សេដ្ឋី​មាន​បំផុត​នៅ​អាស៊ី បុក​លុយ​ទាំង​ពាន់​លាន​ដុល្លារ ជួយ​ឥណ្ឌា​ផ្តួល Amazon របស់​អាមេរិក

  • 2020-01-02 01:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ប្រចាំ​តំបន់​អាស៊ី​គឺ​លោក Mukesh Ambani បាន​នឹង​កំពុង​បង្ហាញ​មហិច្ឆតា​ដ៏​ធំ​មួយ លើ​គោលដៅ​បណ្តាក់​ទុន​ជួយ​ជ្រោមជ្រែង​ឲ្យ​ក្រុមហ៊ុន​លក់​ទំនិញ Online របស់​ប្រទេស​ឥណ្ឌា អាច​ផ្តួល​ក្រុមហ៊ុន Amazon របស់​សហរដ្ឋអាមេរិក។

ស្ថាបនិក​ក្រុមហ៊ុន Reliance Industries ដែល​សព្វថ្ងៃ​កំពុង​កាន់​តំណែងជា​អ្នក​មាន​ទ្រព្យ​ច្រើន​បំផុត​លំដាប់​ទី ១១ (សកលលោក) និង​លំដាប់​ទី ១ នៅ​អាស៊ី បាន​ចាប់​សាកល្បង​ដំណើរការ​នូវ​ប្រព័ន្ធ​លក់​ទំនិញ​ Online មួយ​ឲ្យ​ឈ្មោះ​ថា JioMart ដែល​ដំណាក់កាល​ដំបូង​មាន​ទំនិញ​ប្រមាណ ៥០ ០០០ មុខ និង​ទទួល​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​ទៅ​កាន់​អតិថិជន​ដែល​ស្ថិត​នៅ​តំបន់​ទាំង​បី​ជុំវិញ​ទីក្រុង Mumbai។

ក្រុមហ៊ុន​បាន​បង្ហើប​ពី​គម្រោង​បណ្ដាក់​ទុន​ប្រមាណ ២៤ ពាន់​លាន​ដុល្លារ ដើម្បី​កៀរគរ​បណ្ដា​ហាង​លក់​រាយ​តូចៗ​ទាំង​អស់​នៅ​ឥណ្ឌា ដែល​មាន​ប្រមាណ ៩០ ភាគរយ​នៃ​បណ្តា​ហាង​លក់​រាយ​សរុប​ឲ្យ​មក​ចូលរួម​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាមួយ​នឹង​ក្រុមហ៊ុន​ខ្លួន លើ​ឆន្ទៈ​រំពឹង​នឹង​ផ្តួល​សេវាកម្ម​ Flipkart Online របស់​ក្រុមហ៊ុន Walmart ក៏​ដូច​ជា Amazon.com របស់​អាមេរិក​នៅ​ឆ្នាំ ២០២៧ ជាមួយ​ប្រតិបត្តិការ​ទឹក​ប្រាក់​ប្រមាណ ២០០ ពាន់​លាន​ដុល្លារ។

លោក Ambani បាន​ថ្លែង​ថា៖ "ភាព​ជា​ដៃ​គូ​ដែល​គាំទ្រ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​ផ្សារភ្ជាប់​រវាង​ក្រុមហ៊ុន​ផ្គត់ផ្គង់ ពាណិជ្ជករ ហាង​លក់​តូចៗ និង​អ្នក​ប្រើប្រាស់ ហើយ​បន្ទាប់​ពី​ការ​សាកល្បង​ជាមួយ​ហាង​លក់​រាប់​ពាន់​នៅ​ទូទាំង​ប្រទេស យើង​ក៏​ត្រៀម​ខ្លួន​រួចរាល់​នឹង​បង្កើត​នូវ​វេទិកា​ខ្នាត​យក្ស​ដ៏​ធំ​មួយ"។

គួរ​រំឭក​ថា Reliance Industries ក៏​ជា​ក្រុមហ៊ុន​មេ​របស់ Reliance Jio Infocomm បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៦ ហើយ​បច្ចុប្បន្ន​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ឥត​ខ្សែ​លំដាប់​ទី ១ នៅ​ឥណ្ឌា មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៣៥០ លាន​នាក់ ហើយ​ក៏​រាប់​ចូល​ជា​ក្រុមហ៊ុន​លំដាប់​ទី ២ របស់​ពិភពលោក​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា