ត្រឹម​ជា​អ្នក​រោងចក្រ​ប៉ុណ្ណោះ​ តែ​ចិត្ត​ល្អ​ផ្ដល់​ថវិកា​លើក​ទឹក​ចិត្ត​កីឡាករ​ថែម​ទៀត​ផង​

  • 2019-09-08 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ អែម​ ពឿន​ មាន​មុខរបរ​ត្រឹម​ជា​កម្មករ​រោងចក្រ​ប៉ុណ្ណោះ​ តែ​មាន​សន្ដានចិត្ត​​ល្អ​ ស្រឡាញ់​គាំទ្រ​វិស័យ​ប្រដាល់​ខ្លាំង​ ឃើញ​កីឡាករ​ ម៉ឺន​ សុភា​ ឈ្នះ​ថៃ​ម្សិលមិញ​នៅ​បាយ័ន​ ដក​លុយ​ ១ម៉ឺនរៀល​ឧបត្ថម្ភ​លើក​ទឹក​ភ្លាម។​

លោក​ អែម​ ពឿន​ អាវក្រហម

បុរស​វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​ជួយ​ឧបត្ថម្ភ​ម្សិលមិញ​នេះ​មិន​ជា​ច្រើន​នោះ​ទេ​ គឺ​ធ្វើ​តាម​លទ្ធភាព​របស់​ខ្លួន។​ នេះ​ជា​ការ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ពួកគេ​រឹតតែ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ត​ទៀត។​

លោក​ អែម​ ពឿន​

អ្នក​ខេត្ត​តាកែវ​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ពិត​ជា​ចូលចិត្ត​លើ​វិស័យ​កីឡា​ប្រដាល់​នេះ​ខ្លាំង​ ក្នុង​១​សប្ដាហ៍​មក​មើល​ផ្ទាល់​បាន​៣ដង​ឯណោះ​ បន្ទាប់​ពី​ចេញ​ពី​ធ្វើ​ការ​រោងចក្រ។​ លោក​សប្បាយ​ចិត្ត​ខ្លាំង​ ដោយ​មួយ​រយៈពេល​ថ្មីៗ​នេះ​ ឃើញ​មាន​អ្នក​មក​ទស្សនា​ចូលរួម​ឧបត្ថម្ភ​កីឡាករ​បាន​ច្រើន​បន្ទាប់​ពី​អ្នក​ប្រដាល់​កម្ពុជា​ប្រកួត​ចប់។​ ទន្ទឹង​និង​នេះ​ទៀត​នោះ​ នៅ​ពេល​ឃើញ​កីឡាករ​ជួប​ទុក្ខ​លំបាក​ក្រុម​អ្នក​ទស្សនា​ប្រដាល់​នៅ​បាយ័ន​តែង​ផ្ដល់​ថវិកា​តាម​លទ្ធភាព​ផង​ដែរ។​

ម៉ឺន សុភា និង​ថៃ

លោក​ អែម​ ពឿន​ ក៏​សំណូមពរ​ដល់​អ្នក​គាំទ្រ​ផ្សេងៗ​ទៀត​ដែរ​ សូម​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ កីឡា​ការិនី​ផង​ ជា​ពិសេស​ពេល​ពួកគេ​ប្រកួត​ជា​មួយ​បរទេស​ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ប្រដាល់​ទាំង​នោះ​មាន​ចិត្ត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត។​

ម៉ឺន សុភា ពេលឈ្នះថៃ

រំលឹក​ដែរ​ថា​ លោក​ អែម​ ពឿន​ ជា​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​ម្នាក់​ដែល​មក​មើល​ការ​ប្រកួត​ផ្ទាល់​ម្សិលមិញ​នេះ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។​ លោក​បាន​ឧបត្ថម្ភ​ប្រាក់​១ម៉ឺន​រៀល​ដល់​ ម៉ឺន​ សុភា​ ផង​ដែរ​ក្រោយ​រូប​គេ​ឈ្នះ​ថៃ​ទឹក​២។​ នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ ដែល​បុរស​ចិត្ត​ល្អ​រូប​នេះ​បាន​ផ្ដល់​ថវិកា​លើក​ទឹក​ចិត្ត​កីឡាករ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​