ត្រៀម២០២៣! ​កម្ពុជា ​បាន​មេដាយ​មាស​៣​គ្រឿង​ពី​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​អន្តរជាតិ

  • 2022-05-23 06:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កម្ពុជា ​ទទួល​បាន​មេដាយ​មាស​៣​គ្រឿង​ពី​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិត​អន្ដរជាតិ​ក្នុង​ឆ្នាំ​២០២២​នេះ ដែល​រៀប​ចំ​ឡើង​ជា​លើក​ដំបូង​នៅ​ក្រុង​ព្រះ​សីហនុ​។

​ព្រឹត្ដិ​ការណ៍​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិត​អន្តរជាតិ ​ឆ្នាំ​២០២២​ ដែល​កម្ពុជា​ជ្រើស​រើស​យក​ខេត្ត​ព្រះ​សីហនុ ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ក្នុង​នោះ​អត្តពលិក​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ ដណ្តើម​បាន​មេដាយ​មាស​៣​គ្រឿង​ ក្នុង​ចំណោមអត្តពលិកជាង​៦០នាក់​ មក​ពី​៤​ប្រទេស ។ តាម​របាយ​ការណ៍​ឯកឧត្តម ​ណុះ ស្លេះ​ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ម៉ូតូ​ទឹក​កម្រិតអន្តរជាតិនេះ ​មានកីឡាករល្បីៗ​កម្រិត​អន្តរជាតិ​ និង​ពិភពលោក​ចូលរួម​ប្រកួត​ ខណៈកម្ពុជា​បាន​ដាក់​៧​វិញ្ញាសា​ឱ្យ​ប្រកួត​ប្រជែង​ ជាមួយ​និង​ប្រាក់​រង្វាន់​សរុប​៣​ម៉ឺន​ដុល្លា​សហរដ្ឋ​អាមេរិក។

​ជា​លទ្ធផល​កម្ពុជា​ឈរ​លេខ​២​ ដណ្តើម​មេដាយ​សរុប ៨​គ្រឿង មាស​៣​ ប្រាក់​៣​ និងសំរិទ្ធ២គ្រឿង​ លេខ​១​ប្រទេស​ថៃ​ ដណ្តើមបានមេដាយសរុប ១២គ្រឿង មាស៣​ ប្រាក់​៣​ និងសំរិទ្ធ៥គ្រឿង។​ ម៉ា​ឡេស៊ី លេខ៣ ​ដណ្តើម​បាន​មេដាយ​ប្រាក់​មួយ​គ្រឿង​។ ​ឯកឧត្តម​ប្រធាន​សហព័ន្ធ ​បន្ត​ទៀត​ថា ​ ព្រឹត្តិ​ការណ៍​ប្រកួតកម្រិតអន្តរជាតិនេះ​ ធ្វើ​ឡើង​ក្នុងគោល​បំណងសំខាន់ៗចំនួន៣ ​គឺ៖

  • ១. វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅ​ស៊ីហ្គេម​លើ​កទី​៣២ ឆ្នាំ២០២៣ ​កម្ពុជាជា​ម្ចាស់​ផ្ទះ​
  • ២. វាស់ស្ទង់​សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធ ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣​
  • ៣. ​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ជា​ពិសេស​បង្ហាញ​ពី​ការ ​ចាប់ផ្តើមស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយស្ថានភាពវិបត្តិជម្ងឺកូវីដ-១៩។

ឯកឧត្តម ​សុខ គាង ​រដ្ឋលេខាធិការតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ថ្លែង​អំណរគុណ​ និងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានប្រឹងប្រែង ប្រើ​ប្រាស់​ចំណេះដឹងបទពិសោធន៍ សមត្ថភាពកាត់សេចក្តីការប្រកួត​ ដោយ​អនុវត្តតាម​គោល​ការណ៍​បច្ចេកទេសប្រកបដោយវិជ្ជាជីវៈ ផ្តល់យុត្តិធម៌ និងតម្លាភាពដល់កីឡាករ នឹង​បានរកឃើញនូវ​កីឡាករ​ឆ្នើម​ដែលទទួលបានជ័យលាភី ​នៃការប្រកួតម៉ូតូទឹកនាពេលនេះ។ ​ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមនឹងជឿជាក់ថា​ តាមរយៈការប្រកួតនេះ នឹងធ្វើអត្តពលិកកម្ពុជា និងមន្រ្តីរៀបចំការប្រកួត កាន់​តែ​រីក​ចំរើន​ ទាំងសមត្ថភាព សិទ្ធផលត្រៀមដណ្តើមមេដាយមាសជូនកម្ពុជា ក្នុង​ព្រឹត្តការណ៍​កីឡា​ស៊ីហ្គេម ​លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង ឱ្យ​ទទួល​បាន​ជោគជ័យ៕

អត្ថបទ៖ នរវិទូ

អត្ថបទថ្មី