ចរិតដ៏ចម្លែករបស់ Steve Jobs ខុសពីគេ! ទោះស្ថិតនៅដង្ហើមចុងក្រោយហើយក៏ដោយ

  • 2022-07-01 04:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈគេងលើគ្រែអ្នកជំងឺ ស្ថិតក្នុងដំណាក់កាលចុងក្រោយជំងឺមហារីកលំពែង Steve Jobs បានបដិសេធមិនពាក់ម៉ាស ដោយលើកឡើងថា វាឌីហ្សាញមកមើលទៅអាក្រក់ពេក។ មិនតែប៉ុណ្ណោះ បិតាក្រុមហ៊ុន Apple ម្នាក់នេះ ថែមទាំងរិះគន់ទៅលើសេរ៉ូមព្យួររបស់ពេទ្យ ថាមើលទៅរញ៉េរញ៉ៃ និងឱ្យពេទ្យធ្វើវាឱ្យស្អាតថែមទៀតផង។

នេះបើយោងទៅតាម សៀវភៅ Steve Jobs សរសេរដោយអ្នកនិពន្ធល្បី Walter Isaacson ដែលឆ្លងកាត់ជំនួបនឹង Steve ជាង ៤០ដង និងសម្ភាសអ្នកជុំវិញលោកជាច្រើនដង។

ហេតុផលដែលធ្វើឱ្យ Steve Jobs មិនព្រមពាក់ម៉ាស នោះក៏ព្រោះតែ គាត់ជាមនុស្សមានគំនិតច្នៃប្រឌិតប្រកបដោយសិល្បៈ ចង់បានល្អឥតខ្ចោះ និងការគិតខុសពីមនុស្សទូទៅ ដែលនាំឱ្យគាត់ តែងប្រកាន់ជំហរផ្ទាល់ខ្លួន រួមទាំងមានចរិតរឹងទទឹងបន្ដិច។

ដើម្បីកាន់តែច្បាស់បន្ថែមពីអត្តចរិតចម្លែករបស់ Steve Jobs អ្នកនិពន្ធបានលើកឡើងថា ខណៈពេល Steve Jobs ធ្វើបទបង្ហាញប្រកាសចេញ iPhone ព្រោះតែបើកទូរសព្ទយូរពេក លោកបញ្ជារកាន់ក្រុមវិស្វករឱ្យធ្វើវាម្ដងទៀត និងកំណត់ឱ្យបើកប្រើបាន ក្រោម ១០វិនាទី។ ដែលនេះជាការទាមទារដ៏ខ្ពស់ ដែលក្រុមវិស្វករថា វាមិនអាចទៅរួចនោះទេ តែ Steve ថាត្រូវធ្វើឱ្យបាន។

លើសពីនេះ អំឡុងពេល Apple បញ្ចេញ កុំព្យូទ័រ Macintosh ជំនាន់ទី២ Steve Jobs បញ្ជារឱ្យគេរុះរើ Mainboard ឡើងវិញ ព្រោះខាងក្នុងមានខ្សែភ្លើងវៀច។ ដែលជាការទាមទារធ្វើយ៉ាងណាឱ្យម៉ត់ចត់ ឥតខ្ជោះ ទោះបី Mainboard នៅក្នុងកុំព្យូទ័រ អ្នកប្រើមើលមិនឃើញក៏ដោយចុះ...

គួរបញ្ជាក់ថា Steve Jobs បានលាចាកលោកនៅ ឆ្នាំ២០១១ ក្នុងអាយុ ៥៦ឆ្នាំ ដោយ ជំងឺមហារីកលំពែង នៅសហរដ្ឋអាមេរិច៕

អត្ថបទ៖ កុសល

អត្ថបទថ្មី