ឡានភីកអាប់ Mazda BT-50 ឆ្នាំ ២០២១ បង្ហាញរូបរាងថ្មីជាផ្លូវការ

  • 2020-06-17 07:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mazda បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត BT-50 ស៊េរី​ឆ្នាំ ២០២១ ដែល​​ប្រើ​ប្រាស់​នូវ​ការ​ឌីហ្សាញ​ថ្មី ​ មាន​លក្ខណៈ​ស្រដៀង​នឹង​រថយន្ត​ថ្មីៗ​ដែល Mazda បាន​បង្ហាញ​ចេញ​កន្លង​មក​ដែរ។

នៅ​ផ្នែក​ខាង​មុខ​មាន​​​អំពូល​ភ្លើង​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​រថយន្ត​ Mazda ដទៃ​ទៀត​ ជា​ពិសេស​គឺ Mazda CX-5 តែ​ម្ដង។ ទន្ទឹម​នឹង​នេះ​ក៏​បំពាក់​នូវ​រន្ធ​ខ្យល់​រចនាបថ​ថ្មី ដែល​មាន​ក្រូម៉េ​យ៉ាង​​ភ្លឺ​រលោង​ផង​ដែរ។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​ឲ្យ​មើល​ទៅ​កាន់​តែ​ទាន់​សម័យ ប៉ុន្តែ​ហាក់​មិន​លេច​ធ្លោ​ខុស​ពី​រថយន្ត​ភីកអាប់​ដទៃ​ទៀត​ឡើយ។

ចូល​ដល់​ផ្នែក​ខាង​ក្នុង​ ឃើញ​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ដែល​មើល​ទៅ​ពោរពេញ​ដោយ​ប្រណីតភាព​ជាង​មុន។ វា​មាន​បំពាក់​ដោយ​ចង្កូត​ដែល​មាន​រចនាបថ​ជា​បី​ពណ៌ ហើយ​មាន​អេក្រង់​កម្សាន្ត​ទំហំ​ធំ​ដែល​គាំទ្រ​នូវ Apple CarPlay និង Android Auto។

Mazda បាន​សហការ​ជា​មួយ Isuzu ដើម្បី​ផលិត​រថយន្ត BT-50 ថ្មី​នេះ ដែល​មាន​ន័យ​ថា​វា​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា Isuzu D-Max ខុស​ពី BT-50 ស៊េរី​មុន​ដែល​ប្រើ​គ្រោង​ឆ្អឹង​ជា​មួយ​គ្នា​នឹង Ford Ranger។ ថាមពល​របស់​វា​បាន​ពី​ម៉ាស៊ីន​ម៉ាស៊ូត​ ៣,០លីត្រ ដែល​មាន​កម្លាំង ១៨៨សេះ ហើយ​វា​មាន​សមត្ថភាព​សណ្ដោង​​បាន​ទម្ងន់ ៣៥០០ គីឡូក្រាម និង​ផ្ទុក​បាន​ទម្ងន់​ដល់ ១០០០គីឡូក្រាម​ផង​ដែរ។

មុខងារ​សុវត្ថិភាព​មួយ​ចំនួន​ដែល​មាន​មក​ជា​មួយ​​រថយន្ត​ស្រាប់​មាន​ដូច​ជា​ Adaptive Cruise Control, Auto Emergency Braking, Lane Keep Assist, Blind Spot Monitoring និង​ Rear Cross Traffic Alert ផង​ដែរ។ ការ​ចេញ​លក់​រថយន្ត BT-50 ឆ្នាំ ២០២១ នៅ​អូស្ត្រាលី នឹង​ចាប់​ផ្ដើម​នា​ចុង​ឆ្នាំ​នេះ ដោយ​តម្លៃ​លក់​នឹង​បង្ហាញ​នា​ពេល​ក្រោយ៕​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី