របួសក្បាលជិតជា តាចេក គិតផ្សេង រឿងLive សុំជំនួយសប្បុរសជនជាមួយ ទូច ស្រីលក្ខណ៍

  • 2022-01-12 03:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងជើងចាស់លោក ឈុំ ប៊ុនឈឿន ហៅតាចេក ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកសិល្បៈដូចគ្នា សម្ដែងការអាណិតអាសូរចំពោះជីវិតតស៊ូរបស់លោក បន្ទាប់ពីលោកជួបហេតុការណ៍ថ្នាក់ចរាចរណ៍ប្រឡាប់រឺម៉កដឹកបន្លែបណ្ដាលឲ្យរបួសក្បាល និងកូនស្រី២នាក់ទៀតរបួសស្រាល។

គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ របួសក្បាល និងគ្រំក្នុងខ្លួនរបស់តាចេក បានធូរច្រើនហើយ ហើយលោកក៏សម្រេចចិត្ដច្បាស់ហើយថា នឹងមិនLive ជាមួយតារាម៉ូដែល ទូច ស្រីលក្ខណ៍ ដើម្បីសុំំជំនួយពីសប្បុរសជននោះ ត្បិតលោកថាមានសិល្បៈករផ្សេងទៀតក៏ជួបការលំបាកដូចលោកដែរ។

តាចេក បានបញ្ជាក់លើជំហរនេះតាមរយៈSabay ថា កាលពីជួបគ្រោះថ្នាក់ភ្លាមៗ រូបលោកនៅអល់អែកចង់ធ្វើតាមយោបល់ ទូច ស្រីលក្ខណ៍ បន្ដិច អត់បន្ដិច ប៉ុន្ដែឥឡូវលោកបានគិតច្បាស់ហើយថានឹងមិនLive សុំជំនួយទេ។ ទោះយ៉ាងណាលោកថា៖ “ពូ…អគុណក្មួយស្រីលក្ខណ៍ណាស់ បានឧបត្ថម្ភពូ៥០ដុល្លារ ហើយថែមទាំងមានគំនិតចង់ជួយពូខាងជីវភាពទៀត តែរឿងlive សុំលុយគេអីហ្នឹង វាពិបាក”។

ចំពោះការបញ្ជាក់របស់តារាកំប្លែងលោក ឈុំ ប៊ុនឈឿន នេះ មិនទាន់បានការឆ្លើយតបយ៉ាងណាពីអ្នកនាង ទូច ស្រីលក្ខណ៍ ដែលផ្ដួចផ្ដើមគំនិតនេះដើម្បីជួយតាចេកនោះទេ។ Sabay ក៏មិនទាន់អាចទាក់ទងអ្នកនាង ទូច ស្រីលក្ខណ៍ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមនៅឡើយទេ គិតត្រឹមម៉ោង១០ ព្រឹកថ្ងៃទី១២ ខែមករា។

សូមរំលឹកថា កាលពីថ្ងៃទី៥ ខែមករា អតីតតារាសម្ដែង និងដើរម៉ូដ ទូច ស្រីលក្ខណ៍ បានបង្ហាញអារម្មណ៍ក្ដុកក្ដួល និងអាណិតតាចេកជាខ្លាំងក្នុងនាមអ្នកសិល្បៈខ្មែរដូចគ្នា ក្រោយពីឃើញទិដ្ឋភាពតាចេក ដឹកកូន និងបន្លែ-ផ្លែឈើទៅលក់នៅផ្សារ តែបែជាជួបរឿងអកុសល្យក្រឡាប់រឺម៉ក បណ្ដាលឲ្យតាចេកបែកក្បាលហូរឈាមកខ្លាក់ និងកូនស្រីទាំងពីររបួសស្រាល។

កាលណោះ ស្រីលក្ខណ៍ និយាយថា រូបនាងពិតជាចង់ជួបតាចេកដោយផ្ទាល់ ដើម្បីlive រកថវិការខ្លះដើម្បីជួយសម្រួលជីវភាព។ អ្នកនាងបញ្ជាក់ថា សប្បុរសជន នឹងមិនបាច់ផ្ដល់ជំនួយតាមABA ដោយឆ្លងកាត់កុងធនាគាររបស់បុគ្គលណាមួយនោះទេ គឺត្រូវបញ្ចូលទៅក្នុងកុងរបស់តាចេកតែម្ដង។ ចំពោះរបៀបបរិច្ចាគរបស់សប្បុរសជនទៅកាន់តាចេកនេះ ខ្លួនតាចេកផ្ទាល់ ក៏បានបញ្ជាក់ដែរថា តាមរយៈការបង្ហោះនាយធុងកន្លងមកក៏មានសប្បុរសជនជួយផ្ដល់ថវិការខ្លះ ដោយវេរលុយចូលទៅកាន់គណនីធនាគារលោកផ្ទាល់ដែរ៕

អត្ថបទ៖ Chin Sopheak

អត្ថបទថ្មី