មូលនិធិទឹកប្រាក់ ១លានដុល្លាររបស់ Smart Axiata ប្រឆាំងកូវីដ ប្រកាសគាំទ្រគម្រោងថ្មី ២ ថែមទៀត

  • 2020-09-05 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata បានប្រកាសថា ក្រុមហ៊ុនបានផ្ដល់ជំនួយមូលនិធិបន្ថែមទៀត ពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងកូវីដ១៩ របស់ខ្លួន ដល់គម្រោងចំនួនពីរ ក្នុងគោលបំណងជួយប្រជាពលរដ្ឋកម្ពុជាទប់ទល់ នឹងផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ដោយសារតែជំងឺរាតត្បាតកូវីដ១៩។

អង្គការវឌ្ឍនភាពសហគមន៍ (Community Advancement Organization) ជាអង្គការមួយដែលជួយកសិករចំនួនជាង ៤៥០ គ្រួសារឲ្យត្រៀមខ្លួនបន្ថែមក្នុងរបរកសិកម្ម នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង នឹងបានចូលក្នុងបញ្ជីឈ្មោះស្ថាប័ន ដែលទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ ដើម្បីប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Smart។

ស្ថាប័នមួយទៀតដែលទទួលបានជំនួយពីមូលនិធិនេះ គឺអង្គការ ចិត្តសង្គមអន្តរវប្បធម៌ (Transcultural Psychosocial Organization) ដែលមានបំណងផ្ដល់សេវាប្រឹក្សាពិគ្រោះយោបល់សុខភាពផ្លូវចិត្តដល់ក្រុមងាយរងគ្រោះនៅក្នុង ខេត្តបន្ទាយមានជ័យ។

ជាមួយនឹងការផ្ដល់ជំនួយមូលនិធិដល់គម្រោងថ្មីចំនួន ២ បន្ថែមទៀត នៅពេលនេះ មូលនិធិដើម្បីប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Smart បានកំពុងជួយគាំទ្រដល់គម្រោងចំនួន ១១ ផ្សេងៗគ្នា ដែលគម្រោងទាំងនោះមានគោលដៅជួយទ្រទ្រង់ដល់ប្រជាពលរដ្ឋកម្ពុជានៅអំឡុងពេលនៃស្ថានភាពលំបាកនេះ។

លោក ឥន ផាន្នី គ្រូកសិកម្មនៃ អង្គការវឌ្ឍនភាពសហគមន៍ ដែលបណ្ដុះបណ្ដាលកសិករនៅក្នុងខេត្តស្វាយរៀង និងជួយបង្កើនជំនាញដល់កសិករទាំងនោះ បានមានប្រសាសន៍ថា៖ «មូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងកូវីដ១៩ របស់ ក្រុមហ៊ុន Smart Axiata កំពុងជួយផ្ដល់ឱកាសសេដ្ឋកិច្ចដល់ក្រុមគ្រួសារប្រជាពលរដ្ឋតាមទីជនបទ ដែលក្នុងនោះមានអ្នកខ្លះបាត់បង់ការងារ ដោយសារតែវីរុសកូវីដ១៩។ មូលនិធិនេះមិនត្រឹមតែផ្ដល់លទ្ធភាពដល់ក្រុមគ្រួសារទាំងនោះឲ្យអាចផលិតចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទ្រទ្រង់ដល់ប្រាក់ចំណូលគ្រួសាររបស់គេផងដែរ។»

អង្គការវឌ្ឍនភាពសហគមន៍ ក៏ផ្ដល់ជាពូជដំណាំ និងសត្វចិញ្ចឹមយកសាច់ ដើម្បីជួយកសិករបង្កើនទិន្នផលផលិតកម្មរបស់ខ្លួនផងដែរ។

វេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការចិត្តសង្គមអន្តរវប្បធម៌ បានឲ្យដឹង​ថា៖ «ជំងឺកូវីដ១៩ គឺជាករណីដែលអាចប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង។ ជំងឺនេះប៉ះពាល់មកលើមនុស្សគ្រប់គ្នានៅលើភពផែនដី ដោយពុំគិតពីភេទ ជាតិសាសន៍ ឬសាសនាឡើយ។ ជំងឺរាតត្បាតនេះបានបង្កឲ្យមានការភ័យខ្លាច ភាពមិនច្បាស់លាស់ និងទុក្ខព្រួយសម្រាប់មនុស្សជាច្រើន មិនថាក្នុងលក្ខណៈណានោះទេ។ សម្រាប់ប្រជាជនដែលងាយរងគ្រោះ ក្ដីបារម្ភ និងទុក្ខព្រួយបែបនេះអាចបង្កឲ្យមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរបាន»។

វេជ្ជបណ្ឌិត សុធារ៉ា បានបន្ថែមថា៖ « នៅពេលយើងប្រឈមជាមួយស្ថានភាពលំបាកដូច្នេះ មិនមែនមានតែសុខភាពផ្លូវកាយតែមួយមុខទេ ដែលយើងចាំបាច់ត្រូវតែបារម្ភនោះ។ យើងក៏គួរយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះស្ថានភាពផ្លូវចិត្តរបស់យើង និងសុខភាពផ្លូវចិត្តរបស់អ្នកដែលងាយរងគ្រោះជាងគេបំផុត។ ប្រសិនបើអ្នកមានអារម្មណ៍ថា សុខភាពផ្លូវចិត្តរបស់អ្នកកាន់តែមានសភាពតានតឹង ហើយអ្នកលែងអាចទ្រាំទ្រនឹងស្ថានភាពបែបនោះទៀតបាន ដូច្នេះ សូមមេត្តាស្វែងរកជំនួយពីអ្នកជំនាញ។ ដោយមានការគាំទ្រពីក្រុមហ៊ុន Smart យើងរំពឹងថា នឹងអាចពង្រីកសេវាពិគ្រោះយោបល់ និងសេវាដំបូន្មានសុខភាពផ្លូវចិត្តបន្ថែមទៀតនៅតាមសហគមន៍ដែលងាយរងគ្រោះខ្លាំងជាងគេបំផុត»។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាព ដែលមានឱកាសបានជួយគាំទ្រដល់គម្រោងសំខាន់ៗបែបនេះ។ វិស័យកសិកម្មជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ច កម្ពុជា ដូច្នេះការផ្ដល់ជំនាញថ្មីៗដល់កសិករគឺជារឿងសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាននៃវិស័យនេះ។ វិបត្តិសុខភាពសាធារណៈជាសកលនាពេលនេះ ដែលពុំធ្លាប់មានពីមុនមកសោះនោះ កំពុងបង្កឲ្យមានភាពតានតឹង និងក្ដីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់មនុស្សជាច្រើន ដូច្នេះវារឹតតែសំខាន់ថែមទៀត ដែលមូលនិធិរបស់ក្រុមហ៊ុន Smart ផ្ដល់ជំនួយទៅឲ្យសេវាថែទាំសុខភាពផ្លូវចិត្ត ដែលអាចត្រូវបានគេមើលរំលងថា បើគ្មានសេវានេះទេ នោះនឹងមានផលវិបាកគ្រោះថ្នាក់ពិតប្រាកដដោយសារតែវិបត្តិសកលយ៉ាងធំធេងនាពេលនេះ»។

ការផ្ដល់មូលនិធិជំនួយដល់គម្រោងថ្មីពីរនេះ ត្រូវបានអនុម័តដោយគណៈកម្មការវាយតម្លៃ ដែលមានសមាសភាពជា ភាគីពាក់ព័ន្ធចម្រុះ ក្នុងនោះរួមមានក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងតំណាងឯករាជ្យមកពីកម្ពុជា ហើយការអនុម័តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការផ្ទៃក្នុង។

សម្រាប់ព័ត៌មានបន្ថែមអំពី មូលនិធិទឹកប្រាក់ ១ លានដុល្លារសម្រាប់ប្រឆាំងកូវីដ-១៩ របស់ ក្រុមហ៊ុន Smart Axiata សូមតាមដានលើទំព័រ Facebook របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

សុភារម្យ