ម្ចាស់ជយលាភីទាំង៤រូបនៃពានរង្វាន់​សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ត្រូវបានរកឃើញបន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ

  • 2022-11-23 15:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យាស្ថានជាតិ​សហគ្រិនភាព និងនវានុវត្តន៍(NIEI) ក្រោមកិច្ចសហការក្នុងភាពជាដៃគូជាមួយ សហគ្រិនខ្មែរ (KE) បានរៀបចំ កម្មវិធីប្រគល់ពានរង្វាន់​សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នេះជាលើកទី៣ហើយដែលវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងសហគ្រិនខ្មែរ បានរួមគ្នាបង្កើតឱ្យមាន កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ក្នុងគោលបំណងអបអរសាទរ និងរៀបចំពានរង្វាន់សហគ្រិនថ្នាក់ជាតិសម្រាប់សហគ្រិនកម្ពុជា ឱ្យយល់ដឹងជាសាធារណៈ អំពីតួនាទីសំខាន់ៗរបស់សហគ្រិនក្នុងការគ្រប់គ្រងអាជីវកម្មធុនតូច និងមធ្យម ពង្រឹង និងពង្រីកភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈកសាងអនាគតសហគ្រិននៅប្រទេសកម្ពុជា។

តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញនិងប្រកបដោយសុក្រឹតភាពអស់រយៈពេលប្រមាណ៣ខែកន្លងមកនេះ កម្មវិធីបានរកឃើញបេក្ខជនជាជយលាភីចំនួន២០រូប មកពី៥តំបន់ផ្សេងៗគ្នានៅទូទាំងប្រទេសដើម្បីចូលរួមធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម និងសក្តានុពលរបស់ខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រនៅចំពោះមុខគណៈកម្មការចំនួន៧រូបដែលមកពីអង្គភាព-ស្ថាប័នចម្រុះ។

ជាលទ្ធផលកម្មវិធីក៏បានស្វែងរកឃើញម្ចាស់ជយលាភីពានរង្វាន់​សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ទំាង៤រូបដែលរួមមាន៖

ម្ចាស់ជយលាភីលេខ១ បានទៅលើលោក ឈរ រិទ្ធី (ក្រុមហ៊ុនខ្មែរ ហ្វ្រេសមិល ឯ.កមកពីខេត្តតាកែវ)

ម្ចាស់ជយលាភីលេខ២ បានទៅលើលោកស្រី ទ្រី មុយគា (សហគ្រាសផលិតឱសថប៉េប៉េអឹមមកពីរាជធានីភ្នំពេញ)

ម្ចាស់ជយលាភីលេខ៣ បានទៅលើលោកស្រី ងន វ៉ាន់ថា (សហគ្រាស Color Silk Enterprise មកពីរាជធានីភ្នំពេញ

ម្ចាស់ជយលាភីលេខ៤ បានទៅលើលោកស្រី ម៉ៅ សុធា (ក្រុមហ៊ុន SHE Agrocam Products Co., Ltd មកពីខេត្តកណ្តាល)។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ មានមោទកភាពដែលកម្មវិធីពានរង្វាន់​សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ទទួលបានការដាក់ពាក្យចូលរួមរហូតដល់២៥៤ក្រុមហ៊ុន ខ្ពស់ជាងឆ្នាំមុនប្រមាណ២១%ពីទូទាំងប្រទេសកម្ពុជាមាន២៥រាជធានី-ខេត្ត ដែលបែកចែកទៅជា៥តំបន់ រួមមានតំបន់​បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កណ្តាល និងតំបន់កំពត។

កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ នេះត្រូវបានបញ្ចប់វគ្គប្រកួតផ្ដាច់ព្រ័ត្រដោយជោគជ័យក្រោមអធិបតីភាពថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ធនាគារ ព្រីនស៍ព្រមទាំងស្ថាប័នពាក់ព័ន្ធនានាមកពីវិស័យសាធារណៈ និងឯកជនជាច្រើនរូប។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍គឺជាគ្រឹះស្ថានជាតិផ្តល់នូវជំនាញសហគ្រិនភាព បច្ចេកទេស និងវិជ្ជាជីវៈដែលត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ តាមរយៈការប្រើប្រាស់នូវសម្ភារបណ្តុះបណ្តាលទំនើបៗជាមួយសាស្ត្រាចារ្យឯកទេសដែលមានគុណវុឌ្ឍិខ្ពស់។

សហគ្រិនខ្មែរត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងគោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សហគ្រិនភាពតាមរយៈការគាំទ្រទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពដូចជា វិស័យព័ត៌មានវិទ្យា សេវាកម្ម កម្មន្តសាល និងផលិតកម្មឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

អត្ថបទថ្មី