សោភា ទេពី ចង់សម្រេចបំណងធំមួយនៅអាយុ១៨ឆ្នាំ
- 2020-06-25 06:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោភា ទេពី ចង់សម្រេចបំណងធំមួយនៅអាយុ១៨ឆ្នាំ
ចន្លោះមិនឃើញ
តារាចម្រៀងដែលនិយមCover ឬច្រៀងឡើងវិញនូវបទមរតកដើម កញ្ញា សោភា ទេពី បានចូលហ្វឹកហាត់ក្បាច់គុនល្បុក្កតោខ្មែរនាពហុកីឡាដ្ឋានស្ដាតចាស់ ខណៈដែលនាងក៏មមាញឹកណាស់ដែរជាមួយនឹងអាជីពសិល្បៈ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងឆ្ងល់ ថាតើទេពី ចង់ជោគជ័យលើវិស័យអ្វីមួយឲ្យពិតប្រាកដ បានជាទៅហាត់ក្បាច់គុនវិញ? ទេពី ស្រាយចម្ងល់នេះតាមរយៈ Sabay នៅថ្ងៃនេះ។
សោភា ទេពី ដែលពេលនេះមានវ័យ១៧ឆ្នាំហើយនោះ ចង់ក្លាយជាមន្ត្រីយោធាម្នាក់នៅក្នុងអាយុ១៨ឆ្នាំ។ ដូច្នេះការពង្រឹងសមត្ថភាពផ្លូវកាយ និងផ្លូវចិត្តតាមរយៈការហាត់ក្បាច់គុនល្បុក្កតោខ្មែរ គឺជារឿងចាំបាច់បំផុតមុននឹងឈានចូលប្រឡូកក្នុងវិស័យយោធា។ នាងបង្ហើបថា ឆ្នាំក្រោយនាងនឹងប្រឡងចូលក្របខណ្ឌមន្ដ្រីយោធាដើម្បីបំពេញបំណងរបស់ខ្លួនដែលស្រឡាញ់ និងចង់បម្រើជាតិតាំងពីក្មេងមកនោះ។
សោភា ទេពី៖ "ខ្ញុំចង់ធ្វើជាទាហានដោយសារការងារទាហានចេញមករឹងមាំ ជួយប្រទេសជាតិ ហើយណាមួយប៉ាខ្ញុំក៏ជាទាហាន ខ្ញុំមានបងប្អូនជាទាហានច្រើនណាស់ តែគ្រាន់តែថាឥឡូវខ្ញុំអត់ទាន់គ្រប់អាយុ"។
តារាចម្រៀងស្រីមាឌធំ សំឡេងពីរោះរូបនេះ បញ្ជាក់ថា បើទោះបីជានាងក្លាយទៅជាអ្វីក៏ដោយ ក៏នាងមិនបោះបង់អាជីពជាអ្នកសិល្បៈដែរ ព្រោះនាងយល់ថាបើនាងមានមុខរបរលើសពីមួយ នោះទៅថ្ងៃអនាគតនឹងល្អ។
សោភា ទេពី ត្រូវបានមហាជនទទួលទឹកដមសំឡេង និងកាយវិការដ៏ល្វតល្វន់របស់នាងនៅក្នុងស្ដូឌីយោ បន្ទាប់ពីនាងបានផលិតបទចម្រៀងច្រៀងដោយខ្លួនឯងផង និងច្រៀងCoverបទមរតកដើមជាច្រើនបទផង។ បទចម្រៀងទាំងនេះ នាងយកទៅបង្ហោះនៅលើ Chanel Youtube ផ្ទាល់ខ្លួន។
ម្យ៉ាងនាងក៏ធ្លាប់មានឱកាសបានឡើងលើកញ្ចក់ទូរទស្សន៍ដែរក្នុងកម្មវិធីប្រឡង Cambodia Idol រដូវកាលទី៣ កាលពីឆ្នាំ២០១៧ ដែលធ្វើឲ្យនាងល្បីមួយកម្រិតទៀត៕