សម្រង់សម្ដីទាំង ១២ ពី Baekhyun ជូនទៅកាន់អ្នកគាំទ្រឲ្យរឹងមាំ និងជម្នះនឹងរឿងលំបាកក្នុងជីវិត
- 2022-10-25 02:19:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រង់សម្ដីទាំង ១២ ពី Baekhyun ជូនទៅកាន់អ្នកគាំទ្រឲ្យរឹងមាំ និងជម្នះនឹងរឿងលំបាកក្នុងជីវិត
ចន្លោះមិនឃើញ
Baekhyun គឺជាសមាជិកដ៏ក្រមិចក្រមើមប្រចាំក្រុម EXO ហើយក៏ជាតារា K-Pop ដែលមានភាពវៃឆ្លាត អាចបត់បែនបានគ្រប់ស្ថានភាព និងជាទីស្រឡាញ់របស់មនុស្សជាច្រើនលាននាក់។ និយាយពីចរិតវិញ លោកតែងផ្ដល់នូវក្ដីស្រឡាញ់ និងភាពរីករាយស្រស់ស្រាយដល់អ្នកនៅជុំវិញខ្លួន។
ទោះបីជាមនុស្សចូលចិត្តលេងសើច ផ្ដល់ឲ្យអ្នកគ្រប់គ្នាតែងស្នាមញញឹមមែន ប៉ុន្តែលោកក៏ជាមនុស្សដែលមានការគិតគូរវែងឆ្ងាយ ហើយតែងលើកឡើងនូវអ្វីដែលត្រឹមត្រូវជានិច្ច។ ខាងក្រោមនេះ គឺជាអ្វីដែល Baekhyun ធ្លាប់និយាយទៅកាន់អ្នកគាំទ្រ ហើយអាចឲ្យគ្រប់គ្នាមានអារម្មណ៍រសាយអស់កង្វល់ និងអាចប្រែជាកក់ក្ដៅវិញ ពិសេសពួកគេនឹងមានអារម្មណ៍ថា ទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណា ពួកគេមិនឯកាទេ៖
១. ពាក្យស្លោករបស់ Baekhyun
៣ ពាក្យដែល Baekhyun ចាំជាប់ក្នុងចិត្តគឺ «Fearless ឬ មិនភ័យខ្លាច», «Be Brave ឬ ត្រូវក្លាហាន» និង «Be Humble ឬត្រូវចេះបន្ទាបខ្លួន»។ ពាក្យទាំងនេះបង្ហាញនៅនឹងមុខ សម្រាប់ Baekhyun ហើយវាអាចសមនឹងអ្នកដែរ។ ត្រូវធ្វើជាមនុស្សដែលមានទំនុកចិត្ត និងឧស្សាហ៍ព្យាយាម ហើយទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវធ្វើល្អដាក់មនុស្សគ្រប់គ្នាដោយចិត្តល្អ និងការគោរព ពិសេសត្រូវចាំពីតម្លៃខ្លួនឯង។
២. អាចយកពេលរម្លឹករឿងពីក្មេង និងស៊ូជាថ្មី
ប្រសិនអ្នកមានអារម្មណ៍ថាខ្លួនឯងអន់ ឬទន់ជ្រាយ ដោយគ្មានក្ដីសង្ឃឹមអ្វីមួយ ដូច្នេះអាចចំណាយពេលទៅមើលអាងចិញ្ចឹមត្រី, កន្លែងក្មេងលេង សួនសត្វ ឬកន្លែងណាដែលពេញទៅដោយអនុស្សាវរីយ៍ពីក្មេង។ នោះភាពរីករាយនឹងវិលចូលក្នុងខ្លួនអ្នកដោយមិនបាច់ប្រឹងតាមរក។
៣. បើអ្នកហត់នឿយមកជាច្រើនថ្ងៃមកហើយ ដូច្នេះចូរឱបខ្លួនឯង ហើយទុកពេលសម្រាប់ខ្លួនឯង ឲ្យសម្រាកឲ្យបានធូរស្បើយសិនចុះ។
៤. «អ្នកជាមនុស្សដែលមានតម្លៃបំផុត! កុំស្អប់ខ្លួនឯងខ្លាំងពេក! ត្រូវរស់នៅ ដោយគិតថាអ្នកគឺជាមនុស្សអស្ចារ្យ!»
៥. «អ្នកត្រូវតែមើលថែខ្លួនឯងសិន មុនទៅមើលថែអ្នកដទៃ! ដូច្នេះអ្នកត្រូវរស់នៅឲ្យមានសុខភាពល្អ! ផ្លូវចិត្ត ឬផ្លូវកាយ អ្នកត្រូវតែមានសុខភាពល្អ ដើម្បីផ្ដល់ក្ដីស្រឡាញ់ឲ្យអ្នកផ្សេង»
៦. Baekhyun ធ្លាប់លើកឡើង ដោយបញ្ជាក់ន័យលើកទឹកចិត្តថា យើងគួរយកពេល មករៀនស្រឡាញ់ខ្លួនឯង ដូច្នេះគ្រាន់តែត្រូវការពេល ដើម្បីមកធ្វើជាម្ចាស់នៃដុងដែលយើងមានស្រាប់ បន្តអនុវត្តនូវការធ្វើល្អដាក់ខ្លួនឯង ដោយក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ ហើយថ្ងៃណាមួយអ្នកនឹងឃើញថា អ្នកនឹងចែងចាំងដូចពន្លឺតារា។
៧. «ប្រសិនបើមានអ្វីដែលអ្នកចូលចិត្ត និងអនុវត្តវារាល់ថ្ងៃ មានទាំងភាពក្លាហាន តែចេះបន្ទាប់ខ្លួន នោះនឹងមានពេលមួយដែលអ្នកអាចធ្វើជាម្ចាស់វាភ្លាម»
៨. បើអ្នកចង់យំ យំចុះ! មិនជាអ្វីនោះទេ
Baekhyun ថា៖ «ខ្ញុំមិនចង់អ្នកមានអារម្មណ៍ឈឺចាប់ឡើយ! យំចុះ បើអ្នកចង់! កុំទ្រាំទុកអី! យំចេញឲ្យអស់មក! ស្រកទឹកភ្នែក ឲ្យអារម្មណ៍មិនល្អទាំងនោះ វាហូរតាមទឹកភ្នែកឲ្យអស់! ត្រូវស្មោះត្រង់ជាមួយនឹងអារម្មណ៍របស់អ្នក! ធ្វើចិត្តអ្នកឲ្យមានសុខភាពល្អ»។
៩. «កុំព្យាយាមធ្វើខ្លួនឱ្យសមជាមួយមនុស្សជុំវិញខ្លួន។ អ្នករស់បានតែម្តងទេ ហើយខ្ញុំគិតថាយើងគួរតែផ្លាស់ប្តូរជីវិតរបស់យើងទៅមុខដោយខ្លួនឯង»
ក្នុងន័យនេះ Baekhyun ចង់មានន័យថា ត្រូវរៀនរស់តាមបែបអ្នក មិនត្រូវព្យាយាមធ្វើតាមអ្នកណាឡើយ។
១០. «ខ្ញុំនឹងនៅជាមួយអ្នកជានិច្ច! ដូចពន្លឺ ដែលអ្នកតែងតែឃើញអ៊ីចឹង»
១១. «ខ្ញុំសង្ឃឹមថា អ្នកយកភាពក្លាហាន និងនិយាយ “ទេ” ចំពោះអ្វីដែលអ្នកមិនចូលចិត្ត ដែលជាអ្វីដែលអ្នកស្អប់ ប៉ុន្តែដើម្បីរក្សាទំនាក់ទំនង អ្នកត្រូវជ្រើសរើសលះបង់ខ្លួនឯងខ្លះ ហើយវាមិនមែនជារឿងអាក្រក់អ្វីនោះទេដែលធ្វើបែបហ្នឹង! ប៉ុន្តែសូមប្រាកដក្នុងចិត្តថា កុំធ្វើឲ្យមានរឿងឈឹចាប់ ក្នុងដំណើរផ្លូវដែលអ្នកដើរ»។
១២. «យ៉ាងណា ក៏អ្នកគួរតែស្រឡាញ់ខ្លួនឯងឲ្យបានច្រើន។ ដើម្បីស្វែងរកអ្វីដែលអ្នកពិតជាចង់បាន និងទទួលខុសត្រូវចំពោះជម្រើសដែលអ្នកបានធ្វើ ក៏ដូចជាអ្វីដែលអ្នកអាចធ្វើបាន អ្នកគួរតែប្រឹងប្រែងឲ្យខ្លាំង ដើម្បីកុំឱ្យមានការសោកស្តាយដែលមិនបានធ្វើវា»៕