ឡាន Hybrid ថ្មីរបស់ McLaren ចេញលក់មុនគេ នៅប្រទេសក្បែរខាងកម្ពុជា តម្លៃកន្លះលានដុល្លារ

  • 2021-05-05 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ បានក្លាយទៅជាប្រទេសដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានចេញលក់រថយន្ត McLaren Artura ស៊េរីថ្មី។ រថយន្តស្ព័រដំណើរការដោយម៉ាស៊ីន Plug-in Hybrid នេះ មានតម្លៃចាប់ពី ១៦,៧លានបាត ឬប្រហែល ៥៣ម៉ឺនដុល្លារ។

ក្រុមហ៊ុន McLaren Bangkok បានប្រកាសចេញលក់រថយន្ត McLaren Artura ដោយក្នុងនោះមានចំនួន ២ ម៉ូដែល គឺ GT និង 720S។

រថយន្ត McLaren Artura នេះមានកម្លាំងរហូតដល់ទៅ ៦៧១សេះ ហើយមានទម្ងន់ខ្លួនត្រឹមតែ ១ ៤៩៦គីឡូក្រាមប៉ុណ្ណោះ និងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ ព្រមទាំងមានល្បឿនអតិបរមាដល់ ៣៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្វីដែលរឹតតែពិសេសនោះគឺ Artura មានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ ៤,៧លីត្រ/១០០គីឡូម៉ែត្រ។

វាបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី និងអាគុយ Hybrid ហើយដំណើរការដោយប្រអប់លេខ dual-clutch ថ្មី ដែលមានលេខទៅមុខ ៨វគ្គ ហើយគ្មានលេខថយក្រោយនោះទេ។ ជំនួសមកវិញ វាគ្រាន់តែដំណើរការម៉ូទ័រអគ្គិសនីបញ្ច្រាស់វិញប៉ុណ្ណោះដើម្បីឲ្យរថយន្តថយក្រោយ។

ដោយសារតែវាជាប្រភេទរថយន្ត Plug-in Hybrid ដូច្នេះវាអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣០គីឡូម៉ែត្រ ក្នុងល្បឿនដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងនោះវាអាចសាកភ្លើងបាន ៨០% ក្នុងរយៈពេលត្រឹម ២ម៉ោងកន្លះប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា រថយន្ត McLaren Artura ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២២៥ ០០០ដុល្លារ សម្រាប់ទីផ្សារបរទេស៕

អត្ថបទ៖ សេង ឡុង