​កម្ពុជា ​រៀប​ចំ​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​អន្ដរជាតិ ក្នុង​គោល​បំណង​ធំ​ៗ​៣​

  • 2022-05-21 03:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ពុជា​រៀប​ចំ​ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ​ គឺជាការដុសខាត់សមត្ថភាព កីឡាករ គណ​កម្មការបច្ចេកទេស ជាពិសេសចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មក​ទស្សនា​កម្ពុជា។​

មួយ​វិញ​ទៀត​បើ​តាម ​ឯកឧត្តម​ គួច ចំរើន អភិបាល​នៃគណៈអភិបាលខេត្តព្រះ សីហនុ​ បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិត​អន្តរជាតិ​ ឆ្នាំ២០២២ ​( Cambodia International JET SKI Championship 2022 ) ធ្វើ​ឡើង​ក្នុង​គោល​បំណងធំ​ៗ​ ចំនួន៣ ​គឺ​៖

១. ​វាស់ស្ទង់សមត្ថភាពកីឡាករ​ និងគុណផលកីឡា ​សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣

២.​វាស់​ស្ទង់​សមត្ថភាព​គណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួត របស់សហព័ន្ធត្រៀមធ្វើជា ម្ចាស់​ផ្ទះ​នៅកម្ពុជា​ ឆ្នាំ២០២៣

៣. ចូល​រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និកទស្សនាកម្ពុជា ជាពិសេសបង្ហាញពី ការចាប់ផ្តើមស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយស្ថានភាពវិបត្តិជម្ងឺកូវីដ-១៩។

ឯកឧត្តម ​អភិបាលខេត្ត ​បន្ត​ថា​ រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយកត្តិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សន្តិភាព​ពេញលេញ ​និងការអភិវឌ្ឍ​លើ​គ្រប់វិស័យ។ ​ក្នុងនោះវិស័យកីឡា ​ក៏បានយកចិត្តទុកដាក់​ សំដៅ​កសាង​ធនធានមនុស្ស​ឱ្យមាន​សុខភាពល្អ ​សមត្ថភាព និងសីលធម៌ខ្ពស់ ​ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ​លើកទី៣២ ឆ្នាំ២០២៣ ។ ​ឯកឧត្តម គួច ចំរើន បន្ថែមទៀតថា​ ដើម្បីឆ្លើយតប​ទៅ​នឹង​ការរីក​ចម្រើន ​នៃវិស័យកីឡាជាតិ​ ក្នុងតំបន់ កម្ពុជាបានរៀបចំការប្រកួតកម្រិតជាតិ និងអន្តរជាតិ ដើម្បី​ជ្រើសរើស​បាន​កីឡាករ កីឡាការិនីល្អៗ ចូលក្នុងក្រុមជម្រើសជាតិហ្វឹកហាត់​ ជាពិសេស​​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បានត្រៀមខ្លួនជាស្រេច ​ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពកីឡាករ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ឯកឧត្តម​ ក៏អំពាវនាវ​ដល់​វិស័យ​ឯកជន​សប្បុរសជន​ចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ​ថវិកា​ដើម្បីរួម​ចំណែកអភិវឌ្ឍវិស័យ​កីឡា​ជាតិយើង ។​ ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗ ទំាង អស់​គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម ណុះ ស្លេះ បានមានប្រសាសន៍ថា ​ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំនេះ មានប្រតិភូ ​កីឡាករ កីឡាការិនីខ្លាំងៗចំនួន៦០ នាក់កម្រិតអន្តរជាតិ ​និងពិភពលោក មក​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់ និងប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារ ក្នុងនោះមាន៖ កីឡាករកម្ពុជា វីរៈកីឡាករ សលី ​អ៊ូមើត ​មេដាយមាស ​អាស៊ីហ្គេម ឆ្នាំ២០១៨ ​នៅប្រទេសឥណ្ឌូនេស៊ី ​កីឡាករជម្រើសជាតិ ម៉ឹន មូសស្តាន​ កៃ វ៉ាន់ស៊ីដែន ​សាលី ហ្វីលីន ម៉ីន អូស្មាន់ ​ជាដើម មកពី៤ប្រទេសគឺ ​កម្ពុជាម្ចាស់ផ្ទះ ម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី និងប្រទេសថៃ ប្រកួតលើ ៧វិញ្ញាសា ​ និង​មាន​គណៈកម្មការ​បច្ចេកទេស​អន្តរជាតិ​មាន ​១៣នាក់ ​និងគណៈកម្មការ​ថ្នាក់ជាតិ​ ៣៥នាក់។

​ សូមបញ្ជាក់ថា ​ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ ឆ្នាំ២០២២ ធ្វើរយៈពេល៤ថ្ងៃ ចាប់​ពីថ្ងៃទី​១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ​ហើយពិធីបើកក៏មានការដង្ហែម៉ូតូ ឡាន និងក្រុមម៉ូតូទឹកកីឡាករលើកទឹកផងដែរ ៕

អត្ថបទ៖ នរវិទូ

អត្ថបទថ្មី