បច្ចុប្បន្នភាព ជំនួយសប្បុរសធម៌សម្រាប់ព្រឹទ្ធាចារ្យ គង់ ណៃ គិតត្រឹមថ្ងៃទី៩ ខែធ្នូ នេះ

  • 2022-12-09 02:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លំហូរសាច់ប្រាក់ចូលក្នុងគណនីធនាគារលោក គង់ សម័យ ដែលត្រូវជាកូនប្រុសលោកតា គង់ ណៃ សម្រាប់ជ្រោមជ្រែងជីវភាព និងដោះស្រាយថ្លៃព្យាបាលជំងឺលោកតា បានថយចុះខ្លាំង បន្ទាប់ពីផលិតកម្មបារមី បើកដំណើរការរ៉ៃអង្គាសមូលនិធិនេះអស់រយៈពេលជាង ១ខែ។

លោក គង់ សម័យ បានប្រាប់Sabay ថា ថវិកាដែលជាជំនួយសប្បុរសធម៌របស់មហាជនបានបរិច្ចាគរយៈពេលពីរបីថ្ងៃដំបូង គឺលោតរហូតដល់២០០០ ទៅ៣០០០ដុល្លារ ក្នុង១ថ្ងៃ ប៉ុន្ដែគិតមកដល់ដើមខែធ្នូ ឆ្នាំ២០២២ មានលុយចូលប្រហែល ១០០ដុល្លារប៉ុណ្ណោះក្នុង១ថ្ងៃ ហើយគិតត្រឹមថ្ងៃទី៩ ខែធ្នូ នេះ ជំនួយសរុបបាន១៧,០០០ដុល្លារ។

ដើម្បីជាការតបស្នងស្នាដៃ និងបង្កើនភាពល្បីល្បាញសិល្បៈចម្រៀងចាប៉ីដល់លោកតា គង់ ណៃ តាមរយៈបទ "Time to rise”ដែលច្រៀងរួមគ្នាជាមួយវណ្ណដា មានអ្នកចូលទស្សនារហូតដល់ ១០០លានដង ទើបផលិតកម្មបារមី ផ្ដួចផ្ដើមគំនិតរ៉ៃអង្គាសថវិកាជួយលោកតា គង់ ណៃ។ បារមីបានដាក់គោលដៅរ៉ៃអង្គាសឲ្យបាន ១០០លានរៀល ឬស្នើនិង ២៥០០០ដុល្លារ ដោយប្រើរយៈពេល​ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ទាក់ទងមូលនិធិជួយលោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលមានវ័យជរាកំពុងមានជំងឺសួត និងទឹកនោមផ្អែមនេះ លោក គង់ សម័យ និងលោក គង់ បូរាណ ដែលត្រូវជាកូនប្រុសរបស់លោក និយាយដូចគ្នាថា បើទោះបីជាដល់ថ្ងៃទី៣១ ខែធ្នូ ដែលពេលបញ្ចប់សកម្មភាពរ៉ៃអង្គាសមូលនិធិ តែមិនបានគ្រប់ចំនួនតាមការគ្រោងទុក ក៏ពួកលោកនៅតែត្រេកអរចំពោះផលិតកម្មបារមីដែលបានផ្ដួចផ្ដើមគំនិត ហើយក៏អគុណខ្លាំងចំពោះមហាជនដែលជាសប្បុរសជនស្រឡាញ់គាំទ្រគ្រួសារលោក និងស្រឡាញ់វិស័យសិល្បៈខ្មែរ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី