បិទ​ការ​ប្រកួត​វិល​ជុំ​យុវជន AIA-ISF YOUTH LEAGUE​ ប្រចាំឆ្នាំ២០២១

  • 2021-12-20 04:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​បាល់ទាត់​វិល​ជុំ AIA-ISF Youth League​ ប្រចាំឆ្នាំ២០២១ បាន​បញ្ចប់​ទៅ​កាល​ពី​ម្សិល​មិញ​នេះ ដែល​កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ខេត្ត​បាត់ដំបង​ទី​រួម​ស្រុក​ភ្នំព្រឹក ក្នុង​បរិវេណ​ទីលាន​បាល់ទាត់​វិសាល​ក្លឹប (Visal Club)​។ ​​

ព្រឹតិ្តការណ៍​នេះ​មាន​ការ​ចូលរួម​ចំនួន ៤០​​ក្រុម​ដែល​ចែក​ជា​៤​ប្រភេទ​អាយុ​ រួមមាន​កុមារា​អាយុ​ក្រោម ១០ឆ្នាំ​ និងក្រោម​ ១៤​ឆ្នាំ កុមារី ​អាយុ​ក្រោម​១៤ឆ្នាំ ​និង​ក្រោម​ ១៨ឆ្នាំ ។ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​ក្រុម​១៦​ក្រុម​ ដែល​ត្រូវ​ប្រកួត​ប្រជែង​។ ការ​ប្រកួត​ត្រូវ​បាន​ចែក​ជា​ពីរ​វគ្គ​ដោយ​ក្រុម​ចំនួន ៨នឹងប្រកួត​ប្រជែង​យក​ចំណាត់​ថ្នាក់​លេខ​មួយ ​និង​លេខ​ពីរ​ ខណៈ​ដែល​ក្រុម​ចំនួន​៨​ទៀត​​ប្រកួត យកចំណាត់​ថ្នាក់​លេខបី ។

កម្មវិធី​បិទ​ការ​ប្រកួត​នេះ​មានការចូលរួមពីលោក សុង​ សុ​ភក្រ្តិ អភិបាល គណ​អភិបាល​ស្រុក​ភ្នំ​ព្រឹក លោក​ ប៉ុក ពុំ ប្រធាន​ការិយាអបរំ យុវជន​និង​កីឡា​ស្រុក​ភ្នំព្រឹក ព្រម​ទាំង​តំណាង​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា​ និងលោក យិន សាមឌី ជាប្រធាន គ្រប់​គ្រង​កម្មវិធី​បាល់ទាត់​របស់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ចូលរួម​បិទ​ការ​ប្រកួត​នេះ​ផងដែរ។

បាល់ទាត់​ប្រចាំ​ឆ្នាំ​មួយ​នេះ​ ​​បាន​ផ្ដល់​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូ​បង្វឹក ដែល​​ផ្ដោត​​សំខាន់​ទៅ​លើ​កម្មវិធី​សិក្សា បាល់ទាត់ សម្រាប់ការ​ផ្លាស់ប្ដូរ​សង្គម​ដោយ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ក្នុង​សហគមន៍​មួយ​ចំនួន​ដូច​ជា ការប្រើប្រាស់​ គ្រឿងញៀន​ ការ​ថែទាំ​សុខភាព ពិការភាព និង​ការ​ចូលរួម​ជាដើម ។

លោក​ យិន សាមឌី​បាន​លើក​ឡើង​ក្នុង​​វិធី​​ខាង​លើ​នេះ​​ថា “កីឡា​រួបរួម​មនុស្ស​ឲ្យចេះ សាមគ្គី​គ្នា​។ ពួកយើង​ជឿជាក់​ថា​បាល់ទាត់​គឺជា​មធ្យោបាយ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​សមភាព ការ​ចូលរួម​ និង​ការ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​ទាំង​នៅ​ក្នុង និង​ក្រៅ​ទីលាន ។ ​ដោយសារ​តែ​បែបនេះ​ហើយ ទើប​យើង​សហការ​ជាមួយ​​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ​ដើម្បី​ផ្តល់​ឱកាស​ដល់​កុមារ​ក្រីក្រ​ទាំងនោះ​ក្នុង​ការ​កសាង​អនាគត​ដ៏​ត្រចះត្រចង់​មួយ ” ​។ ​

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វិល​ជុំ​យុវជន ​AIA-ISF Youth League ​បាន​ជួយ​លើក​កម្ពស់​ការ​ចូលរួម​របស់​កុមារ​ងាយ​រងគ្រោះ ​និង​បាត់បង់​ឱកាស​ជាច្រើន ដែល​កំពុង​រស់​នៅ​តំបន់​ដាច់​ស្រយាល ។ ឱកាស​លេង​កីឡា​សម្រាប់​យុវជន​គឺ​កម្រ​មែនទែន​ ដែល​វា​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ជាង២ម៉ោង​ពី​ខេត្ត​ប៉ៃលិន និង​ស្រុក​សំពៅលូន ​ដើម្បី​មក​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​មួយ​នេះ ។ ​ចំពោះ​យុវជន​ភាគ​ច្រើន ការ​ប្រកួត​បាល់ទាត់​វិល​ជុំ​យុវជន AIA-ISF Youth League គឺ​ជា​ព្រឹត្តិការណ៍​កីឡា បែប​ប្រកួត​ប្រជែង​ដ៏​ធំមួយ​ ដែល​ពួកគេ​មិ​ន​ធ្លាប់ ទទួល​បាន​ឱ​កាស​ចូលរួម​ពីមុន​មក​នោះ​ទេ ។

ឆ្នាំ២០២១​ជា​​ឆ្នាំ​ដំ​បូង​បង្អស់ ដែល​អង្គការ​ផ្កាយ សមុទ្រកម្ពុជា និង​ក្រុមហ៊ុន​ អេ ​អាយ ​អេ​ ខេម​បូឌា រួមគ្នា​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​វិលជុំ​យុវជន​ក្រៅ ទី​ក្រុង​ភ្នំពេញ ។ នៅ​ឆ្នាំ​ក្រោយ​នេះ អង្គការផ្កាយ​សមុទ្រ​កម្ពុជា ​និង​ក្រុមហ៊ុន ​អេ អាយ អេ ខេមបូឌា ក៏​មាន​គម្រោង​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​ប្រកួត​បាល់ទាត់​វិល​ជុំ​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​ កម្ពុជា និង​ធ្វើ​ការ​ជា​មួយ​កុមារ​កាន់​តែ​ច្រើន​ថែម​ទៀត ដោយ​ការ​ប្រកួត​វិល​ជុំ​នៅឆ្នាំ២០២២​ខាងមុខ នឹង​ធ្វើឡើង នៅទីក្រុងភ្នំពេញ ខេត្តកំពត និងសៀមរាបផងដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី