ធន់​ សុភា៖​ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ Dieselek​ ចំណុច​ពូកែ​បំផុត​នោះ​គឺ​បិទ​ការពារ​

  • 2019-08-16 06:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ប្រចាំ​សមាគម​ក្រសួង​ការពារ​ជាតិ​ ធន់​ សុភា​ ថា​កីឡាករ​ថៃ​ដែល​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២០១៧​ Dieselek​ ដៃគូ​របស់​ ម៉ឺន​ សុភា​ ត្រូវ​ប្រកួត​គ្នា​ថ្ងៃ​អាទិត្យ​នេះ​ គឺ​ល្អ​បិទ​ការពារ​ចំណែក​ស្នៀត​ដទៃ​ទៀត​មិន​សូវ​ប៉ុន្មាន​ទេ។​

លោកគ្រូ ធន់ សុភា

គ្រូ​ប្រដាល់​ល្បីឈ្មោះ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​បុក​បង្ហាត់​ ម៉ឺន​ សុភា​ ខ្លាំង​ផ្ដោត​លើ​កម្លាំង​ស៊ុហ្វ​ កម្លាំង​កាយ​នេះ​តែ​ម្ដង​ដើម្បី​ត្រៀម​ការ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ Dieselek។​ កីឡាករ​ថៃ​គេ​ល្អ​បិទ​បែប​នេះ​ ម៉ឺន​ សុភា​ ត្រូវ​ចូល​វ៉ៃ​បំបែក​ឃុំ​ កាល​ណា​វ៉ៃ​បែក​ឃុំ​បាន​ហើយ​នោះ​កូន​សិស្ស​របស់​លោក​អាច​វ៉ៃ​យក​ពិន្ទុ​ ឬ​វ៉ៃ​យក​ឈ្នះ​បាន។​

កីឡាករ ម៉ឺន សុភា ពេលហាត់

តាម​បទ​ពិសោធ​លោក​ជា​គ្រូ​ប្រដាល់​ម្នាក់​មើល​ឃើញ​ថា​ Dieselek​ ល្អ​តែ​បិទ​ការពារ​នោះ​ទេ​ កណ្ដាប់ដៃ​ ការ​ទាត់​គឺ​មិន​សូវ​ធ្ងន់​នោះ​ឡើយ។​ កីឡាករ​បើ​បិទ​បាន​ល្អ​ ខណៈ​អ្នក​វ៉ៃ​មួយ​ចំនួន​វ៉ៃ​គេ​មិន​ទៅ​អាច​បាក់​ខ្លួន​ឯង​ ឬ​អស់​ស៊ុហ្វ​ខ្លួន​ឯង​ទៅ​ហើយ​ចាញ់​តែ​ម្ដង​ ប៉ុន្តែ​យ៉ាងណា​មិញ​លោក​គ្រូ​ ធន់​ សុភា​ បាន​ប្រាប់​ពី​របៀប​វ៉ៃ​ដល់​ ម៉ឺន​ សុភា​ រួច​រាល់​ហើយ។​

កីឡាករ ម៉ឺន សុភា ពេលហាត់

គ្រូ​ប្រដាល់​ឆ្នើម​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​រវាង​ ម៉ឺន​ សុភា​ និង​ Dieselek​ នេះ​បើ​វ៉ៃ​៥ទឹក​គឺ​ល្អ​មែនទែន​សម្រាប់​កូន​សិស្ស​របស់​លោក​ ព្រោះ​អី​វ៉ៃ​៣ទឹក​ចូល​ទៅ​ វ៉ៃ​យក​ៗ​តែ​ម្ដង​ ដូច្នេះ​មិន​សូវ​បាន​ចេញ​អាវុធ​ធ្ងន់​នោះ​ទេ។​ លោក​គ្រូ​ ក៏​សំណូមពរ​ដល់​អ្នក​ចូលចិត្ត​គុន​ខ្មែរ​ទាំង​ សូម​គាំទ្រ​ទាំង​ពេល​ឈ្នះ​ និង​ចាញ់​ ហើយ​កុំ​រិះគន់​បែប​ជាន់​ពន្លិច​ រិះគន់​ដើម្បី​កីឡាករ​រីកចម្រើន​ទៅ​មុខ​ទៀត។​ ការ​រិះគន់​ខុស​ទំនង​ វា​ធ្វើ​ឲ្យ​កីឡាករ​បាក់ទឹកចិត្ត​ ពេល​ខ្លះ​បោះបង់​ចោល​ប្រដាល់​ថែម​ទៀត​ផង។​

កម្មវិធីប្រកួត

រំលឹក​ដែរ​ថា​ កីឡាករ​កម្ពុជា​ ម៉ឺន​ សុភា​ ធ្លាប់​ចាញ់​ពិន្ទុ​អ្នក​លេង​គុន​ថៃ​ Dieselek​ ម្ដង​ហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ីហ្គេម​ ២០១៧​ នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ ដោយ​អ្នក​ឈ្នះ​បាន​មេដាយ​មាស​ និង​អ្នក​ចាញ់​បាន​មេដាយ​ប្រាក់។​ នៅ​ថ្ងៃ​អាទិត្យ​ ទី១៨​ ខែ​សីហា​ ២០១៩​ នេះ​ពួកគេ​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​ម្ដង​ទៀត​លើ​ទឹក​ដី​ថៃ​ ក្នុង​កម្មវិធី​ Super Cham​ ជា​គូ​ឯក​ទៀត​ផង។​ ចំណែក​លោក​គ្រូ​ ធន់​ សុភា​ ក៏​បាន​បើក​ឡាន​ជូន​ ម៉ឺន​ សុភា​ ដល់​ក្រុង​ប៉ោយប៉ែត​ ព្រំដែន​ខ្មែរ-ថៃ​ ផង​ដែរ​កាល​ពី​យប់​មិញ​នេះ​ ដើម្បី​កុំ​ឲ្យ​សិស្ស​របស់​លោក​ពុល​ឡាន៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​