តន់ ច័ន្ទសីមា តម្លៃខ្លួនខ្ពស់ប៉ុណ្ណឹងហើយ នៅមិនដល់អាជីទៀត ស្រាប់តែតារាសម្ដែង២ដួងនេះភ្លាត់មាត់

  • 2021-09-15 08:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលក់ឡេអនឡាញកញ្ញា អាជី នៅតែជាផ្ទាំងស៊ីប នៃការបាញ់ឆ្ពោះពាក្យសម្ដីរិះគន់ និងខ្លះក៏កោតសរសើរកញ្ញា ក្រោយកញ្ញាប្រកាសថា ខ្លួនចុះកុងត្រាថតឲ្យសម្អាងការរយៈពេល១ខែក្នុងតម្លៃខ្លួន៣ម៉ឺនដុល្លារ។

ប៉ុន្ដែការ្យនេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំចំអន់នាងទៅវិញ ដោយលើកឡើងថា វាជាការអួតហួសហេតុ ដែលសូម្បីតារាអាជីពGrad A ដូចជាតារាចម្រៀងព្រាប សុវត្ថិ ខេមរៈ សិរីមន្ដ និងតន់ ច័ន្ទសីម៉ា ជាដើម ក៏ពុំមានតម្លៃខ្លួនដល់ថ្នាក់នោះដែរ។

ជាក់ស្ដែងកាលពីចុងឆ្នាំ២០២០ មានសារព័ត៌មានជាច្រើន បានចុះផ្សាយពីតម្លៃខ្លួនតារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មហ្គាឡាក់ស៊ី គឺកញ្ញា តន់ ច័ន្ទសីមា ដោយស្រង់សម្ដីអ្នកគ្រប់គ្រងផលិតកម្មនេះ គឺលោក យឹម តាស្រង់ មកចុះផ្សាយ។ កាលណោះតម្លៃខ្លួន តន់ ចន្ទសីម៉ា ត្រូវគេទម្លាយថា សម្រាប់ការចេញច្រៀងមួយកម្មវិធី តម្លៃ៥០០០ដុល្លារ ហើយតម្លៃថតសម្អាងការមួយតម្លៃ២ម៉ឺនដុល្លារ។ ក្រោយបញ្ចេញតម្លៃខ្លួននេះ ក៏មានអ្នកគ្រប់គ្រងកម្មវិធីប្រគំតន្ដ្រី និងស្ថានីយទូរទស្សន៍មួយចំនួនស្រែកថាថ្លៃទៅហើយ។

កាលពីថ្ងៃទី១៣ ខែកញ្ញា អ្នកលក់ឡេអនឡាញ កញ្ញា អាជី បានផ្ដល់បទសម្ភាសន៍មួយដល់សារព័ត៌មានសិល្បករកម្ពុជា និងសង្គមរបស់លោក អ៊ឹម ជីវ៉ា ថា ដោយមានអំណោយផលពីធម្មជាតិ រូបនាងស្លៀកពាក់អ្វីក៏ស្រស់ស្អាត សូម្បីតែក្រោកពីគេងឡើងមិនទាន់ងូតទឹកក៏នាងគិតថានាងស្រស់ស្អាតជាងនារីផ្សេង៨នាក់ ក្នុងចំណោមនារី១០នាក់។ ដូច្នេះហើយតម្លៃខ្លួននេះ គឺសមនឹងនាងណាស់។

ភ្លាមៗក្រោយលោក អ៊ឹម ជីវ៉ា បង្ហោះវីដេអូនេះ គេក៏ឃើញតារាសម្ដែងអាជីព២នាក់ គឺអ្នកនាង ឈឹម អារីយ៉ា និងលោក ហេង នរៈកក្កដា បានចូលទៅខមិនម្នាក់មួយៗ។ ត្បិតថា ឈឹម អារីយា មិនបានបញ្ចេញតម្លៃខ្លួនក្នុងការថតសម្អាងការរបស់តារាល្បីៗ ឬខ្លួននាងផ្ទាល់ប៉ុន្មាននោះ តែនាងនិយាយថា៖”៣០០០០$ ខ្លាំងជាងតារាទៀត”។ ចំណែកតារាសម្ដែងប្រុស ហេង នរៈកក្កដា វិញ ក៏បាននិយាយថា៖”ហ៊ឹម…ថតសម្អាងការ៣ម៉ឺនដុល្លារ តួស្រីៗធំៗ លំដាប់A នៅខ្មែរ តាមខ្ញុំដឹងអស់ធំហើយ១ពាន់ដុល្លារ…អាជីអើយ អាជី”។

គិតត្រឹមម៉ោង២រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ Sabay មិនទាន់អាចទាក់ទងម្ចាស់សម្អាងការ មយូរ៉ា ហ្គោល ដើម្បីផ្ទៀងផ្ទាត់លើព័ត៌មានដែលកញ្ញា អាជីលើកឡើងនេះនៅឡើយទេ។ ប៉ុន្ដែកញ្ញា អះអាងថា នាងពិតជាទទួលបានតម្លៃខ្លួន៣០០០០ដុល្លារមែន។ ស្រពេលគ្នានេះនាងក៏ឆ្លើយតបទៅអ្នករិះគន់នាងថា៖”ខ្ញុំអួត…តែខ្ញុំមានពិតប្រាកដមែន”៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម