ទិដ្ឋភាពដ៏ស្រស់បំព្រងនៃក្រុងសៀមរាប ក្រោយផ្លូវទាំង៣៨ខ្សែសាងសង់រួច១០០%បានមួយរយ:

  • 2022-01-18 05:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុងសៀមរាបក្រោយពីបានបញ្ចប់ការសាងសង់ផ្លូវទាំង៣៨ខ្សែរួចរាល់១០០%មក បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន បានសាទរអំពីសមទ្ធិផលដ៏ត្រចះត្រចង់មួយនេះ ជាពិសេសគម្រោងផ្លូវទាំង៣៨ បានប្រែក្លាយទីក្រុងសៀមរាបក្លាយទៅជាគោលដៅទេសចរណ៍ដ៏សម្បូរបែបរបស់ភ្ញៀវជាតិនិងអន្តរជាតិ ទៅទស្សនាកម្សាន្តហើយគឺដកចិត្តពុំរួចនោះឡើយ ពីធម្មជាតិដ៏ស្រស់បំព្រង និងសម្បូរបែប កម្សាន្តលំហែរស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនីយ៍ភាពធម្មជាតិ បា្រង្គប្រាសាទបុរាណ នៅតំបន់អង្គរបានយ៉ាងសប្បាយរីករាយជាទីក្រៃលែង។

យ៉ាងណាមិញ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ រដ្ឋមន្ត្រី កម្ពុជា។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ៕

ប្រភពរូបថត៖ Sivhorng Srin

អត្ថបទដោយ៖ សាន​ សុធារដ្ឋ