តារាវ័យក្មេងទាំងពីរដួងនេះ អះអាងដូចគ្នាមុនប្រឡងបាក់ឌុប ឥឡូវក៏ទន្ទឹងលទ្ធផលនៅចុងខែនេះដូចគ្នា

  • 2022-12-08 07:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលពីរថ្ងៃ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២២ បានបញ្ចប់ទៅហើយ នៅឡើយតែបេក្ខជនអ៊ុតលទ្ធផលនាចុងខែធ្នូ នេះ ប៉ុណ្ណោះ។ ដោយឡែកវត្ដមានរបស់តារាវ័យក្មេងពីរដួងនៅមណ្ឌលប្រឡងឆ្នាំនេះ សុទ្ធតែមានក្ដីសង្ឃឹមលើភាគរយជាប់បាក់ឌុបដូចគ្នា។

តារាសម្ដែងស្រី អាង សុជាតា ហៅឈូឈូ រំលឹកថា ជិតដល់ថ្ងៃប្រឡងកញ្ញាផ្អាកទទួលការងារសិល្បៈជាច្រើន ដើម្បីទុកពេលទន្ទេញមេរៀន និងត្រៀមចិត្ដប្រឡងឲ្យបានល្អ។ ឆ្លងកាត់ការប្រឡងទាំងពីរថ្ងៃ កញ្ញាថាធ្វើបានច្រើន ហើយភាគរយជាប់នោះក៏មានច្រើនដែរ ប៉ុន្ដែបើលទ្ធផលចេញមកផ្ទុយពីការគិតវិញនោះ កញ្ញាក៏ព្រមទទួលយកមិនអន់ចិត្ដឡើយ។

កញ្ញា អាង សុជាតា៖ “និយាយទៅការងារក៏សំខាន់ រៀនក៏សំខាន់…ឥឡូវបើមិនបាននិទ្ទេសល្អទេ បានត្រឹម “E” ក៏បានឲ្យតែជាប់ តែបើអត់ជាប់ដាក់រៀនស្វ័យរិន ឆ្នាំក្រោយទៀត ខំរៀនទាល់តែចប់”។

ចំណែកតារាចម្រៀងមានល្អិត ពេជ្រ ថៃ វិញក៏អះអាងថា មុនប្រឡងប្រហែល ១សប្ដាហ៍ រូបលោកក៏ផ្អាកទទួលការងារថត ហើយខិតខំរៀនណាស់ដែរ។ ប៉ុន្ដែពេជ្រ ថៃ មិនបានបញ្ជាក់ក្រោយការប្រឡងថាខ្លួនដោះស្រាយលំហាត់ប្រឡងបានច្រើនកម្រិតណានោះទេ ដោយលោកគ្រាន់តែបង្ហាញក្ដីសង្ឃឹមថារូបលោក និងបេក្ខជនប្រឡងដទៃទៀតនឹងទទួលបានជោគជ័យដូចគ្នា។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ៥ធ្នូ ២០២២ គេឃើញវត្ដមានតារាចម្រៀង ពេជ្រ ថៃ ប្រឡងនៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ ខេត្ដបាត់ដំបង។ រីឯតារាសម្ដែង អាង សុជាតា វិញ ប្រឡងនៅមណ្ឌលសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញ៕

ជិន សុភ័ក្ដ្រ