ផ្លាស់ប្តូរការភ័យខ្លាចមកជាកម្លាំងធ្វើឲ្យផ្លូវចិត្តរឹងមាំ ឆ្លងកាត់គ្រាលំបាកនេះ

  • 2020-12-05 04:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាពផ្លូវចិត្តពិតជាសំខាន់ខ្លាំងណាស់ ប្រការណាតែអារម្មណ៍មិនល្អ ពោរពេញដោយក្តីកង្វល់ និងការភ័យខ្លាចឥតល្ហែ វានឹងធ្វើឲ្យអ្នកចាប់នេះខុស ចាប់នោះខុយ ការងារក៏ធ្វើមិនល្អ បាត់បង់ការផ្ចិតផ្ចង់ ម្យ៉ាងអាចប្រែជាម៉ួម៉ៅ មិនស្រួលខ្លួន ដេកមិនលក់ ព្រមទាំងបាក់សម្រស់ថែមទៀត។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ជួយដាស់ស្មារតីដែលកំពុងភ័យព្រួយ ឲ្យប្រែជារឹងមាំ ឆ្លងកាត់គ្រាលំបាកៗ៖

១. ប្រកាន់ភ្ជាប់នូវគំនិតសុទិដ្ឋិនិយម៖ ដើម្បីបន្ធូរភាពតានតឹងដែលមិនចាំបាច់ អ្នកគួរគិតទៅរកផ្លូវល្អ ឬ គិតវិជ្ជមានឲ្យច្រើន ដូចជាគិតថារាល់បញ្ហាទាំងអស់តែងមានដំណោះស្រាយ ។

២. ប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក៖ បន្លប់ខ្លួន ពីភាពភ័យខ្លាចវានឹងធ្វើឲ្យរឿងកាន់តែអាក្រក់ទៅៗ ដូច្នេះត្រូវតែតាំងចិត្តយកឈ្នះវាឲ្យបាន។

៣. ទទួលយកនូវមតិពីខាងក្រៅ៖ ស្ដាប់ពីគំនិតយោបល់ ដែលអ្នកដទៃផ្ដល់ឲ្យ។ បើមានប្រយោជន៍ទទួលទុក បើគ្មានគួរបោះចោលកុំយកមកគិត។

៤. សមាធិ៖ ដកដង្ហើមវែងៗ ស្រូបខ្យល់អាកាសបរិសុទ្ធរៀងរាល់ព្រឹកព្រលឹម ហើយហ្វឹកហាត់ផ្ដោតអារម្មណ៍ឲ្យប្រសើរជាងមុន សម្រួលទាំងផ្លូវកាយ និងផ្លូវចិត្ត បង្កើនការអត់ធ្មត់។

៥. ហាត់ប្រាណ៖ ជួយកាត់បន្ថយភាពតានតឹង ប្រៀបដូចបញ្ចេញកំហឹងទៅតាមញើស ដែលហូរចេញពីខ្លួន ដើម្បីឲ្យធូរស្រាល។

៦. ទុកបញ្ហាជាមេរៀនជីវិត៖ ឈប់គិតច្រើន តែយកកំហុសឆ្គងនោះទៅជាមេរៀនជីវិត បន្ទាប់មករកដំណោះស្រាយ ថ្ងៃក្រោយកុំឲ្យជួបរឿងអាក្រក់បែបនោះទៀត។

៧. ធ្វើរឿងដែលមានអត្ថន័យសម្រាប់ខ្លួនឯង៖ គួរធ្វើអ្វីដែលអ្នកចូលចិត្ត ដែលប៉ងចង់ធ្វើជាយូរមកហើយដូចជាការលេងឩបករណ៍តន្រ្តី ការគូរូប ស្ទូចត្រីជាដើម។

៨. ចេះបត់បែនគ្រប់កាលៈទេសៈ៖ ត្រូវមើលតាមស្ថានការណ៍ និងមនុស្សដែលអ្នកនៅក្បែរ។ ពេលឆ្លងកាត់គ្រាលំបាក ដុនដាបផ្លូវចិត្តម្ដងៗ គឺមានតែខ្លួនឯងទេទើបដឹងច្បាស់ ដូច្នេះហើយ អ្នកត្រូវតាំងចិត្តឲ្យមាំមួន ឬធ្វើតាមវិធីលើនេះ ដើម្បីឲ្យធូរស្បើយក្នុងចិត្ត។

បន្ថែមពីនេះទៅទៀត ក្រៅពីផ្លាស់ប្ដូរការភ័យខ្លាច ឬការព្រួយបារម្ភរបស់អ្នកមកជាកម្លាំងចិត្តដើម្បីសុខភាពផ្លូវចិត្តរឹងមាំ ក្នុងអំឡុងពេលនេះគួរថែរក្សាសុខភាពរបស់អ្នកទ្វេដងដើម្បីជៀសផុតពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ នេះដែលកំពុងរីករាលដាលក្នុងប្រទេសរបស់យើង។

ពាក់ម៉ាសរៀងរាល់ពេលទៅក្រៅ លាងសម្អាតដៃឲ្យបានញឹកញាប់ រក្សាគម្លាត សម្អាតបរិស្ថានជុំវិញផ្ទះ ហាត់ប្រាណ ញ៉ាំអាហារដែលល្អចំពោះ​សុខភាព ហើយអានព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេស គឺ​ ការពារសុខភាពទាំងផ្លូវចិត្ត និង​កាយ​ឲ្យ​បានល្អ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Time   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី