់។

​ជាមួយ​គ្នា​នេះ លោក អាន ឌីណា ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន BMSC ថ្លែង​ថា៖ "ការ​ប្រព្រឹត្តិ​កម្មវិធី​នេះ​គឺ​ធ្វើ​ឡើង ដើម្បី​ប្រកាស​ឲ្យ​អតិថិជន​កម្ពុជា​ដឹង​ថា នៅ​ពេល​ធ្វើ​ការ​ទិញ​ផលិតផល​ណា​មួយ​របស់​ Acer ពី​ក្រុមហ៊ុន BMSC គេ​នឹង​ទទួល​បាន​គុណសម្បត្តិ​ដូចជា ការ​ធានា​រាប់​រង ៣ ឆ្នាំ គុណភាព​ល្អ ​សេវាកម្ម​ល្អ​និង​រហ័ស​ទាន់​ចិត្ត។ វា​ក៏​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​អតិថិជន​ពេល​ទិញ​ផលិតផល​ពី​​ប្រភព​ច្បាស់លាស់​ ហើយ​បើ​ផលិតផល​របស់​ Acer មាន​បញ្ហា​ណា​មួយ​ គេ​អាច​យក​មក​ជួសជុល​បាន​នៅ​ service center (BMSC) បាន"។

នា​ចុង​បញ្ចប់​លោក​​បាន​បញ្ជាក់​ប្រាប់​​អតិថិជន​ទាំង​អស់​គ្នា​ថា បើ​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ​ផលិតផល​ណា​មួយ​របស់​ Acer គេ​អាច​មក​ជាវ​នៅ ​BMSC ដើម្បី​ទទួល​បាន​នូវ​ធានា​រ៉ាប់​រង​ ៣​ឆ្នាំ និង​សេវាកម្ម​ទាន់​ចិត្ត​៕

 

អត្ថបទ៖ អ៊ឹម ដេវីដ