តាមតម្រាខ្មែរ សង់ផ្ទះថ្មី ត្រូវសង់ក្នុងខែទាំង ៦នេះល្អបំផុត គ្រួសារជួបតែសុខ ចម្រុងចម្រើន

  • 2021-04-19 03:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​បរម​បុរាណ​មក​តែង​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ជំនឿ ព្រោះ​ដូន​តា​ខ្មែរ​ជឿ​ថា ការ​ជឿ​លើ​អារុក្ខអារក្ខ​អ្នក​តា​នឹង​នាំ​មក​នូវ​សេចក្ដី​សុខ​។ ជាក់​ស្ដែង​ជំនឿ​លើ​ការ​សង់​ផ្ទះ ដូនតា​ខ្មែរ​តែង​ផ្ដាំកូន​ផ្ដាំ​ចៅ​ឱ្យ​រើស​យក​ខែ​ថ្ងៃ​ដែល​ល្អ​បំផុត​ ទើប​រស់​នៅ​មាន​សេចក្ដី​សុខ​ចម្រើន រក​ស៊ី​មាន​បាន ត្រជាក់ត្រជំ​។ ខែ​ដែល​គេ​តែង​ជឿ​ថា សង់​ផ្ទះ​ហើយ​នឹង​នាំ​មក​នូវ​សេចក្ដី​សុខ​នោះ​រួម​មាន​៖

១.ខែ​ពិសាខ (ចាប់​ពី​ថ្ងៃ​ទី​២៦​ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​២៥​ខែ​ឧសភា) តាំង​ពី​បុរាណ​កាល​មក​ដូនតា​ខ្មែរ តែង​ជ្រើសរើស​យក​ខែ​នេះ​​ដើម្បី​សង់ផ្ទះ។ តាម​ក្បួន​តម្រា​ពី​បុរាណ​សង់ផ្ទះ​ខែ​នេះ គឺ​ចំ​ថ្ងៃ​ដែល​ទេវតា ប្រោស​ប្រទាន​ពរ​សព្ទសាធុការ សង់​ផ្ទះ​កាល​ណា មាន​មាស​ប្រាក់​ចូល​មក​ហូរហែ គ្រឹះ​ផ្ទះ​ប្រពៃ​មាន​លាភ​សំណាង​កើត​មាន​ដល់​គ្រួសារ​នោះ​។

២.ខែ​ភទ្របទ (ចាប់​ពី​ថ្ងៃ​ទី​២២​ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​២០​ខែ​កញ្ញា) មូល​ហេតុ​ដែល​ដូនតា​ខ្មែរ ជ្រើសរើស​ខែ​នេះ​ដើម្បី​សង់ផ្ទះ​ ព្រោះ​លោក​ជឿ​ថា​ខែ​នេះ ចំ​ខែ​កាន់​បិណ្ឌ​ធ្វើ​បុណ្យ​ដាក់​ទាន មាន​ចិត្ត​ជ្រះ​ថ្លា​នឹង​ព្រះ​ពុទ្ធ​សាសនា ជា​ឱកាស​តប​ស្នង​សងគុណ​ចំពោះ​ឪពុកម្ដាយ។ ដូចនេះ​ហើយ​បើ​ធ្វើ​ផ្ទះ​ខែ​នេះ​នឹង​ទទួល​បាន សិរី​សួស្ដី គ្រឹះ​ផ្ទះ​ល្អ​ពេក​ក្រៃ កម្ចាត់​ឧបទ្រព​ចង្រៃ​អោយ​វិនាស​ខ្ចាត់​ខ្ចាយ​ រស់​នៅ​សុខដុម​រមនា​។

៣.ខែ​កត្តិក (ចាប់​ពី​ថ្ងៃ​ទី​២០​ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា) ខែ​កត្តិក​ធ្លាក់​ខ្យល់​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សង់​ផ្ទះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្មែរ​ពី​បុរាណ​ជឿ​ថា​សង់​ផ្ទះ​ខែ​នេះ នឹង​នាំ​មក​នូវ​មហា​សុខ​សួស្ដី មាន​លាភ​សំណាង​របរ​រកស៊ី​កាក់​កប បើ​ជា​អ្នក​ធ្វើ​ការ​នឹង​ឡើង​ប្រាក់​ខែ​ មាស​ប្រាក់​ចូល​ហូរហែ​។

៤.ខែ​មិគសិរ​ (ចាប់​ពី​ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី១៧​ខែ​ធ្នូ) សង់​ផ្ទះ​ក្នុង​ខែ​នេះ​ទឹកភ្លៀង​ដាច់​គ្រាប់ បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​សង់​ផ្ទះ ប៉ុន្តែ​ទំនៀម​ពី​បុរាណ​កាល​មក​ដូនតា​ខ្មែរ តែង​ជឿ​ថា សង់​ផ្ទះ​ខែ​នេះ​​​នាគរាជ​មាន​បារមី​ប្រតិស្ឋាន​ក្រោម​គ្រឹះ​ផ្ទះ​។ បើ​បាន​សង់​ផ្ទះ​កាល​ណា សត្រូវ​ប្រែ​ជា​មិត្ត​ រឿង​មិន​សប្បាយ​ចិត្ត​នឹង​រលាយ​សាបសូន្យ កើន​យស​កើន​សក្ដិ​។

៥.ខែ​បុស្ស (​ ចាប់​ពី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​៣០​ក្នុង​ខែ​ធ្នូ​) ខែ​បុស្ស​នេះ​ដូន​តា​ខ្មែរ​គិត​ថា​សង់​ផ្ទះ​ល្អ​បំផុត ធ្វើ​ផ្ទះ​ខែ​នេះ​កាល​ណា នឹង​មាន​កែវកង​រតន​មាស​ប្រាក់​សព្វ​គ្រប់​ចូល​ក្នុង​ផ្ទះ​។

៦.ខែ​ផល្គុន​ (ចាប់​ពី​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២៧​ខែ​មីនា) សង់​ផ្ទះ​ខែ​នេះ ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផល បាន​ផ្លែ​ផ្កា រឿង​សៅហ្មង​ក្នុង​ចិត្ត​ក៏​រលាយ​បាត់​អស់​ មាន​តែ​រឿង​សប្បាយ​ចិត្ត​ គ្រួសារ​មា​សុភមង្គល៕ ​​

អត្ថបទ៖ MC Chandarareth

អត្ថបទថ្មី