កំពូល​តារាស្រី​ចិត្ត​ធម៌ប្រចាំ​ពិភពលោក​ទាំង ១៣ រូបល្បី​ខ្លាំង​ខាង​ជួយសង្គម

  • 2022-03-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​មាន​ភាព​ល្បីល្បាញ​ មាន​ទ្រព្យ​ច្រើន​ និង​តែង​មមាញឹក​នឹង​ការងារ​សិល្បៈ​នោះ​ តារា​ស្រី​មួយ​ចំនួន​ មិន​ថា​ហូលីវូដ បូលីវូដ​ ឬ​អាស៊ី​នោះទេ ពួកគេ​មិន​ដែល​ភ្លេច​ចំណាយ​ពេល​តម្លៃ​ក្នុង​ការ​ចូល​រួម​ជា​រឿយៗ​ក្នុង​ការងារ​មនុស្សធម៌​ ដើម្បី​ជួយ​សង្គម។

សកម្មភាព​ទាំង​នោះ​ ពិត​ជា​ស្ដែង​បញ្ជាក់​ជា​ទឹក​ចិត្ត​ដ៏​ល្អ​ ក្នុង​ការ​លះបង់​កម្លាំង​កាយ​ចិត្ត​ ព្រមទាំង​​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​សង្គម។ ប្រការ​នេះ ទើបបណ្ដាល​ឲ្យតារា​ស្រី​ទាំង​នោះ​ទទួល​បាន​ការ​កោត​សរសើរ​ថា​ជាអ្នក​មាន​ចិត្ត​ធម៌​ពិតៗ​ បើ​ទោះ​កន្លង​មក​ពួក​គេ​ខ្លះ​រង​នូវ​ព័ត៌មាន​អាស្រូវ​ច្រើន​ក៏​ដោយ។

សម្រាប់​តារា​ហូលីវូដស្រី​ទាំងនោះរួមមាន៖

១. តារាសម្ដែង​ Angelina Jolie

មិន​ត្រឹម​តែ​ជា​កំពូល​តារា​ហូលីវូដ​នោះទេ​ អ្នក​ម្ដាយ​កូន​៦​រូបនេះ​ ក៏​ល្បី​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ដែរ។ នាង​បាន​ចូលរួម​ក្នុង​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ លើក​កម្ពស់​វិស័យ​សុខភាព​ ការ​សិក្សា​អប់រំ​របស់​កុមារ ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។

២. តារាចម្រៀង​ Nicki Minaj

Nicki បាន​ចំណាយ​ពេល​វេលា​ និង​ថវិកា​ផ្ទាល់​ខ្លួន​ ដើម្បី​ជួយ​ភូមិ​តូច​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​កាល​ពី​ឆ្នាំ​ ២០១៦។ តារា​ចម្រៀង​រូប​នេះ​ បាន​ជួយ​ក្មេង​ៗ​ក្នុង​ភូមិ​នោះ​ ឲ្យ​បាន​រៀន​សូត្រ​ត្រឹមត្រូវ​ ពិសេស​សម្រាប់​ប្រជាជន​ក្នុង​ភូមិ​ ក៏​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ដែរ។

៣. តារាចម្រៀង Taylor Swift

Taylor Swift បាន​បង្កើត​យុទ្ធនាការ​មួយ​ដើម្បី​ការពារ​កុមារ​ពី​ជន​ទុច្ចរិត​ ដែល​តែង​ជួញ​ដូរ​មនុស្ស​តាម​ប្រព័ន្ធ​អនឡាញ ដោយ​បាន​សហការ​ជាមួយ​អង្គការ​ UNICEF, កាកបាទក្រហម និង​អង្គការ​ជា​ច្រើន​ទៀត។

៤. តារាសម្ដែង Scarlett Johansson

តួ​ស្រី​ក្នុង​រឿង​ "Ghost In The Shell" រូបនេះ​ក្លាយជា​ឯកអគ្គរដ្ឋទូត​របស់ Oxfam ដែល​ជា​អង្គ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ តាំងពី​ឆ្នាំ ២០០៤។ នាង​បាន​ជួយ​ដល់​អង្គការ​ USA Harvest តាមរយៈការឧបត្ថម្ភ​អាហារ​ដល់​ជនរង​គ្រោះ​ដោយ​សារ​ព្យុះ Katrina។ នៅឆ្នាំ ២០០៨ Scarlett​ បាន​ធ្វើការ​ស្ម័គ្រ​ចិត្ត​ក្នុង​យុទ្ធនាការផ្សព្វផ្សាយ​ពី​ជំងឺ​អេដស៍​ នៅ​ប្រទេស Rwanda ។

៥. តារាចម្រៀង Miley Cyrus

ទោះ​ជួប​រឿង​អាស្រូវ​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​ Miley ជា​នារី​ដែល​មាន​ចិត្ត​ធម៌។ ជាក់ស្ដែង​នាង​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ក្នុង​យុទ្ធនាការ​របស់​កាកបាទក្រហម អង្គការ City of Hope, Blessings in a Backpack និង Starkey Hearing Foundation ជាដើម។

ងាកចូលតារាបូលីវូដវិញមាន៖

១. តារាសម្ដែង​ Aishwarya Rai Bachchan

មិន​ត្រឹម​តែ​មាន​ភ្នែក​ និង​មុខមាត់​ស្រស់​ស្អាត​ប៉ុណ្ណោះទេ កំពូល​តារា​បូលីវូដ​រូបនេះ​ក៏​មាន​ចិត្ត​ល្អ​បរិសុទ្ធ​ដែរ។ នាង​បាន​បង្កើត​មូលនិធិ​​មួយ​ ដើម្បី​ជួយ​ជន​ក្រី​ក្រ​ ខ្វះ​ទីពឹង​ កុមារ​ជា​ច្រើនហើយ​កាន់​តែ​អស្ចារ្យ​ នាង​ព្រម​បរិច្ចាគ​ទាំង​ភ្នែក​របស់​នាង​ឲ្យ​ទៅ​ឲ្យ​អ្នក​ដែល​ត្រូវ​ការ​ទៀត​ផង។

២. តារាសម្ដែង​ Priyanka Chopra

ក្រៅ​ពី​មមាញឹក​នឹង​ការងារ​សិល្បៈ​ Priyanka ក៏​ចូលរួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ហូរហែ​ដែរ ដើម្បី​ជួយ​កុមារ​ខ្វះទីពឹង​ជា​ច្រើន​ ឲ្យ​ទទួល​បាន​ការ​សិក្សា​ អាហារូបត្ថម្ភ​ និង​សុខភាព​ល្អ។

៣. តារាសម្ដែង Shilpa Shetty Kundra

Shilpa ជា​តារា​ស្រី​ដែល​នារី​ម្នាក់​ដែល​ចិត្ត​ល្អ​ និង​ចូលចិត្ត​ធ្វើ​ការងារ​មនុស្ស​ធម៌។ នាង​តែង​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ជន​ក្រីក្រ​ខ្វះ​ទីពឹង​ជា​ច្រើន​ក្នុង​ប្រទេស​ឥណ្ឌា។

ចំណែកតារាកូរ៉េស្រី​ចិត្តធម៌មាន​ដូចជា៖

១.​ តារាសម្ដែង​ Park Shin Hye

តារា​ស្រី​រូបនេះ​ បាន​បង្កើត​មូលនិធិ​មួយ​មាន​ឈ្មោះ​ថា​ "Shin Hye Center” ក្នុង​ទីក្រុង​ម៉ានីល ដើម្បី​ជួយ​កុមារ។ Shin Hye ចាប់​ផ្ដើម​យុទ្ធនាការ​ជួយ​កុមារ​ខ្វះ​ទីពឹង​តាំង​ពី​ខែ​ ឧសភា ឆ្នាំ ២០១១ អំឡុង​ពេល​នាង​ធ្វើការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​ប្រទេស​ហ្គាណា​រយៈ​ពេល​ ៩​ថ្ងៃ ក្នុងនាម​ជា​ទូត​សុឆន្ទៈ​របស់​អង្គការ​ Korea Food for the Hungry International (KFHI)។

២. តារាសម្ដែង​ Lee Young Ae

តួ​ស្រី​ ចាំង​គីម​រូបនេះ​ ធ្លាប់​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ ១០៦លានវ៉ុន (ប្រហែល​ ៩៦ ៣៩៨ដុល្លារ) ទៅ​ឲ្យ​មូលនិធិ​កូរ៉េ​មួយ។ ក្នុង​នោះ​ប្រាក់​ចំនួន​ពាក់​កណ្ដាល​ នឹង​យក​ទៅ​ជួយ​ជន​រង​គ្រោះ​ពី​គ្រោះ​រញ្ជួយ​ដី​ ក្នុង​ទីក្រុង​ប៉ូហាង​ ខេត្ត​ខ្យុងសាង​ ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ពាក់​កណ្ដាល​ទៀត សម្រាប់​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​ដូចគ្នា​ ប៉ុន្តែ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ព្រមទាំង​កុមារ និង​ជន​ពិការ។ ជាមួយ​គ្នា​នោះ​ កន្លង​មក​នាង​ក៏​ធ្លាប់​បរិច្ចាគ​ថវិកា​ជា​ច្រើន​លាន​ដល់​ទាហាន​ដែល​រង​របួស​ដោយ​សារ​ផ្ទុះ​មីន និង​ចូលរួម​ក្នុង​ការងារ​មនុស្ស​ធម៌​ ព្រមទាំង​ជា​ឯកអគ្គរាជទូត​របស់​អង្គការ​ UNICEF ទៀត​ផង​ ប៉ុន្តែ​នាង​មិន​ដែល​ព្យាយាម​បង្ហាញ​ជា​សាធារណៈ​ឡើយ។

៣. តារាសម្ដែង​ Ha Ji Won

រម្លឹក​ទៅ​កាល​ពី​ឆ្នាំ​ ២០0៦ Ji Won និង​អ្នក​គាំទ្រ​របស់​នាង​បាន​បង្កើត​គម្រោង​មួយ​មាន​ឈ្មោះ​ថា​ "The Smile Again Project” ជាមួយ​មណ្ឌល​សុខភាព​ស្រុក​ Gangnam ដើម្បី​ស្វែង​រក​ប្រាក់​ឧបត្ថម្ភ​ សម្រាប់​កុមារ​ក្រីក្រ ដែល​ត្រូវ​ការ​ការ​ថែទាំ​សុខភាព។

៤. តារាសម្ដែង​ Yoon Eun Hye

Eun Hye បាន​ចូលរួម​ក្នុង​សកម្មភាព​សប្បុរស​ធម៌​ជា​ច្រើន​ជាមួយ​កុមារ​ នា​ពេល​កន្លង​មក។

៦. IU

នាងត្រូវបាន​ទទួល​ការសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជន​ទាំងឡាយ ​ដោយសារទឹកចិត្តដែល​នាង​តែង​បង្ហាញ​ចេញ​រាល់ពេល​ប្រទេសជាតិមានទុក្ខលំបាក តាមរយៈការផ្ដល់ជំនួយជួយដល់អ្នក​ដែលកំពុងមានបញ្ហា ពិសេសកុមារ ជនចាស់ជរា និងស្ត្រី៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី