Galaxy Note 10 មាន​ចំណុច​ណាខ្លះ​ខ្លាំង​ជាង​ Note 9?

  • 2019-08-09 08:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ Samsung បាន​បញ្ចេញ​កំពូល​ទូរសព្ទ​ពីរ​របស់​ខ្លួន​គឺ Galaxy Note 10 និង​ Note 10 Plus ​ហើយ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ទៅ​លើ​រចនាបថ​និង​សមត្ថភាព​ដ៏​ខ្លាំង​របស់​វា។ ដូចនេះ​ហើយ​តើ​ Note 10 និង 10 Plus មាន​លក្ខណៈ​ពិសេស​ជាង​ Note 9 ដូចម្តេច​ខ្លះ?

១. អេក្រង់​ធំ ប៉ុន្តែ​រូបរាង​តូច

នៅ​ឆ្នាំ​នេះ​ ត្រកូល​ Note មាន​ដល់​ទៅ​ពីរ​ជម្រើស ដែល​ Note 10 មាន​អេក្រង់ ៦,៣ អ៊ីញ និង Note 10 Plus មាន​អេក្រង់ ៦,៨ អ៊ីញ​។ អ្វី​ដែល​ពិសេស​នោះ Note 10 ទាំង​ពីរ​ស្ទើរ​តែ​ពុំ​មាន​គែម​នៅ​ខាង​មុខ ដែល​ធ្វើ​ឲ្យ​ទូរសព្ទ​ទាំង​ពីរ​នេះ​មាន​​ប្រហាក់​ប្រហែល​នឹង Note 9 ដែរ ដែល​មាន​ទំហំ​អេក្រង់​ត្រឹម​តែ ៦,៤ អ៊ីញ។

បញ្ជាក់ដែរថា Note 10 មាន​កម្រិតបង្ហាញរូបភាពទាបជាង Note 9 (FHD+ ធៀប​នឹង QHD+) ចំណែក Note 10 Plus នៅបន្តប្រើ​អេក្រង់ដែលអាចបង្ហាញរូបភាពម្រិត QHD+ ដដែល។

២. កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន

Note 10 ទាំង​ពីរ​នេះ​ ភ្ជាប់​មក​ជាមួយ​បន្ទះ​ឈីប Snapdragon 855Exynos 9825 ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ស៊េរី​មុន​(Snapdragon 845 ឬ Exynos 9810 ) ប្រហែល​ជា ៣០ ភាគរយ ។ Note 9 មាន​រ៉េម​ផ្តើម​ពី ៦ GB ឯ Note 10 ពី ៨ GB ។

៣. ស៊ី​ថ្ម​តិច​ជាង​មុន

Note 9 មាន​ទំហំ​ថ្ម ៤០០០ mAh ឯ​ Note 10 មាន​ទំហំ​ថ្ម ៣៥០០ mAh ប៉ុន្តែ​ដោយ​សារ Note 10 ប្រើប្រាស់​បន្ទះ​ឈីប​ថ្មី​មាន​ទំហំ ៧ nm ដែល​ស៊ី​ថ្ម​តិច​ជាង​ Note 9 ប្រើ​ឈីប​ទំហំ ១០ nm ដូចនេះ​ថ្ម​ទូរសព្ទ​ទាំង​ពីរ​គឺ​អាច​ប្រហាក់​ប្រហែល​គ្នា​។ ចំណែក​ Note 10 Plus វិញ មាន​ទំហំ​ថ្ម​ទៅ​ដល់ ៤៣០០ mAh អាច​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ថ្ងៃ​ពេញ​គ្មាន​បញ្ហា​។

៤. សាក​លឿន​ជាង​មុន

Note 10 និង Note 10 Plus ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ដល់ ២៥ W ឯ​ Note 9 ត្រឹម​តែ ១៨ W ប៉ុណ្ណោះ​។ ប៉ុន្តែ​Note 10 Plus អាច​សាក​បាន​លឿន​រហូត​ទៅ​ដល់ ៤៥ W (៧០ ភាគរយ​ក្នុង​រយៈពេល ៣០ នាទី) ពេល​ប្រើ​ជាមួយ​នឹង​ឆ្នាំង​សាក​ ដែល​ដាក់​លក់​ផ្សេង​ ពុំ​ភ្ជាប់​មក​ក្នុង​ប្រអប់​ឡើយ​។

៥. កាមេរ៉ា​

Note 9 ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ភ្លោះ (១២ MP ប្រភេទ​ធម្មតា ​និង​ ១២ MP ប្រភេទ​ Telephoto) ។ ចំណែក​ Note 10 មាន​កាមេរ៉ា​ក្រោយ ៣ គ្រាប់ (១៦ MP ប្រភេទ Ultra-Wide, ១២ MP ប្រភេទ​ធម្មតា និង ១២ MP ប្រភេទ Telephoto) ហើយ​លើ Note10 Plus មាន​ ៤ គ្រាប់ មាន​​​លើស​នូវ​កាមេរ៉ា​វាស់​ជម្រៅ​ ToF ។

៦. មុខងារ​បន្ថែម​ទៅ​លើ​ S-Pen

Note 9 នាំ​មុខងារ​ Bluetooth មក​ S-Pen ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​នៅ​ពេល​ថត​រូប​និង​ដំណើរ​ការ​មួយ​ចំនួន​​ ដោយ​មិន​បាច់​ប៉ះ​អេក្រង់​។ Samsung បាន​បន្ថែម​មុខ​ថ្មីៗ​ជា​ច្រើន​​ទៀត​ទៅ​លើ​ S-Pen របស់​ Note 10 ដូចជា​ បញ្ជា​លើ​មុខងារ​ផ្សេងៗ​ក្នុង​កាមេរ៉ា​៕

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ