ABA ឈ្នះពានរង្វាន់ ធនាគារដ៏ឆ្នើមបំផុតសម្រាប់ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ឆ្នាំ2022 ពីទស្សនាវដ្ដី Asia money

  • 2022-09-29 04:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជាធំបំផុត និងនាំមុខក្នុងវិស័យហិរញ្ញវត្ថុឌីជីថល បានទទួលពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតសម្រាប់ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ឆ្នាំ2022” ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ជាទស្សនាវដ្ដីថ្នាក់តំបន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុអន្ដរជាតិ Euromoney។

ពានរង្វាន់ពី Asiamoney ប្រគល់ជូន ABA ចំពោះវឌ្ឍនភាពធនាគារឌីជីថលដ៏លេចធ្លោ និងការផ្ដោតជាយុទ្ធសាស្ដ្រលើការបម្រើសេវាធនាគារប្រកបដោយនវានុវត្តជូនអតិថិជនរបស់ខ្លួន។ គណៈវិនិច្ឆ័យ Asiamoney បានសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍកម្មវិធីធនាគារលើទូរស័ព្ទ ABA Mobile ក្នុងរយៈពេលពេញមួយឆ្នាំនេះ។ ជាក់ស្ដែង ABA បានពង្រឹងសមត្ថភាពកម្មវិធីធនាគារលើទូរស័ព្ទរបស់ខ្លួនជាមួយ៖

មុខងារ បើកគណនីរហ័ស ដែលអតិថិជនមិនទាន់មានគណនី ABA អាចបើកគណនីដំបូងរបស់ខ្លួនបាន ដោយគ្រាន់តែមានស្មាតហ្វូន និងអត្តសញ្ញាណប័ណ្ណមានសុពលភាព (អនុវត្តតាមគោលការណ៍ស្គាល់អតិថិជនបែបអេឡិកត្រូនិកយ៉ាងមានសុវត្ថិភាព)

មុខងារ ABA KHQR ដែលអនុញ្ញាតឲ្យអតិថិជនប្រមូលប្រាក់ទូទាត់ ឬទទួលប្រាក់ផ្ទេរពីអ្នកប្រើ ABA Mobile ក៏ដូចជាអតិថិជនធនាគារផ្សេង ដែលដំណើរការជាមួយស្ដង់ដារ KHQR របស់ធនាគារជាតិនៃកម្ពុជា

មុខងារ ផ្ទេរប្រាក់តាមកាត ជាមួយ Mastercard និង UnionPay ដែលម្ចាស់កាតអាចផ្ញើប្រាក់បានរហូតដល់ 20,000 ដុល្លារអាមេរិកក្នុងមួយខែពីគណនី ABA របស់ខ្លួន តាម ABA Mobile

មុខងារ កម្ចីប្រាក់បៀវត្ស ដែលអនុញ្ញាតឲ្យអ្នកប្រើ ABA Mobile ទទួលបានហិរញ្ញប្បទានរហ័ស និងងាយស្រួលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនចាំបាច់មានទ្រព្យតម្កល់។

ការពង្រឹងសមត្ថភាពកម្មវិធី ABA Merchant គឺជាការអភិវឌ្ឍគួរឲ្យកត់សម្គាល់មួយទៀតរបស់ ABA ក្នុងរយៈពេលនេះ។ ABA Merchant គឺជា “មធ្យោបាយទូទាត់ចល័ត” (mPOS) ដែលជួយដល់អាជីវកម្ម ឬកន្លែងលក់ដូរតូចធំនានា ក្នុងការទទួលប្រាក់ទូទាត់ជាប្រាក់រៀល និងដុល្លារ ដោយគ្រាន់តែបង្កើតកូដ QR នៅលើស្មាតហ្វូន។ កម្មវិធីនេះ ជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់ពាណិជ្ជករក្នុងការរក្សាកំណត់ត្រាលក់ ខណៈកាត់បន្ថយការប៉ះពាល់ក្រដាសប្រាក់ផ្ទាល់ផងដែរ។

អ្នកលក់ដូរតាមអនឡាញ និងតាមបណ្ដាញសង្គមនានា អាចទទួលបានអត្ថប្រយោជន៍ពីមុខងារ លីងទូទាត់ របស់កម្មវិធី ABA Merchant។ អ្នកលក់អាចបង្កើតលីងសម្រាប់ទំនិញរបស់ខ្លួនក្នុងកម្មវិធីផ្ទាល់ ហើយអាចដាក់តម្លៃ ភ្ជាប់ជាមួយរូបភាព និងការពណ៌នាអំពីទំនិញនោះបានផងដែរ។ បន្ទាប់មក ពួកគាត់ អាចផ្ញើលីងទូទាត់នោះអ្នកទិញតាមកម្មវិធីលេងសារនានា។ អ្នកទិញ អាចចុចលើលីងដែលអ្នកលក់ផ្ញើមកនោះ ហើយធ្វើការបង់ប្រាក់យ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile របស់ពួកគេ។

ក្នុងកិច្ចបន្ដអភិវឌ្ឍបណ្ដាញធនាគារឌីជីថលសម្រាប់បណ្ដាក្រុមហ៊ុននានា ABA បានភ្ជាប់ផ្លែតហ្វម ABA Business របស់ខ្លួន ជាមួយផ្លែតហ្វមគណនេយ្យ cloud-based ឈានមុខនោះគឺ Xero ។ ការភ្ជាប់ប្រព័ន្ធនេះ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មភ្ជាប់គណនី Xero ទៅគណនី ABA របស់ពួកគេ ហើយបំពេញការងារគណនេយ្យ ដោយសម្រួលដល់ការងារគណនេយ្យដែលធ្វើដោយដៃ។

នៅក្នុងរបាយការណ៍អំពីពានរង្វាន់របស់ខ្លួន និពន្ធនាយក Asiamoney លោកស្រី Rashmi Kumar បានមានប្រសាសន៍ថា៖ “នៅពេលនិយាយដល់ការរួមបញ្ចូលគ្នារវាងធនាគារ និងនវានុវត្តន៍នៅក្នុងប្រទេសកម្ពុជា យើងមិនចាំបាច់មើលធនាគារណាផ្សេងក្រៅពីធនាគារ ABA នោះទេ។ ធនាគារនេះ បានធ្វើឲ្យការនាំយកបច្ចេកវិទ្យាថ្មីចូលមកក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាជាអាទិភាពមួយ។ ជាក់ស្ដែង ABA ជាធនាគារដំបូងគេបង្អស់ ដែលបានដាក់ឲ្យប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទពេញលេញក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ 2015។”

“បច្ចុប្បន្ននេះ កម្មវិធី ABA Mobile មានសន្ទុះគាំទ្រយ៉ាងខ្លាំងមិនអាចប្រកែកបាន។ ចំនួនប្រតិបត្តិការក្នុងកម្មវិធីនេះ បានហក់ឡើងដល់ 250 លានដង កាលពីឆ្នាំមុន ដែលធៀបនឹងឆ្នាំ 2020 មាន 100 លានដង។ ប្រតិបត្តិការទាំងនេះមានតម្លៃគិតជាទឹកប្រាក់ 123 ពាន់លានដុល្លារអាមេរិក មានទំហំ 4ដង នៃផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជា” លោកស្រីបានបន្ថែម។

អំពីធនាគារ ABA

ធនាគារ Advanced Bank of Asia Limited (ABA Bank) បង្កើតឡើងក្នុងឆ្នាំ 1996 ជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ផ្នែកទ្រព្យសកម្មសរុប ប្រាក់បញ្ញើរបស់អតិថិជន ឥណទានសរុប និងប្រាក់ចំណេញសុទ្ធ។ គិតត្រឹមថ្ងៃទី 31 ខែមិថុនា ឆ្នាំ 2022 ធនាគារបានគ្រប់គ្រងទ្រព្យសម្បត្តិសរុបចំនួន 8.5 ពាន់លានដុល្លារអាមេរិក។ ជាមួយនឹង 81សាខា, ABA 24/7 23 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,000 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើនឡើងៗ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។